ប៉ុន្មានម៉ោងក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសសង្រ្គាមតាមសុន្ទរកថារបស់លោកលើទូរទស្សន៍ កាលពីមុនព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី ២៤ កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គមដែលរស់នៅក្នុងបណ្តាប្រទេសជិតខាងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមបង្កើតក្រុមតាមអនឡាញដើម្បីគាំទ្រដល់ជនភៀសខ្លួនអ៊ុយក្រែន។
គិតត្រឹមល្ងាចថ្ងៃសុក្រ ទី ២៥ ខែកុម្ភៈនេះ មានមនុស្សយ៉ាងតិចណាស់ ១ សែននាក់ បានចុះឈ្មោះចូលជាសមាជិកក្រុមផ្សេងៗនៅលើ Facebook និងបណ្តាញសង្គមផ្សេងៗទៀត ដោយផ្តល់ប្រាក់កាសផ្ទះសម្បែង និងសេវាដឹកជញ្ជូនប្រជាពលរដ្ឋអ៊ុយក្រែនដែលភៀសខ្លួនចេញពីការឈ្លានពានរបស់រុស្ស៊ី។
គិតត្រឹមថ្ងៃសុក្រ ប្រជាពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់ភាគច្រើនជាស្ត្រី និងកុមារ បានឆ្លងដែលចូលទៅក្នុងប្រទេសប៉ូឡូញ រូម៉ានី ហុងគ្រី និងប្រទេសស្លូវ៉ាគី ខណៈដែលយោធារុស្ស៊ីបានបាញ់មីស៊ីលលើរដ្ឋធានីកៀវ ហើយចំណែកបុរសអ៊ុយក្រែនវិញ ដែលមានអាយុអាចប្រយុទ្ធបាន ត្រូវបានរដ្ឋាភិបាលបង្គាប់ឱ្យបន្តស្ថិតនៅក្នុងប្រទេស។
អ្នកស្រី Malgorzata Krentowska គឺជាពលរដ្ឋប៉ូឡូញម្នាក់ក្នុងចំណោមប្រជាពលរដ្ឋប៉ូឡូញជាច្រើន ដែលបានចូលរួមជាសមាជិកក្នុងក្រុមមួយនៅលើបណ្តាញសង្គម Facebook ដែលមានសមាជិក ៣.៥០០ នាក់។ អ្នកស្រីបានសរសេរនៅលើបណ្តាញសង្គម Facebook ថា៖ «អ៊ុយក្រែន ខ្ញុំនឹងជួយអ្នក!» ដោយអ្នកស្រីបានផ្តល់ផ្ទះល្វែងដែលមិនមានអ្នកស្នាក់នៅមួយខ្នងនៅភាគខាងត្បូងប្រទេសប៉ូឡូញឲ្យជនភៀសខ្លួនអ៊ុយក្រែនស្នាក់នៅ បើសិនជាពួកគេត្រូវការ។
អ្នកស្រីបានសរសេរបន្ថែមទៀតថា៖
«ជីដូនរបស់ខ្ញុំបានកើតនៅទីនោះ [អ៊ុយក្រែន] ក្នុងឆ្នាំ១៩១២ ហើយម្តាយរបស់ខ្ញុំ ធ្លាប់ប្រាប់ខ្ញុំពីរឿងនិទានរបស់រុស្ស៊ីដែលខ្ញុំនៅតែចងចាំយ៉ាងច្បាស់។ បើអ្នកណាចង់ស្នាក់នៅទីនោះ ខ្ញុំឲ្យកូនសោផ្ទះនោះទៅអ្នកបាន។ នៅទីនោះ មានទឹកត្រជាក់ និងអគ្គិសនី»។
ក្រុមមួយទៀតនៅលើបណ្តាញសង្គម Facebook ឈ្មោះថា 'Aid to Ukraine' ដែលមានន័យថា «ជំនួយដល់អ៊ុយក្រែន» មានមនុស្សចុះឈ្មោះជាសមាជិកជិត ១ សែន ៤ ពាន់នាក់ ចាប់តាំងពីក្រុមនេះ ត្រូវបានបង្កើតឡើងដោយសហគ្រិនជនជាតិប៉ូឡូញ ម្នាក់ គឺអ្នកស្រី Marta Lisowska កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ខែកុម្ភៈកន្លងទៅនេះ។
អ្នកស្រី Lisowska បានប្រាប់ទីភ្នាក់ងារសារព័ត៌មានReuters ថា ការស្លាប់របស់ម្តាយអ្នកស្រី បានជំរុញឱ្យអ្នកស្រីជួយមនុស្សដទៃ ហើយឆាប់ៗនេះអ្នកស្រីសង្ឃឹមថា នឹងបានស្វាគមន៍ជនភៀសខ្លួនចូលទៅស្នាក់នៅក្នុងផ្ទះល្វែងចាស់មួយរបស់អ្នកស្រីនៅក្រុង Gdansk នៅលើឆ្នេរសមុទ្របាល់ទិក។
ក្រុម 'Host a Sister' ដែលមានន័យថា «ធ្វើជាម្ចាស់ផ្ទះទទួលបងប្អូនស្រី» ដែលជាបណ្តាញជួយសមាជិកផ្តល់កន្លែងស្នាក់នៅឲ្យគ្នាទៅវិញទៅមកដោយមិនគិតថ្លៃ បានបន្ថែមសមាជិកថ្មីចំនួន ១ ម៉ឺននាក់ នៅក្នុងសប្តាហ៍ចុងក្រោយនេះ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រុមនេះ ខណៈដែលស្ត្រីមកពីប្រទេសជិតខាងប្រញាប់ប្រញាល់ ផ្តល់ផ្ទះរបស់ពួកគេឲ្យជនភៀសខ្លួនស្នាក់នៅ។
ទន្ទឹមនឹងនេះផងដែរ នៅក្នុងទីក្រុង Poznan ក្រុមដែលមានសមាជិក ៧០០ នាក់ ដែលមានឈ្មោះថា 'Kejterski Patrol' បានផ្តល់ជំនួយដល់មនុស្សដែលរត់គេចជាមួយសត្វឆ្កែចិញ្ចឹមរបស់ពួកគេដោយផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងជួយបណ្តើរសត្វទាំងនោះចេញក្រៅផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់