រដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសចិន លោក Qin Gang បានបញ្ចប់ទស្សនកិច្ចអន្តរជាតិលើកទីមួយរបស់លោកនៅអាហ្វ្រិកក្នុងសប្តាហ៍ទីបីនៃខែមករា ដោយលោកបានទៅកាន់ប្រទេសប្រាំ គឺប្រទេសអេត្យូពី ហ្គាបុង បេណាំង អង់ហ្គោឡា និងប្រទេសអេហ្ស៊ីប ហើយលោកបានគូសបញ្ជាក់ថា ប្រទេសចិនមិនយល់ថាទ្វីបនោះជាសង្វៀនមួយសម្រាប់ការប្រយុទ្ធដណ្តើមអំណាចរវាងលោកខាងលិច និងរដ្ឋាភិបាលក្រុងប៉េកាំងទេ។
លោក Qin ដែលជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំស.រ.អ.បាននិយាយនៅក្នុងសន្និសីទកាសែតមួយនាទីក្រុងអាឌីសអាបេបា ដែលជាកន្លែងឈប់សំចតទីមួយរបស់លោកថា៖ «ទ្វីបអាហ្វ្រិកគួរតែជាវេទិកាធំមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនមែនជាសង្វៀនមួយសម្រាប់ការប្រកួតប្រជែងរវាងពួកប្រទេសមានអំណាចខ្លាំងទេ»។
លោក Qin បានថ្លែងថា៖ «ទំនាក់ទំនងរវាងប្រទេសចិននិងស.រ.អ.មិនគួរជាការប្រកួតប្រជែងមួយ ឬជាការប្រកួតប្រជែងដាច់ណាត់មួយដែលពង្រីកការចំណេញរបស់ប្រទេសមួយលើប្រទេសមួយទៀត ហើយបើមិនដូច្នេះទេវាគ្រាន់តែនាំឱ្យមានផលមិនល្អដល់ភាគីទាំងពីរនិងពិភពលោកផងដែរ»។
ក្នុងពេលជាងបីទសវត្សរ៍មកហើយ វាជាប្រពៃណីមួយដែលប្រមុខការទូតចិនធ្វើដំណើរទស្សនកិច្ចលើកទីមួយទៅអាហ្វ្រិក។ លោកប្រធានាធិបតី Xi Jinping ដែលកាន់អំណាចចូលដល់ទសវត្សរ៍ទីពីរ បានបណ្តាក់ទុនច្រើនក្នុងទ្វីបនេះតាមរយៈការផ្តើមគំនិតរបស់លោកអំពីផ្លូវក្រវាត់ពាណិជ្ជកម្ម ដែលត្រូវបានពង្រីកតាំងពីការចាប់ផ្តើមដំបូង ហើយមានរួមវិនិយោគទុនចិនក្នុងគម្រោងការដែលកសាងផ្លូវពាណិជ្ជកម្មនៅលើដីនិងតាមសមុទ្រទៅកាន់ទ្វីបនានានៅទូទាំងពិភពលោក។
ពួកអ្នកវិភាគខ្លះនិយាយថា នៅពេលនេះស.រ.អ.កំពុងតាមឱ្យទាន់ចិននៅអាហ្វ្រិកដែលជាទ្វីបសំបូរប្រភពធនធានធម្មជាតិ និងមានកំណើនប្រជារាស្រ្ត។ កាលពីខែធ្នូ ប្រធានាធិបតីស.រ.អ.លោក Joe Biden បានចាត់ចែងសន្និសីទកំពូលនៃពួកមេដឹកនាំអាហ្វ្រិកនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយកាលពីឆ្នាំទៅក្រុមមន្ត្រីជាន់ខ្ពស់ស.រ.អ.បានទៅបំពេញទស្សនកិច្ចក្នុងទ្វីបនោះផងដែរ។
អ្នកស្រី Lauren Johnston ជាអ្នកស្រាវជ្រាវអំពីទំនាក់ទំនងរវាងប្រទេសចិននិងទ្វីបអាហ្វ្រិកនៅឯវិទ្យាស្ថានកិច្ចការអន្តរជាតិនៃប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកស្រីបាននិយាយថា៖
«ខ្ញុំយល់ថាប្រទេសអាមេរិកបានផ្តល់អាទិភាពនយោបាយដល់អាហ្វ្រិកនៅក្នុងការប្រកួតប្រជែងបច្ចុប្បន្ននៅដំណាក់កាលមួយយឺតជាងចិន...តើអាមេរិកយឺតក្នុងការប្រកួតប្រជែងនេះឬទេ? អាមេរិកប្រាកដជាយឺតជាងចិន»។
ប្រទេសអេត្យូពី
នៅទីក្រុងអាឌីសអាបេបា ដែលទីស្នាក់ការធំរបស់សហភាពអាហ្វ្រិកស្ថិតនៅទីនោះ លោក Qin បានសម្ពោធយ៉ាងអ៊ឹកធឹកនូវមជ្ឈមណ្ឌលអាហ្វ្រិកថ្មីខាងគ្រប់គ្រងជំងឺកសាងដោយចិនអស់ប្រាក់៨០លានដុល្លារដែលជាផ្នែកមួយនៃ«ផ្លូវសូត្រសុខភាព»របស់ប្រទេសចិន។
ជាដំបូងឡើយ មជ្ឈមណ្ឌលនេះត្រូវបានគ្រោងជាកិច្ចសហការគ្នារវាងស.រ.អ. ប្រទេសចិន និងទ្វីបអាហ្វ្រិក។ តែទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលប៉េកាំងរអាក់រអួលនៅក្រោមរដ្ឋបាលលោក Trump ដោយសារស.រ.អ.ខ្វល់ខ្វាយអំពីការប្រថុយប្រថានដែលចិនអាចធ្វើចារកម្មនិងលួចទិន្នន័យហ្សែន។ រដ្ឋាភិបាលប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនេះហើយថាជា«ការគួរឱ្យអស់សំណើច»។
រដ្ឋបាលលោក Trump ក៏បានដកស.រ.អ.ចេញពីអង្គការសុខភាពពិភពលោកដែរ។ ភាពដៃគូសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៅអាហ្វ្រិក (African CDC) បានរលំហើយកិច្ចព្រមព្រៀងនេះត្រូវបានរៀបចំជាថ្មី ជាភាពដៃគូមួយរវាងប្រទេសចិននិងសហភាពអាហ្វ្រិកវិញ។
លោក Paul Nantulya ជាអ្នកស្រាវជ្រាវជំនួយនៅមជ្ឈមណ្ឌលអាហ្វ្រិកខាងការសិក្សាយុទ្ធសាស្ត្រ។ លោកបាននិយាយប្រាប់វីអូអេថា ការសម្ពោធអគារនេះមាន«សារៈសំខាន់ណាស់ដែលចិនបញ្ជាក់អំពីការប្តេជ្ញារបស់ខ្លួនដល់ការគ្រប់គ្រងជំងឺឆ្លងនៅលើទ្វីបនេះ។ ដូច្នេះការណ៍នេះជាជ័យជម្នះការទូតមួយនៅទីនោះ»។
លោក Nantulya បានកត់សម្គាល់ថាប្រទេសអេត្យូពីជាកន្លែងឈប់សំចតសំខាន់មួយសម្រាប់រដ្ឋមន្ត្រីការបរទេសចិន ពីព្រោះសង្គ្រាមពីរឆ្នាំមកហើយក្នុងតំបន់ Tigray ធ្វើឱ្យខូចប្រយោជន៍ធុរកិច្ចចិនហើយកម្មករចិនរាប់រយនាក់ត្រូវបានជម្លៀស។ រដ្ឋាភិបាលប៉េកាំងក៏បានប្រឹងប្រែងក្នុងមុខនាទីរកសន្តិភាពដែរ ទោះជាសហភាពអាហ្វ្រិកបានធ្វើឱ្យមានកិច្ចឈប់បាញ់គ្នាមួយកាលពីឆ្នាំទៅក៏ដោយ។ នៅក្នុងទស្សនកិច្ចរបស់លោក លោក Qin បានសន្យាគាំទ្រការប្រឹងប្រែងកសាងតំបន់នោះជាថ្មីដែលកំពុងដំណើរការ។
ប្រទេសអេត្យូពីជំពាក់ប្រាក់ចិនច្រើន គឺប្រមាណ១៣,៧ពាន់លានដុល្លារ។ មានរបាយការណ៍ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក លោក Qin បានប្រកាសលុបចោលផ្នែកខ្លះនៃបំណុលនេះ។ តួលេខប្រាក់បំណុលដែលត្រូវបានលុប មិនត្រូវលាតត្រដាងឱ្យដឹងទេ។
អ្នកស្រី Johnston បានបន្ថែមថា៖ «គ្មានការផ្សព្វផ្សាយអំពីអ្វីដែលត្រូវបានយល់ព្រមអំពីការលុបចោលផ្នែកខ្លះនៃបំណុលទាំងនេះទេ គឺគ្រាន់តែមានការនិយាយអំពីការសម្រាលបំណុលតែប៉ុណ្ណោះ។ ប្រទេសចិនមានទម្លាប់សម្រាលបំណុលលើប្រាក់កម្ចីមិនយកការប្រាក់ ដែលមានចំនួនតិចតួចណាស់។ ប្រសិនបើវាជាអ្វីច្រើនជាងប្រាក់កម្ចីគ្មានការប្រាក់ នោះវាអាចច្រើននិងមានសារៈសំខាន់ជាងនេះ»។
ពួកប្រទេសលោកខាងលិចបានចោទប្រកាន់ចិនជាញឹកញយថាអនុវត្ត«ការទូតអន្ទាក់បំណុល»ដោយប្រឹងប្រែងឱ្យមានឥទ្ធិពលលើក្រុមប្រទេសកំពុងអភិវឌ្ឍដែលជំពាក់បំណុលខ្លួន។ លោក Qin បានច្រានចោលការចោទប្រកាន់នេះនៅទីក្រុងAddis Ababa ដោយបាននិយាយអះអាងថា៖ «ប្រទេសចិនតែងតែសន្យាថាជួយអាហ្វ្រិកឱ្យសម្រាលបន្ទុកបំណុលរបស់ខ្លួន»។
លោកបានថ្លែងថាប្រទេសចិនបានចូលរូមដោយសកម្មក្នុងការផ្តើមគំនិតផ្អាកសេវាបំណុលរបស់ក្រុមប្រទេស G-20 ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឬបានសម្រេចការព្រមព្រៀងជាមួយប្រទេសអាហ្វ្រិក១៩អំពីការសម្រាលបំណុលឬមួយផ្អាកការបង់សេវាប្រាក់បំណុលភាគច្រើនក្នុងចំណោមពួកប្រទេសសមាជិកនៃក្រុម G-20។
កន្លែងឈប់សំចតឯទៀតៗ
ទស្សនកិច្ចរបស់លោក Qin នៅប្រទេសហ្គាបុងនិងប្រទេសបេណាំងនាំឱ្យពួកអ្នកតាមមើលប្រទេសចិនខ្លះមានការភ្ញាក់ផ្អើល តែលោក Nantulya និយាយថាទស្សនកិច្ចក្នុងប្រទេសពីរនេះជាផ្នែកមួយនៃកំណើនការទាក់ទងរបស់ចិនជាមួយពួកប្រទេសប្រើភាសាបារាំងនៅប៉ែកខាងលិចនៃទ្វីបអាហ្វ្រិក។
លោកបានកត់សម្គាល់ថាចិនកំពុងកសាងអគារមួយ ដូចដែលខ្លួនបានកសាងឱ្យសហភាពអាហ្វ្រិកនៅទីក្រុងអាឌីសអាបេបាដែរ គឺទីស្នាក់ការធំថ្មីរបស់សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)។
នៅក្នុងប្រទេសបេណាំង លោក Qin បានថ្លែងថា៖ «សំណើរបស់ខ្ញុំគឺថា យើងធ្វើការជាមួយគ្នាដើម្បីឧបត្ថម្ភផ្ចុងផ្តើមសហការរវាងផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រទេសបេណាំងនិងក្រវាត់ផ្លូវពាណិជ្ជកម្ម...ដើម្បីឱ្យដឹងអំពីវិស័យសកម្មភាពថែមទៀតនិងអត្រានៃការលូតលាស់សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង។ ខ្ញុំគិតអំពីហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការហ្វឹកហ្វឺនធនធានមនុស្ស ផលិតកម្ម សន្តិភាព និងសន្តិសុខ»។
នៅក្នុងទីក្រុង Luanda លោក Qin បានប្រារព្ធខួបទី៤០នៃទំនាក់ទំនងការទូតរវាងប្រទេសចិននិងប្រទេសអង់ហ្គោឡា។
លោក Nantulya បានសន្និដ្ឋានថា៖ «ប្រទេសអង់ហ្គោឡាជាដៃគូសន្តិសុខសំខាន់មួយរបស់ចិន តែក៏ជំពាក់លុយចិនច្រើនដែរ ដោយ៤០%នៃបំណុលរបស់ប្រទេសនេះជាប្រាក់កាសរបស់ចិន។ លោក Qin បានពិភាក្សាអំពីប្រាក់បំណុលនៅក្នុងប្រទេសអេត្យូពី ដូច្នេះលោកមានការពិភាក្សាដូចគ្នានេះដែរជាមួយរដ្ឋាភិបាលអង់ហ្គោឡា»។
ប្រទេសអេហ្ស៊ីបមានសារៈសំខាន់ខាងយុទ្ធសាស្ត្រសម្រាប់ចិនដោយសារព្រែកជីក Suez និងវិនិយោគទុនជាច្រើនរបស់ខ្លួននៅទីនោះ ដោយមានរួមការកសាងរដ្ឋធានីរដ្ឋបាលថ្មីនៅខាងក្រៅក្រុងគែរផងដែរ។ ក្រៅពីជំនួបជាមួយពួកមន្ត្រីរដ្ឋាភិបាលអេហ្ស៊ីប លោក Qin ក៏បានជួបជាមួយពួកមន្ត្រីសម្ព័ន្ធអារ៉ាប់ផងដែរ។
នៅក្នុងសន្និសីទកាសែតមួយនៅពេលបន្ទាប់មក លោក Qin បាននិយាយអំពីជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដោយលោកបានថ្លែងថាអ៊ីស្រាអែលគួរ«បញ្ឈប់ការញុះញង់និងការបង្ករឿងទាំងអស់ ហើយគួរទប់ចិត្តមិនធ្វើសកម្មភាពជាឯកតោភាគីណាមួយដែលអាចនាំឱ្យស្ថានភាពរឹតតែអាក្រក់ជាងមុន»។
អ្នកស្រី Johnston បានថ្លែងថា របៀបនិយាយមានន័យខ្លាំងៗនៃអត្ថាធិប្បាយរបស់លោក Qin បាននាំឱ្យមានការភ្ញាក់ផ្អើលហើយអាចជាសញ្ញាថាលោកជារដ្ឋមន្ត្រីការបរទេសម្នាក់ដែលមានរបៀបធ្វើការប្លែកពីពួកអ្នកកាន់តំណែងនេះមុនលោក។
អ្នកស្រីបានពោលថា៖ «នៅពេលលោក Qin ជាឯកអគ្គរដ្ឋទូតនៅស.រ.អ. គេបានស្គាល់លោកដោយសារសេចក្តីថ្លែងការណ៍របស់លោកនាំឱ្យសង្កៀរត្រចៀក។ ការណ៍នេះប្រហែលមកពីលោកធ្លាប់ធ្វើការនៅអាមេរិក ហើយលោកបានចេញពីស.រ.អ.ជាមួយទស្សនៈផ្ទាល់របស់លោកដែលលោកមានដោយសារបានទាក់ទងជាមួយរង្វង់គោលនយោបាយទាំងនោះ...ឬមួយលោកមានមុមនិងទស្សនៈផ្សេងអំពីការទូតសាកលដោយផ្អែកលើទំនាក់ទំនងខាងការទូតរបស់លោកនៅអាមេរិក»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ