រដ្ឋសភាទី១១៥ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ នឹងក្លាយជាសភាដែលមានជាតិសាសន៍ចម្រុះបំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិក។
អ្នកនយោបាយភាគតិចច្រើនបំផុតនៅក្នុងសភាទី១១៥នេះ គឺជាសមាជិកគណបក្សប្រជាធិបតេយ្យ។ ក្នុងចំណោមអ្នកតំណាងរាស្ត្រអាមេរិកាំងដើមកំណើតអាហ្វ្រិក៤៩នាក់ មានតែ៣នាក់ប៉ុណ្ណោះជាសមាជិកគណបក្សសាធារណរដ្ឋ។
សមាជិកសភាអាមេរិកាំងដើមកំណើត Hispanic ឬអ្នកនិយាយភាសាអេស្ប៉ាញ និងអាស៊ីក៏មានវត្តមានច្រើនបំផុតមិនធ្លាប់មាននៅក្នុងសភានេះផងដែរ។ តំណាងរាស្រ្តនិយាយភាសាអេស្ប៉ាញ ៣៨នាក់នឹងកាន់តំណែងនៅក្នុងសភាទាំងពីរថ្នាក់។ សមាជិកសភាអាមេរិកាំងដើមកំណើតអាស៊ី១៥នាក់នឹងចូលកាន់តំណែង ដែលក្នុងនោះ១១នាក់គឺជាសមាជិកនៃសភាអាណត្តិមុន។
លោក Ami Bera អ្នកតំណាងឲ្យរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យនឹងចូលរួមជាមួយនឹងសមាជិកសភា៣នាក់ទៀត រួមជាមួយនឹងលោកស្រីសមាជិកព្រឹទ្ធសភា Kamala Harris ដែលឪពុកលោកស្រីមកពីប្រទេសហ្សាម៉ាអ៊ីក (Jamaica) ហើយម្តាយមកពីប្រទេសឥណ្ឌា។ លោកស្រីគឺជាកូនរបស់អ្នកមកពីអាស៊ីខាងត្បូងដំបូងបង្អស់ដែលនឹងកាន់តំណែងនៅក្នុងព្រឹទ្ធសភា និងជាស្ត្រីសម្បុរខ្មៅទីពីរ។
ចំនួនស្ត្រីដែលនឹងកាន់តំណែងនៅក្នុងព្រឹទ្ធសភានឹងមានចំនួន២១នាក់។
ប៉ុន្តែចំនួនស្ត្រីសរុបនៅសភាទី១១៥នេះមិនខុសពីសភាមុនឡើយ ដែលចំនួនសរុប១០៤នាក់ ឬស្មើនឹង១៩ភាគរយ។ តួលេខនេះរាងខុសពីមធ្បមភាគជនជាតិអាមេរិកាំងសុទ្ធសាធ ដែលមាន៥០ភាគរយជាស្ត្រី។
តួលេខអ្នកតំណាងរាស្រ្ត LGBTQ ដែលរួមទាំងអ្នកប្ដូរភេទឬស្រឡាញ់ភេទដូចគ្នា និងអ្នកដែលមិនកាន់សាសនាគ្រិស្តក្នុងឆ្នាំនេះមិនផ្លាស់ប្ដូរនោះទេ៕