លោកស្រី ថាក់ ឡានី បានចូលប្រឡូកក្នុងវិស័យនយោបាយជាច្រើនឆ្នាំមកហើយ ប៉ុន្តែ គេកម្រឃើញលោកស្រី ចេញមុខចេញមាត់ ឬថ្លែងជាសាធារណៈ ទាក់ទងនឹងនយោបាយណាស់។ ថ្មីៗនេះ គេឮឈ្មោះលោកស្រីជាញឹកញាប់តាមរយៈរឿងក្តីក្តាំជាមួយនឹងលោក ហ៊ុន សែន។
លោកស្រី ថាក់ ឡានី គឺជាសមាជិកព្រឹទ្ធិសភាមកពីគណបក្ស សម រង្ស៊ី ក្នុងនិតិកាលទីបី។ នៅក្នុងតំណែងជាសមាជិកព្រឹទ្ធសភា លោកស្រីកាន់កាប់ភូមិភាគទី២។
បច្ចុប្បន្នលោកស្រីត្រូវបានតុលាការដាក់ទោស បន្ទាប់ពី លោក ហ៊ុន សែន បានប្តឹង លោកស្រី កាលពីថ្ងៃទី១ ខែសីហា។ លោក ហ៊ុន សែន តាមរយៈមេធាវីតំណាងរបស់លោក បានប្តឹងលោកស្រី ថាក់ ឡានី ពីបទពាក់ព័ន្ធនឹងការថ្លែងថា លោក ហ៊ុន សែន គឺជាអ្នកនៅពីក្រោយឃាតកម្មលើលោកកែម ឡី។ លោកស្រី ថាក់ ឡានីបានបដិសេធ ហើយប្រាប់ទៅសារព័ត៌មានក្នុងស្រុកថា ពាក្យសម្តីរបស់លោកស្រីត្រូវបានគេកាត់ត។
អតីតភាពរបស់លោកស្រីថាក់ ឡានី
លោកស្រី ថាក់ ឡានីកើតនៅក្នុងខែកក្កដា ឆ្នាំ១៩៥៥ មានស្រុកកំណើតនៅភូមិលំផាត់ ឃុំលំផាត់ ស្រុកជ័យឧត្តម ខេត្តរតនគិរី។
លោកស្រី ថាក់ ឡានី ជាអតីតសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងទីក្រុងភ្នំពេញនិងបានរៀនចប់សញ្ញាប័ត្រមធ្យមសិក្សាកម្រិតទី២ ក្នុងឆ្នាំ១៩៧២។
លោកស្រីចេះភាសាឡាវយ៉ាងស្ទាត់ជំនាញនិងចេះភាសាបារាំងកម្រិតមធ្យម។ អ្នកដែលរួមការងារជាមួយលោកស្រីបានប្រាប់VOAថា គេកម្រឮលោកស្រីនិយាយភាសាបរទេសណាស់។ លោកស្រីចេះភាសាឡាវ គឺមកពីលោកស្រីធំធាត់ឡើងក្នុងខេត្តរតនគិរីដែលជាខេត្តមានព្រំប្រទល់ជាប់នឹងឡាវ។
សព្វថ្ងៃនេះ លោកស្រី ថាក់ ឡានី មានសមាជិកគ្រួសារតែពីរនាក់ប៉ុណ្ណោះគឺលោកស្រី និងស្វាមី។ ស្វាមីបច្ចុប្បន្នរបស់លោកស្រីជាស្វាមីទី២ ជួបគ្នាក្រោយសម័យខ្មែរក្រហម។ ស្វាមីរបស់លោកស្រីជាមន្ត្រីចូលនិវត្តគឺលោក ឈុន ប៊ុនសាន។ លោក ប៊ុនសាន មានវ័យជាង៧០ឆ្នាំហើយ។
លោក ប៊ុនសាន ជាអតីតទាហានសម័យសាធារណរដ្ឋកម្ពុជាក្រោមការគ្រប់គ្រង់របស់លោកសេនាប្រមុខ លន់ នល់។ សព្វថ្ងៃលោកពុំប្រកបមុខរបរអ្វីនោះទេ ប៉ុន្តែលោកគឺជាលេខាផ្ទាល់និងជាអ្នកបើករថយន្តជូនលោកស្រី ថាក់ ឡានីទៅធ្វើការ និងចុះបេសកកម្ម ដោយឆ្លាស់គ្នាជាមួយអ្នកបើករថយន្តរបស់លោកស្រី។
លោក ប៊ុនសាន និងលោកស្រី ថាក់ ឡានីបានស្គាល់គ្នាក្នុងឆ្នាំ ១៩៧៩ ។ មុនពេលដែលលោកស្រី ថាក់ ឡានី និងលោក ប៊ុនសាន រួមរស់ជាមួយគ្នាជាប្តីប្រពន្ធ លោកស្រីជាស្ត្រីមេម៉ាយ ហើយកូននិងប្តីរបស់លោកស្រីបានស្លាប់ក្នុងរបបខ្មែរក្រហម។ នេះបើតាមប្រសាសន៍របស់ស្វាមីរបស់លោកស្រី។ ឯលោក ប៊ុនសាន វិញក៏ជាបុរសពោះម៉ាយ ដែលប្រពន្ធលោកមានគ្រួសារថ្មី។ លោកមានកូនបីនាក់។ ក្រោយពីរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ អ្នកទាំងពីរមិនមានកូននោះទេ។ នេះបើយោងតាមលោក ប៊ុនសាន ដែលបានដំណាលប្រាប់VOAអំពីប្រវត្តិគ្រួសាររបស់លោក។
«ដល់ពេលបែកគ្នាទៅលួចស្រលាញ់គ្នា។ គេអត់ទាំងឲ្យខ្ញុំបានការនឹងគ្នាផង។ គាត់ទាហាន ខ្ញុំស៊ីវិល»។
ប្រវត្តិការងារក្នុងវិស័យនយោបាយ
មុនការបោះឆ្នោតឆ្នាំ ១៩៩៨ លោកស្រីជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកកាលពីមុនបោះឆ្នោតជាតិអាណត្តិទី៣ លោកស្រីថ្លែងថា លោកស្រីធ្លាប់ជាមេបញ្ជាការទ័ពនារីកាលពីអំឡុងឆ្នាំ ១៩៧៩។
លោកស្រីបន្តថា ក្រោយមក លោកស្រីបើកសហគ្រាសកាត់ដេរកងទ័ព និងធ្វើជាគ្រូបង្រៀនកាត់ដេរ ។ លោកស្រីបញ្ជាក់ថា កងទ័ពលោកស្រីស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពវៀតណាមហើយក្នុងអំឡុងឆ្នាំ ១៩៨០ លោកស្រីបានកេណ្ឌទ័ពស្រ្តីបានជាង២០០ នាក់ធ្វើការក្នុងសហគ្រាសកាត់ដេរនោះ។
លោកស្រីធ្លាប់មានប្រវត្តិតស៊ូក្នុងកងទ័ពជាមួយលោកស្រី ម៉ែន សំអន និងលោកស្រី មាន សំអានជាដើម នេះបើតាមការឲ្យដឹងរបស់លោកទាវ វណ្ណុល ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី។
ក្រោយមក លោកស្រីសម្រេចចិត្តចាកចេញពីគណបក្សប្រជាជនកម្ពុជា ហើយលោកស្រីធ្លាប់បានប្រាប់វិទ្យុក្នុងស្រុកដដែលថា ហេតុផលដែលលោកស្រីដើរចេញពីគណបក្សប្រជាជនកម្ពុជានោះគឺដោយសារតែលោកស្រីមិនពេញចិត្តនឹងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា អំពើពុករលួយ និងបក្សពួកនិយមជាដើម តែពុំមានការទាស់ទែងអ្វីនឹងបុគ្គលជាមេដឹកនាំ ឬសមាជិកបក្សនោះទេ។
ក្នុងឆ្នាំ ១៩៩៨ លោកស្រី ថាក់ ឡានី ត្រូវបានប្រធានគណបក្សសមរង្ស៊ី គឺលោក សម រង្ស៊ី ចាត់តាំងឲ្យទៅសម្របសម្រួលការងារនៅឯខេត្តស្ទឹងត្រែង។ ហើយលោកស្រីក៏បានឈរឈ្មោះជាតំណាងរាស្ត្រផងដែរ។ ក៏ប៉ុន្តែនៅពេលនោះលោកស្រីមិនទទួលបានកៅអីនោះទេ។ តែក្រោយមក ក្នុងឆ្នាំ២០០០ ដល់២០០៣ លោកស្រីត្រូវបានគេចាត់តាំង និងផ្លាស់ឲ្យទៅមណ្ឌលកំពង់ចាមវិញ។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសមរង្ស៊ីមណ្ឌលកំពង់ចាម បានឲ្យដឹងថា ពេលនោះ លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត នៅខេត្តកំពង់ចាម និងជួយរៀបចំការបោះឆ្នោត ឃុំសង្កាត់សម្រាប់ឆ្នាំ ២០០២ នៅទីនោះផងដែរ។
លុះដល់ឆ្នាំ២០០៣ លោកស្រីក៏ជាប់ជាតំណាងរាស្រ្តស្រ្តីក្នុងអាណត្តិទី៣ រួចបន្តធ្វើជាតំណាងរាស្រ្តដល់អាណត្តិទី៤ គឺក្នុងឆ្នាំ២០០៨ម្តងទៀត។
ក៏ប៉ុន្តែ មួយឆ្នាំកន្លះ មុនផុតអាណត្តិទី៤ ក្នុងឆ្នាំ ២០១២ លោកស្រីបានលាលែងពីតំណែងជាតំណាងរាស្រ្ត ទៅកាន់តួនាទីក្នុងព្រឹទ្ធសភាវិញ។
ទំនាក់ទំនង ជីវភាព និងគ្រួសារ
នៅថ្ងៃដែលគណកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំដកអភ័យឯកសិទ្ធរបស់លោកស្រី ថាក់ ឡានីនោះ លោក ទាវ វណ្ណុល ដែលជាសមាជិកព្រឹទ្ធិសភាមកពីគណបក្សសមរង្ស៊ី បានចូលរួមការប្រជុំ និងស្នើមិនឲ្យដកអភ័យឯកសិទ្ធរបស់លោកស្រី។
តាមរយៈ លោកទាវ វណ្ណុល បានឲ្យដឹងថា លោកស្រីមិនមែនជាមនុស្សដែលមានវោហាស័ព្ទប៉ុន្មានទេ។
«ជំទាវថាក់ ឡានី គាត់ជាមនុស្សមួយមិនជាអ្នកមានវោហាស័ព្ទអីនោះទេ។ នៅក្នុងការប្រជុំក្នុងសភាក្តី គាត់មានការយល់ដឹងយ៉ាងម៉េចក៏គាត់មិនជាអ្នកមានវោហាស័ព្ទខ្លាំងក្លាអីទេ»។
តែលោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលកំពង់ចាម ដែលជាសហការីមួយរូប ដែលតែងតែចុះធ្វើការងារសហគមន៍និងជួបប្រជាជនក្នុងមូលដ្ឋានជាមួយលោកស្រីបានឲ្យដឹងថា លោកស្រី ថាក់ ឡានី ជាមនុស្សដែលនិយាយត្រង់ៗ។
«គាត់ជាមនុស្សដែលស្មោះត្រង់ គាត់ឃើញអីថាហ្នឹង ឃើញអីថាហ្នឹងប្រាវៗៗ អញ្ចឹងទៅណាស់។ គ្រាន់តែគាត់ជាមនុស្សអញ្ជឹងឯង មនុស្សឃើញអីថាហ្នឹង ហើយគាត់ដូចជាមនុស្សដែល និយាយរួមទៅ គាត់ដូចរៀងឆ្នាស់ដែរហ្នឹង»។
លោកបានបន្ថែមទៀតថា លោកស្រីមានជីវភាពធូធារ។
«គាត់ដូចជាមានទ្រព្យសម្បត្តិច្រើន ដោយសារពីមុនមក គាត់ធ្លាប់ធ្វើជាប្រធានសហគ្រាសកាត់ដេរកងទ័ព ជំនាន់រដ្ឋកម្ពុជា។ គាត់មានផ្ទះច្រើនណាស់ ផ្ទះច្រើនមែនទែន។ គ្រាន់តែខ្ញុំស្គាល់គាត់ ឃើញផ្ទះគាត់ ៤ ឬ៥ មានវីឡាផងមានផ្ទះល្វែងផងទាំងជុងៗ។ គាត់មានទ្រព្យសម្បត្តិច្រើន។ គាត់លក់ផ្ទះ លក់ដី ទិញដី ទិញផ្ទះ អីអញ្ចឹង»។
បច្ចុប្បន្នភាពរបស់លោកស្រីថាក់ ឡានី
ក្រោយពីរឿងក្តីនេះ ទីបំផុតព្រឹក ថ្ងៃទី២ ខែកញ្ញា លោកស្រីថាក់ ឡានី ត្រូវបាន សមាជិកព្រឹទ្ធសភាដកអភ័យឯកសិទ្ធជាផ្លូវការដោយការបោះឆ្នោតដោយសំឡេង ៤៦ លើ ៤៦ស្របពេលលោកស្រីមិននៅក្នុងប្រទេស។
ស្វាមីរបស់លោកស្រី ថាក់ ឡានី បានប្រាប់ VOAថា លោកសង្ឃឹមថានឹងបានជួបគ្នាឆាប់ៗ។
«ខ្ញុំមានរឿងអញ្ចឹងទៅ វាគ្រាន់តែមានការសោកសៅហ្នឹងណា វាពិបាកចិត្ត។ ខ្ញុំគ្មានកូនគ្មានចៅអីទេ តែពីរនាក់ប្តីប្រពន្ធហ្នឹង។ ហើយយើងវាចាស់ហើយ»។
បច្ចុប្បន្នស្វាមីលោកស្រី រស់នៅម្នាក់ឯង នៅក្នុងផ្ទះវីឡារបស់លោក។ ជួនកាលមានក្មេងៗប្រុសស្រី ពីរឬបីនាក់ និងតៃកុងឡានដែលលោករាប់អាននិងជួយផ្គត់ផ្គង់ជ្រោមជ្រែង មកសួរសុខទុក្ខលោកនៅថ្ងៃចុងសប្តាហ៍៕