អ្នកជូនពរសព្ទសាធុការរាប់ពាន់នាក់ដែលស្លៀកសម្លៀកបំពាក់ឯកសណ្ឋានអាវយឺតពណ៌លឿងបានឈរតម្រង់ជួរនៅតាមផ្លូវនានានៅសង្កាត់ចាស់ក្នុងក្រុងបាងកកកាលពីសៀលថ្ងៃអាទិត្យដើម្បីមើលក្បួនដង្ហែជុំវិញរបស់ព្រះមហាក្សត្រ មហា វេជ្ជរាឡុងកន ដែលមានចម្ងាយ៧គីឡូម៉ែត្រចាប់តាំងពីព្រះបរមរាជវាំងរហូតដល់វត្តព្រះពុទ្ធសាសនា ដែលល្បីល្បាញទាំង៣ដែលនៅទីនោះព្រះមហាក្សត្រចូលទៅបន់ស្រន់។ ពួកអ្នកហែហមរាជវង្សានុវង្សរាប់រយនាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ឆើតឆាយដើរជាក្បួនតាមផ្លូវនៅពេលដែលព្រះមហាក្សត្រជិះស្នែងក្រោមការប្រគុំភ្លេង។
ពិធីឡើងសោយរាជ្យដ៏សំខាន់នេះដែលគេប៉ាន់ស្មានថា ចំណាយអាចដល់៣០លានដុល្លារ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅពេលដែលព្រះមហាក្សត្របានទទួលការប្រស់ព្រហ្មទឹកមកពីទូទាំងប្រទេសមុនទ្រង់គ្រឿងប្រដាប់សម្រាប់រាជ ព្រះខ័ណ្ឌ ដំបងរាជ្យ និងម្កុដដាំគ្រាប់ពេជ្យ។ ពិធីប្រពៃណីតាមបែបពុទ្ធសាសនានិងព្រហ្មញ្ញសាសនា នេះមានន័យថា ធ្វើឲ្យព្រះមហាក្សត្រក្លាយជាអាទិទេព។
កាលពីថ្ងៃចន្ទ ព្រះមហាក្សត្រ បានស្វាគមន៍ប្រជានុរាស្រ្តពីរានហាលនៃព្រះបរម្យរាជវាំងហើយបានធ្វើសវនការជាមួយឥស្សរជនបរទេស។
ពិធីឡើងសោយរាជ្យនេះ គឺជាលើកទី១សម្រាប់ប្រទេសថៃក្នុងរយៈពេល៦៩ឆ្នាំហើយនឹងឧទ្ទិសដល់ការសោយរាជ្យរបស់ព្រះមហាក្សត្រថ្មីដែលគេហៅថា រ៉ាម៉ាទី១០ ដែលបានឡើងសោយរាជ្យនៅចុងឆ្នាំ២០១៦ បន្ទាប់ពីការចូលទីវង្គតរបស់ព្រះមហាក្សត្រភូមីបុល អាដុលយ៉ាដេត ដែលជាព្រះបិតារបស់ព្រះអង្គមានការគោរពយ៉ាងខ្លាំង។
អ្នកស្រី Wannaruch Sookmuang បានចូលរួមពិធីដង្ហែក្បួនកាលពីថ្ងៃអាទិត្យដើម្បីជូនសព្ទសាធុការពរដល់ព្រះមហាក្សត្រឲ្យមានព្រះជន្មយូរយា ពីព្រោះតែ ពិធីដង្ហែក្បួននេះ ទំនងជាពិធីមួយគត់ដែលអ្នកស្រីអាចចូលរួមក្នុងមួយជីវិតរបស់អ្នកស្រី។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំជឿជាក់ថា ព្រះមហាក្សត្រ ភូមីបុល ជាក្សត្រល្អហើយចិត្តល្អណាស់។ ខ្ញុំគិតថា ព្រះមហាក្សត្រ រ៉ាម៉ា ទី១០ ក៏មានសណ្តានចិត្តល្អដូចព្រះមហាក្សត្ររ៉ាម៉ាទី៩ដែរ។ ប្រសិនបើ ព្រះមហាក្សត្រ អាចមានភាពអត់ធ្មត់ ព្រះអង្គអាចមើលថែទាំប្រជារាស្រ្តរបស់ថៃ»។
អ្នកស្រី Aan Tan បាននិយាយទៀតថា អ្នកស្រីសង្ឃឹមថា ព្រះមហាក្សត្រ នឹងជួយសម្រុះសម្រួលការបែកបាក់ខាងនយោបាយយ៉ាងខ្លាំងនៅក្នុងប្រទេសដែលបានធ្វើឲ្យកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងពួកយោធានិងវរជនជំនួញដែលបានគាំទ្ររាជវង្សានុវង្ស។ នៅចុងសប្តាហ៍នេះ លទ្ធផលផ្លូវការមកពីការបោះឆ្នោតថ្ងៃទី២៤ ខែមិនា នឹងសម្រេចថា តើគណបក្សដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ មានអសនៈសភាគ្រប់គ្រាន់ដើម្បីជំរុញពួកមេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ចេញពីអំណាចដែរឬទេ។
អ្នកស្រី Aan និយាយថា៖ «នៅពេលដែលពួកគេ វាយប្រហារគ្នាទៅវិញទៅមក ព្រះមហាក្សត្រនឹងជួយ ពីព្រោះតែ ពួកគេក៏គោរពព្រះមហាក្សត្រដែរ ដូច្នេះ ពួកគេនឹងស្តាប់ព្រះអង្គ ពីព្រោះតែពួកគេត្រូវបម្រើប្រជារាស្រ្ត មិនមែនបំរើខ្លួនឯងទេ»។
ថ្វីបើ របបរាជានិយមមានន័យថា ព្រះមហាក្សត្រទ្រង់មិនធ្វើនយោបាយក៏ដោយ របបរាជាធិបតេយ្យកម្រមានបញ្ហាណាស់។ ហើយ ខណៈដែលច្បាប់ប្រមាថព្រះមហាក្សត្ររឹតបន្តឹងលើអ្វីដែលត្រូវបាននិយាយថាអំពីព្រះមហាក្សត្រក្នុងប្រទេសថៃ ការគោរពក្រុមគ្រួសាររាជវង្សានុវង្ស មានភាពភាពធំធេងណាស់។
ភាពវឹកវរជាច្រើនទសវត្សរ៍ ព្រះមហាក្សត្រ ភូមីបុល បានត្រូវគេមើលឃើញថាជាកម្លាំងធ្វើឲ្យមានស្ថិរភាពដែលបានជួយមើលខុសត្រូវការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសនោះ ឥឡូវនេះ ថៃជាប្រទេសមានសេដ្ឋកិច្ចធំទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក៏ប៉ុន្តែ លោក Thitinan Pongsudhirak ជាអ្នកវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យជូឡាឡុងកនក្នុងក្រុងបាងកក និយាយថា ព្រះមហាក្សត្រ វេជ្ជរាឡុងកន បានឡើងសោយរាជក្នុងសម័យផ្សេង។
លោកនិយាយថា៖ «ព្រះមហាក្សត្រ ឡើងសោយរាជក្នុងកាលៈទេសៈខុសគ្នាស្រឡះពីព្រះរាជបតារបស់ព្រះអង្គដែលការឡើងសោយរាជ្យរបស់ព្រះបិតាព្រះអង្គជួនគ្នានឹងសង្គ្រាមត្រជាក់អស់រាប់ទសវត្សរ៍នៅក្នុងប្រទេសថៃ ហើយចាំបាច់ដើម្បីទប់ស្កាត់របបកុម្មុយនិស្តនិងស្ថាបនាប្រទេសថៃ។ ការសោយរាជ្យនេះ នឹងក្លាយជាបញ្ហាប្រឈមរបស់ថៃក្នុងសតវត្សរ៍ទី២១ ជាពិសេស ក្នុងជម្លោះនយោបាយរបស់ប្រទេសនោះ។
លោកនិយាយថា៖ «ព្រះបិតារបស់ព្រះអង្គ ក៏បានស្ថាបនារបបរាជានិយមឡើងវិញ ដែលព្រះករុណា បានកាន់តំណែងជាព្រះរាជាដ៏ខ្លាំងមួយអង្គ»។
ព្រះមហាក្សត្រ វេជ្ជរាឡុងកន ដែលមានព្រះជន្ម៦៦ព្រះវស្សា បានចាត់វិធានការក្លាហានដើម្បីពង្រឹងកម្លាំងនិងការគ្រប់គ្រងរបស់ព្រះអង្គនិងពង្រឹងការត្រួតត្រាកិច្ចការរាជវង្សានុវង្ស។
ព្រះអង្គបានទប់មិនឲ្យប្រើរដ្ឋធម្មនុញ្ញថ្មីរបស់ក្រុមប្រឹក្សាយោធា រហូតទាល់តែពួកគេ បានយល់ព្រមផ្តល់សម្បទានឲ្យព្រះអង្គត្រួតត្រាការិយាល័យទ្រព្យសម្បត្តិរបស់រាជវាំង ដែលត្រូវបានគេប៉ាន់ស្មានថា មានតម្លៃយ៉ាងហោចណាស់ក៏៣០ពាន់លានដុល្លារ។ ក្រុមប្រឹក្សាយោធា ក៏អនុញ្ញាតឲ្យព្រះមហាក្សត្រដែលបានចំណាយពេលវេលាដ៏ច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះព្រះអង្គមានដំណាក់ ធ្វើដំណើរទៅបរទេសដោយមិនចាំបាច់មានការតែងតាំងអ្នកគ្រប់គ្រងប្រទេសជំនួស។
ក្រុមប្រឹក្សាយោធា ក៏បានអនុញ្ញាតឲ្យព្រះមហាក្សត្រមានអំណាចតែងតាំងក្រុមប្រឹក្សាជាន់ខ្ពស់គណៈសង្ឃ ដែលជាអង្គគ្រប់គ្រងព្រះពុទ្ធសាសនាថៃ និងប្រធានគណៈ សង្ឃថ្មី ដែលព្រះអង្គបានប្រើអំណាចនៅពេលថ្មីៗនេះ។
លោក Paul Chambers ជាអ្នកវិភាគនយោបាយនិងជាសាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Naresuan University ភាគខាងជើងប្រទេសថៃ បាននិយាយថា៖ «ព្រះអង្គ បានបង្ហាញថា ព្រះអង្គជាមេដឹកនាំសកម្មជាងព្រះបិតារបស់ព្រះអង្គ។ លោកនិយាយសំដៅដល់ការផ្ទេរអង្គភាពយោធាខ្លះ រួមទាំងកងពលថ្មើរជើងទី១នៃឆ្មាំការពាររបស់ព្រះមហាក្សត្រនៅក្រោមការត្រួតត្រាផ្ទាល់របស់ព្រះបរម្យរាជវាំងនៅខែមេសា ឆ្នាំ២០១៧។
លោក Chambers បាននិយាយទៀតថា អតីតឧត្តមសេនីយ៍ដែលព្រះមហាក្សត្រ បានតែងតាំងនៅក្រុមប្រឹក្សាផ្តល់យោបល់ទទួលការសរសើរមកពីភាគីយោធាដែលជាប្រពៃណីបានជំទាស់ប្រឆាំងក្រុមប្រឹក្សាផ្តល់យោបល់នោះដែលមានពួកយោធាភាគច្រើន ហើយការណ៍នេះ ព្រះអង្គ ហាក់ដូចជាបន្តតែងតាំងសមាជិកដែលស្មោះត្រង់ព្រះអង្គច្រើនជាងក្រុមប្រឹក្សាយោធាឬព្រះបិតារបស់ព្រះអង្គ។
លោក Chambers និយាយថា៖ «លោក អ្នកនឹងឃើញមនុស្សនៅក្នុងក្រុមប្រឹក្សាផ្តល់យោបល់ដែលមានភាពស្មោះត្រង់កាន់តែច្រើនឡើងដល់ព្រះមហាក្សត្រថ្មី។ ហើយ មនុស្សដដែលទាំងនោះ នឹងមិនជិតស្និទ្ធនឹងក្រុមប្រឹក្សាយោធានៅពេលបច្ចុប្បន្ននេះទេ។ ព្រះមហាក្សត្រថ្មីនេះកំពុងព្យាយាមធ្វើមិនឲ្យពួកយោធាមានកម្លាំងនយោបាយឡើងវិញក្នុងប្រទេសថៃក្នុងរបៀបមួយដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍ផ្ទាល់និងប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ។ ការផ្លាស់ប្តូរកាន់តែច្រើនឡើង នឹងកើតមានឡើង៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន