នាយក​រដ្ឋមន្ត្រី​ថៃ​ថា ច្បាប់​ទាំងអស់​នឹង​ត្រូវ​ប្រើ​ចំពោះ​បាតុករ​ណា​ដែល​រំលោភ​ច្បាប់

  • ​Reuters

រូបឯកសារ៖ នាយករដ្ឋមន្រ្តី​ថៃ​លោក Prayuth Chan Ocha ឆ្លើយសំណួរ​ក្នុងអំឡុងពេល​បើក​សម័យប្រជុំ​នៅ​វិមានរដ្ឋសភា​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan Ocha បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ថា ច្បាប់​ទាំងអស់​ នឹង​ត្រូវ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​បាតុករ​ណា​ដែល​រំលោភ​ច្បាប់។ លោក​ថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​បាតុកម្ម​ បាន​រីក​កាន់តែ​ធំ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង និង​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​បន្ថយ​ឥទ្ធិពល​របស់​ព្រះមហាក្សត្រ Maha Vajiralongkorn។

សកម្មជន​នានា​ បាន​សម្តែង​នូវ​ក្ដី​កង្វល់​ថា ចំណុច​នេះ​ អាច​មាន​ន័យ​ថា អាច​មាន​ការ​កាត់ទោស​នៅ​ក្រោម​ច្បាប់​ដ៏​តឹងតែង​ដែល​ហាម​ឃាត់​ការ​ប្រមាថ​មើលងាយ​រាជវង្សានុវង្ស​ព្រះ​មហាក្សត្រ។

បាតុកម្ម​តវ៉ា​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ចំពោះ​ស្ថាប័ន​គ្រប់គ្រង​របស់​ប្រទេស​ថៃ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ និង​បាន​បំបែក​នូវ​ការ​ហាមឃាត់​ដែល​មិន​ឲ្យ​រិះគន់​របប​រាជា​និយម ដែល​អ្នក​ប្រព្រឹត្ត​ខុស​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ។

ការ​ប្រកាស​របស់​លោក Prayuth នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​បាតុករ​រាប់​ពាន់​នាក់​ បាន​ជះ​ថ្នាំ​ពណ៌​ដាក់​ទីស្នាក់ការ​ប៉ូលិស​ថៃ ដែល​នេះ​ជា​អ្វី​ដែល​បាតុករ​ទាំង​នោះ​បាន​និយាយ​ថា​ ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​ប្រើ​កាណុង​ទឹក និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​របស់​ប៉ូលិស​លើ​ពួកគេ ដែល​បាន​ធ្វើ​ឲ្យ​បាតុករ​រាប់​សិប​នាក់​រង​របួស​កាលពី​ថ្ងៃ​អង្គារ ដែល​ជា​ថ្ងៃ​មាន​អំពើ​ហិង្សា​ខ្លាំង​បំផុត​ចាប់តាំង​ពី​ការ​តវ៉ា​បាន​ធ្វើ​ឡើង​តាំងពី​ខែ​កក្កដា​មក។ បាតុករ​ខ្លះ​ក៏​បាន​បាញ់​ថ្នាំ​ពណ៌​ជា​អក្សរ​ប្រឆាំង​នឹង​ព្រះមហាក្សត្រ​ផងដែរ។

លោក Prayuth បាន​និយាយ​ថា៖ «ស្ថានភាព​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ។ មាន​ហានិភ័យ​នៃ​ការ​អាច​ឈាន​ទៅ​ដល់​អំពើ​ហិង្សា​បន្ថែម​ទៀត។ ប្រសិនបើ​មិន​ដោះស្រាយ​ទេ វា​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រទេស​ជាតិ និង​របប​រាជា​និយម​ជា​ទី​គោរព​ស្រឡាញ់»៕