បន្ទាប់ពីបានចំណាយពេល ៥ ឆ្នាំ នៅក្នុងពន្ធនាគារទីក្រុងបាងកក ដោយគ្មានការកាត់ទោសពីបទឧក្រិដ្ឋណាមួយមក លោក Siraphop Kornaroot ដែលជាកវីកំណាព្យ និងជាអ្នកនិពន្ធថៃ អាយុ ៥៥ ឆ្នាំ បាននិយាយថា៖ «ការជាប់ពន្ធនាគារអាចបង្ហាញថា អ្នកអាចស៊ូទ្រាំបានកម្រិតណា»។
លោកត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែមិថុនាកន្លងទៅនេះ។ លោកនៅតែប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ៤៥ ឆ្នាំទៀត ប្រសិនបើលោកត្រូវបានគេរកឃើញថាមានកំហុសនៅក្នុងសវនាការកាត់ទោសលោកដែលចំណាយពេលយ៉ាងយូរនេះ ដែលនៅពេលបច្ចុប្បន្ននេះ កំពុងធ្វើឡើងនៅក្នុងតុលាការយោធាមួយដែលមិនបើកចំហជាសាធារណៈ។
លោក Siraphop រងការចោទប្រកាន់ជាផ្លូវការថាបានរំលោភលើច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ប្រទេសថៃ និងច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រទាក់ទិននឹងសារ និងរូបត្លុកកំប្លែងមួយចំនួនដែលបង្ហោះនៅលើ Facebook ដោយសារ និងរូបត្លុកកំប្លែងទាំងនោះរិះគន់ខ្លាំងៗលើរាជវង្សានុវង្សព្រះមហាក្សត្រដែលមានការគោរពយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។
ប៉ុន្តែ សកម្មជននយោបាយរូបនេះជឿថា គេបានប្រើសារបង្ហោះកាលពីលើកមុនៗរបស់លោកដើម្បីដាក់ទោសលោកសម្រាប់ «បទឧក្រិដ្ឋ» ដ៏ពិតប្រាកដដែលលោកបានប្រព្រឹត្តិ ដែលនោះគឺការរិះគន់របស់លោកលើរដ្ឋាភិបាលយោធាដែលបានដណ្ដើមអំណាចពីរដ្ឋាភិបាលដែលជ្រើសរើសដោយការបោះឆ្នោតត្រឹមត្រូវ ប្រហែលជាក្នុងរយៈពេលមួយខែមុនពេលលោកត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៤។
លោក Siraphop ដែលបានប្រើរហស្សនាម Rungsira ដែលអាចមានន័យថា «កើតមកពោរពេញដោយកម្លាំងថាមពល» បានប្រាប់ VOA ថា លោកបានក្លាយជាអ្នកប្រយុទ្ធស៊ូទ្រាំមួយរូប។
លោកបញ្ជាក់ដូច្នេះថា៖ «ពន្ធនាគារគឺប្រៀបដូចជាឋាននរកនៅលើផែនដីអីចឹង គឺគ្មានសេចក្ដីថ្លៃថ្នូររបស់មនុស្សនៅក្នុងបន្ទប់ពន្ធនាគារនោះទេ»។
លោកបានបន្ថែមថា លោកបានចំណាយពេលភាគច្រើននៅក្នុងបន្ទប់ឃុំឃាំងដែលពិបាកដកដង្ហើមទំហំ ៥ គុណនឹង ១២ ម៉ែត្រ ជាមួយនឹងអ្នកទោសជាបុរសចំនួនពី ៤០ ទៅ ៥០ នាក់ផ្សេងទៀត។ លោកបន្តថា នៅទីនោះគឺ «គ្មានអាហារបរិភោគ។ គ្មានល្បែងលេង។ គ្មានសៀវភៅអាននោះទេ។ មានតែទឹកផឹកតែប៉ុណ្ណោះ»។
ក្នុងនាមជាអ្នកទោសនយោបាយ លោកក៏ត្រូវបានគេបំបិទសិទ្ធិមិនឲ្យសន្ទនាជាមួយនឹងអ្នកដទៃផងដែរ។ លោកបាននិយាយថា អ្នកទោសណាដែលហ៊ានសន្ទនាជាមួយនឹងលោក ត្រូវបានគេបញ្ជូនជាបន្ទាន់ទៅកាន់បន្ទប់ឃុំឃាំងផ្សេង ហើយលោកត្រូវបានគេដាក់ឲ្យនៅកន្លែងដ៏ស្ងៀមស្ងាត់នៃពន្ធនាគារនៅដាច់ឆ្ងាយពីគេ ដើម្បីមិនឲ្យលោកមានឱកាសអាចសន្ទនាជាមួយអ្នកដទៃបាន។
លោកនិយាយដូច្នេះថា៖ «គេព្យាយាមដាក់អ្នកទោសនយោបាយឲ្យនៅដាច់ឆ្ងាយពីគេ។ នេះគឺជាជីវិតរបស់អ្នកទោសនយោបាយ។ គេធ្វើដូច្នេះចំពោះអ្នកទោសនយោបាយគ្រប់រូប»។
លោក Siraphop ជឿថា ប្រសិនបើលោកសារភាព លោកអាចត្រូវបានគេដោះលែងឆាប់ជាងនេះតាមរយៈព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ។ ប៉ុន្តែ លោកថា លោកមិនដែលពិចារណាអំពីជម្រើសនេះទេ។
លោកនិយាយដូច្នេះថា៖ «ខ្ញុំនឹងមិនធ្វើដូច្នេះទេ ដោយសារតែខ្ញុំចង់បង្ហាញថា ខ្ញុំគ្មានទោស ខ្ញុំមិនដែលនិយាយអ្វីអាក្រក់អំពីរាជវង្សានុវង្សរបស់ព្រះមហាក្សត្រនោះទេ។ ខ្ញុំគឺជាអ្នកប្រឆាំងនឹងការធ្វើរដ្ឋប្រហារ មិនមែនជាអ្នកប្រឆាំងនឹងព្រះមហាក្សត្រនោះឡើយ»។
លោកបន្ថែមក្នុងសម្ដីដើមដូច្នេះថា៖ «ខ្ញុំគិតថា អ្វីដែលខ្ញុំបានធ្វើគឺត្រឹមត្រូវ ដោយសារតែ តើកូនៗរបស់ពួកយើងអាចរស់នៅក្នុងសង្គមបែបនេះតាមរបៀបណា ប្រសិនបើខ្ញុំមិនងើបឈរឡើងដើម្បីខ្លួនខ្ញុំ និងដើម្បីការជឿជាក់របស់ខ្ញុំលើការតវ៉ាខាងស៊ីវិលនោះ? ខ្ញុំគិតថា វាជារឿងមិនត្រឹមត្រូវនោះទេ ដែលពួកយោធាកាន់អំណាច។ ខ្ញុំគិតថា ប្រជាពលរដ្ឋដូចជាពួកយើងគួរតែមានអំណាចនៅក្នុងដៃ។ វាជារឿងមិនត្រឹមត្រូវទេដែលពួកយើងដែលជាពលរដ្ឋត្រូវគេចាប់ខ្លួន ដោយសារតែការប្រើប្រាស់សិទ្ធិរបស់ខ្លួននោះ។ តើយើងពិតជាគិតថា រឿងនេះគួរតែចាត់ទុកថាជារឿងធម្មតាសម្រាប់សង្គមរស់នៅមែនទេ?»។
រដ្ឋាភិបាលយោធាថៃបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក Siraphop ៧ ដងរួចមកហើយ មុនពេលយល់ព្រមតាមនៅទីបំផុត គឺក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយមក បន្ទាប់ពីក្រុមការងារទទួលបន្ទុកការឃុំខ្លួនខុសច្បាប់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញផ្សាយអត្ថបទបញ្ចេញមតិមួយរិះគន់អំពីការចាប់ខ្លួន និងការកាត់ទោសលោកនៅក្នុងតុលាការយោធាដែលមិនបើកចំហជាសាធារណៈនេះ និងអំពាវនាវឲ្យមានការដោះលែងលោកជាបន្ទាន់។
លោក Siraphop បានបញ្ជាក់ថា ការដោះលែងរូបលោកឲ្យនៅក្រៅឃុំនេះគឺដោយសារតែការយកចិត្តទុកដាក់របស់ក្រុមការងារអង្គការសហប្រជាជាតិនេះ ប៉ុន្តែលោកថា នៅមិនទាន់មានឥទ្ធិពលខ្លាំងនៅឡើយ។ លោកជឿថា ពេលវេលានៃការចេញផ្សាយអត្ថបទបញ្ចេញមតិរបស់ក្រុមការងារអង្គការសហប្រជាជាតិនេះគឺជួយជំរុញឲ្យមានការដោះលែងរូបលោក។
រដ្ឋាភិបាលស៊ីវិលដែលមានទំនោរទៅរកពួកយោធាទើបតែបានឡើងកាន់អំណាចបន្តពីរដ្ឋាភិបាលយោធា បន្ទាប់ពីមានការបោះឆ្នោតដែលមានការរិះគន់កាលពីខែមិនាមក ហើយរដ្ឋាភិបាលថ្មីនេះចង់បង្ហាញដល់ពិភពលោកឲ្យបានឃើញថា ប្រទេសថៃវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោក Siraphop និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅមិនទាន់ត្រូវបានតុលាការផ្ដន្ទាទោសនៅឡើយទេ។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយមក បន្ទាប់ពីការបោះឆ្នោត ក្រុមមេដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤ បានឡើងកាន់តំណែងកំពូលៗនៅក្នុងរដ្ឋាភិបាលថ្មី។ រដ្ឋធម្មនុញ្ញដែលរដ្ឋាភិបាលយោធាបានតាក់តែង និងអនុម័ត រួមទាំងបទបញ្ជាសន្តិសុខមួយចំនួនដែលខ្លួនបានចេញ នៅតែដាក់ឲ្យប្រើប្រាស់ដដែល។
សកម្មភាពរបស់ក្រុមមនុស្សប្រដាប់អាវុធ និងពាក់គ្របមុខ ដែលបំពានលើរូបរាងកាយរបស់ក្រុមអ្នករិះគន់ពួកយោធាមិនសំចៃមាត់ ក៏ត្រូវបានគេឃើញថាមានការកើនឡើងនៅក្រោយការបោះឆ្នោតផងដែរ។ អ្នកប្រឆាំងរដ្ឋាភិបាលដែលជ្រកកោននៅប្រទេសជិតខាងបានបាត់ខ្លួន ឬក៏ត្រូវបានបង្ខំឲ្យត្រឡប់ទៅកាន់ប្រទេសថៃវិញ ហើយសមាជិកសភាខាងគណបក្សប្រឆាំងបានរងការវាយប្រហារផ្នែកផ្លូវច្បាប់ឥតស្រាកស្រាន្ត។
ការដោះលែងលោក Siraphop ឲ្យនៅក្រៅឃុំ គឺជា «ដំណឹងល្អមួយនៅចំពេលដែលមានការបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរមិនបានប្ដូរវិធីសាស្ត្ររបស់ខ្លួន»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Katherine Gerson អ្នកធ្វើយុទ្ធនាការទទួលបន្ទុកកិច្ចការប្រទេសថៃនៃអង្គការ Amnesty International។
មេធាវីសិទ្ធិមនុស្សថៃនានានិយាយថា ក្នុងពេលកាន់អំណាចរយៈពេល ៥ ឆ្នាំ របស់រដ្ឋាភិបាលយោធាថៃ មនុស្ស ១៦៩ នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ មនុស្ស ១៤៤ នាក់ ពីបទឧក្រិដ្ឋកម្មតាមកុំព្យូទ័រសម្រាប់ការបញ្ចេញមតិនយោបាយ ហើយមនុស្ស ១២១ នាក់ ពីបទញុះញង់ឲ្យមានការបះបោរ។
ទោះបីជាអ្នករងការចោទប្រកាន់ជាច្រើនត្រូវបានដោះលែង ឬក៏មិនដែលត្រូវបានចាប់ខ្លួនក៏ដោយ ក៏គេឃើញថា អ្នកទោសនយោបាយប្រហែល ២០ នាក់ នៅតែជាប់ឃុំឃាំងដដែល។ នេះបើយោងតាមការបញ្ជាក់របស់អង្គការ iLaw ដែលជាអង្គការការពារសិទ្ធិស្របច្បាប់នៅក្នុងប្រទេសថៃ។ អ្នកទាំងអស់នោះ លើកលែងតែម្នាក់ចេញប៉ុណ្ណោះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។
អ្នកស្រី Gerson បញ្ជាក់ដូច្នេះថា៖ «មានកិច្ចការជាច្រើនដែលរដ្ឋាភិបាលថ្មីនេះត្រូវធ្វើដើម្បីកែប្រែកេរ្តិ៍ដំណែលនៃការហាមឃាត់ហួសហេតុនៅក្នុងដំណាក់កាលរដ្ឋប្រហារផង និងដើម្បីមើលលើប្រព័ន្ធច្បាប់មុនពេលរដ្ឋប្រហារ ដែលត្រូវបានគេប្រើដើម្បីបំបិទមាត់អ្នកប្រឆាំងផង»។
នៅពេលនេះ លោក Siraphop ដែលជាបុរសពោះម៉ាយកូន ៣ ផ្ដោតលើការតស៊ូប្រឆាំងនឹងការចោទប្រកាន់លើរូបលោក និងលើការធ្វើឲ្យជីវិតរបស់លោកវិលមករកសភាពដើមវិញ។
ក្រសួងយុត្តិធម៌កំពុងដំណើរការផ្ទេរសំណុំរឿងរបស់លោកទៅកាន់តុលាការស៊ីវិល ប៉ុន្តែការចាប់ខ្លួនលោកនេះបានបំផ្លាញអាជីវកម្មរចនាផ្ទះសម្បែងរបស់លោក ហើយគណនីធនាគាររបស់លោកនៅតែត្រូវគេបង្កកដដែល។ កូនទីពីរ និងកូនទីបីរបស់លោកត្រូវបង្ខំចិត្តឈប់រៀន ដោយម្នាក់ទៅធ្វើការ ហើយម្នាក់ទៀតទៅរៀនខាងផ្នែកវិជ្ជាជីវៈ។
លោក Siraphop និយាយថា ឥឡូវនេះលោកត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិលតាមដានរូបលោកគ្រប់ពេលវេលាទាំងអស់ ប៉ុន្តែលោកនៅតែបញ្ចេញមតិរបស់លោកអំពីស្ថានភាពនយោបាយថៃនៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិត។
ក្រោយពីបានទ្រាំទ្រជាមួយនឹងការជាប់ឃុំរយៈពេលយូរនៅក្នុងពន្ធនាគារមក លោកអាចស៊ូទ្រាំជាមួយនឹងការណ៍ដែលអាចត្រូវគេដាក់ឃុំម្ដងទៀតបាន។
លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនខ្វល់នោះទេ បើពួកគេមកចាប់ខ្លួនខ្ញុំម្ដងទៀតនោះ។ ខ្ញុំមិនខ្លាចទៀតទេ។ ខ្ញុំមិនមែនប្រយុទ្ធតស៊ូដើម្បីឈ្នះនោះទេ ប៉ុន្តែខ្ញុំចង់ប្រយុទ្ធតស៊ូដើម្បីជីវិតដ៏ប្រសើរសម្រាប់កូនៗរបស់ខ្ញុំ»៕
ប្រែសម្រួលដោយ ភី សុភាដា