ការលើកម្រាមដៃបី ជាសញ្ញាប្រឆាំងដែលត្រូវហាមក្នុងរបបយោធាថៃអាចឱ្យអ្នកជាប់ក្នុងគុកយោធាពីព្រោះយោធាថៃហៅសញ្ញានេះថា«ការកែតម្រូវអាកប្បកិរិយា»។
ថ្វីបើប៉ូលិសពិនិត្យមើលក្រុមអ្នកតវ៉ាក៏ដោយ ក៏ពួកគេហាក់ដូចជាមិនខ្វល់ដោយសារពួកគេស៊ូទ្រាំរង់ចាំការបោះឆ្នោតជិតប្រាំឆ្នាំមកហើយបន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច។
នៅថ្ងៃពុធ ការអំពាវនាវរបស់ពួកគេត្រូវបានឆ្លើយតបនៅពេលដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅប្រទេសថៃប្រកាសថា ការទន្ទឹងរង់ចាំដ៏យូរនេះបានដល់ទីបញ្ចប់ហើយ។
លោក Ittiporn Boonpracong ប្រធានគណៈកម្មាធិការបោះឆ្នោតថៃនិយាយថា៖ «កាលបរិច្ឆេទនៃការបោះឆ្នោតកំណត់ជាផ្លូវការនៅថ្ងៃអាទិត្យទី២៤ខែមីនា។ នោះគឺជាថ្ងៃដែលពលរដ្ឋមានពេលគ្រប់គ្រាន់ហើយគួរជាថ្ងៃល្អសម្រាប់គ្រប់គ្នា។ នេះជាហេតុផលសំខាន់ដែលយើងសម្រេចយកថ្ងៃនោះ»។
រហូតមកដល់ពេលថ្មីៗនេះ សកម្មភាពនយោបាយដូចនេះត្រូវបានហាមឃាត់ទាំងស្រុងដោយនាយករដ្ឋមន្រ្តី Prayut Chan-o-cha។
មនុស្សជាច្រើនដែលហ៊ានប្រឆាំងនឹងការគ្រប់គ្រងរបស់លោកបានជាប់គុក តែសកម្មជនហាក់ដូចជាចាប់ផ្តើមលែងញញើតហើយ។ លោក Prayut បានផ្តួលរំលំរដ្ឋាភិបាលភឿថៃរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានយោធាបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រីផងដែរ។
គណបក្សដែលមានទំនាក់ទំនងនឹងត្រកូលថាក់ស៊ីនបានឈ្នះរាល់ការបោះឆ្នោតតាំងពីឆ្នាំ២០១១ ប៉ុន្តែយោធាថៃបានផ្តល់យុត្តិកម្មដល់អន្តរាគមន៍បែបអត្តាធិបតេយ្យរបស់ខ្លួនដោយសំអាងថា ដើម្បីស្តារស្ថិរភាពក្នុងអំឡុងពេលមានបាតុកម្មដោយហិង្សានិងដើម្បីបង្ក្រាបអំពើពុករលួយ។
អន្តរាគមន៍នេះបង្កកំហឹងយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកគាំទ្រត្រកូលថាក់ស៊ីនដែលបានបង្ហាញការខកចិត្ត នៅក្នុងការប្រមូលផ្តុំគ្នាបែបនេះដើម្បីប្រឆាំងការពន្យារពេលបោះឆ្នោតម្តងហើយម្តងទៀត។
គូប្រជែងរបស់គេគឺក្រុមរាជានិយមមានទស្សនៈខុសពីពួកគេ។
នៅខាងក្រៅកន្លែងប្រកាសរបស់គណៈកម្មាធិការបោះឆ្នោត ពួករាជានិយមបានធ្វើការតវ៉ាដែលមានគ្នាតិចប្រឆាំងកាលបរិច្ឆេទបោះឆ្នោត ដោយសំអាងថា វាកៀកថ្ងៃព្រះមហាក្សត្រ Maha Vajiralongkorn ឡើងគ្រងរាជ្យសម្បត្តិនៅខែឧសភា។ ភាគីទាំងសងខាងជាប់ផុងក្នុងការប្រឈមមុខដាក់គ្នាច្រើនទសវត្សរ៍មកហើយនៅក្នុងប្រទេសមួយដែលមានការព្យាយាមធ្វើរដ្ឋប្រហារចំនួន១៩លើកដែលមាន១២លើកជារដ្ឋប្រហារបានសម្រេចចាប់តាំងពីមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យចាប់ផ្តើមនៅឆ្នាំ១៩៣២។
កម្លាំងថ្មីមួយគឺគណបក្ស Future Forward បានលេចរូបរាងដោយសង្ឃឹមថា នឹងបញ្ចប់រឿងដដែលៗនេះ។ ទោះជាយ៉ាងណា ពួកគេនៅមិនច្បាស់ថា តើនៅយូរប៉ុន្មានទៀត ទើបមានប្រជាធិបតេយ្យយូរអង្វែង។
មេដឹកនាំរបស់ពួកគេគឺមហាសេដ្ឋីវ័យ៤០ឆ្នាំឈ្មោះ Thanathorn Juangroongruangkit និយាយថា ការបោះឆ្នោតបានរងការបះពាល់យ៉ាងធ្ងន់ធ្ងរ ហើយទើបតែចាប់ផ្តើមធ្វើកំណែទម្រង់ពិតប្រាកដជំហានដំបូង។
លោក Thanathorn មេដឹកនាំគណបក្ស Future Forward និយាយថា៖ «ដូច្នេះ បើអ្នកចង់កែតម្រូវអ្វីដែលខុសក្នុងទសវត្សរ៍កន្លងមក មធ្យោបាយបាយតែមួយគត់ដែលអ្នកអាចធ្វើបានគឺដោះស្រាយឫសគល់នៃបញ្ហានេះ មានន័យថា អ្នកត្រូវតែដោះស្រាយរចនាសម្ព័ន្ធទាំងនេះ ជាមួយក្រុមមនុស្សទាំងនេះ។ ខ្ញុំមិនធ្លាប់ឃើញអ្នកនយោបាយណាម្នាក់ព្យាយាមធ្វើដូច្នេះទេពីមុនមក»។
គណបក្សឈ្នះការបោះឆ្នោតខែមីនា នឹងត្រូវជាប់កាតព្វកិច្ចធ្វើផែនការអភិវឌ្ឍន៍២០ឆ្នាំរៀបចំដោយរបបយោធាដែលចែងជាច្បាប់។ ផែនការនេះមានតាំងពីសន្តិសុខជាតិរហូតដល់សមភាពសង្គម។
ព្រឹទ្ធសភាដែលមាន២៥០អាសនៈក៏នឹងត្រូវបានតែងតាំងដោយផ្ទាល់ដោយពួកយោធាដែលនៅតែបន្តគំរាមប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញរបស់ខ្លួនប្រឆាំងនឹងគូប្រជែងនយោបាយ។ នេះជាអ្វីដែលរបបយោធាបានប្រិតប្រៀងសម្រាប់ការបោះឆ្នោតហើយសកម្មជនមានជម្រើសតិចតួចណាស់គឺមានតែទទួលយកប៉ុណ្ណោះ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ