ការ​បោះឆ្នោត​នៅ​រដ្ឋ​តិច​សាស​មាន​មនុស្ស​ចេញ​បោះឆ្នោត​យ៉ាង​ច្រើន​សម្រាប់​គណបក្ស​ទាំង២

  • Jim Malone

អ្នក​គាំទ្រ​លោក Beto O'Rourke បេក្ខជន​ដែល​ពោរពេញ​ដោយ​ក្តី​សង្ឃឹមកំពុង​សប្បាយ​ក្នុង​ពិធី​ជប់លៀង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ នៅក្រោយ​ការ​បោះ​ឆ្នោត​បឋម​នៅ​រដ្ឋ​តិចសាស់ កាល​ពី​ថ្ងៃទី​៦ មីនា ២០១៨។

ការ​បោះ​ឆ្នោត​បឋមបាន​ចាប់​ផ្តើម​នៅ​ក្នុង​រដ្ឋ​តិចសាស​នៅ​សប្តាហ៍​នេះ​ដែល​ជា​ការ​ចាប់​ផ្តើម​ជា​ផ្លូវការ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​នេះ។

អាសនៈ​ទាំង​អស់​ចំនួន​៤៣៥ក្នុង​សភា​តំណាងរាស្រ្ត​ហើយអាសនៈ​១ភាគ​៣​នៃ​ព្រឹទ្ធសភា​ដែល​មានចំនួន​១០០​នឹង​ត្រូវបោះឆ្នោត។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ​នឹង​មាន​ផល​ប៉ះ​ពាល់​ខាង​នយោបាយ​ដ៏​ខ្លាំង​សម្រាប់​ប្រ​ធា​នា​ធិបតី​ដូណាល់ ​ត្រាំ សម្ព័​ន្ធមិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​និង​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជាគណបក្ស​ប្រឆាំង។

ក្នុង​រដ្ឋ​តិចសាស​ដែល​ជា​រដ្ឋ​អភិរក្ស​និយម​ពួក​គណបក្ស​ប្រ​ជា​ធិបតេយ្យ​បាន​ចេញ​មក​បោះឆ្នោត​ក្នុង​ចំនួន​យ៉ាង​ច្រើននៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ដែល​ជា​សញ្ញា​ដំបូង​នៃ​ការ​កើនឡើងពួក​អ្នក​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​ដែល​ប្រហែល​បង្ហាញ​ពីការ​មាន​សារៈ​សំខាន់​សម្រាប់​ប្រធានាធិបតី​ត្រាំ​ហើយ​នឹង​គណបក្ស​ទាំង​២។

និន្នាការ​មួយ​ដែល​បាន​បង្ហាញ​រួច​ហើយគឺ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ចំនួន​បេក្ខ​ជន​ស្រ្តី ជាពិសេស​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ដូចជា​លោក​ស្រី​ Lizzie Pannill Fletcher ​នៅ​ក្នុង​រដ្ឋ​តិចសាស។

លោក​ស្រី​ Lizzie Pannill Fletcher បាន​ថ្លែង​ថា៖«យើង​មាន​អារម្មណ៍ថា ​វា​ជា​ពេល​វេលា​ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់​យើងឮ​និង​ជា​ពេល​វេលាដើម្បី​យើង​មាន​អាសនៈ​មួយ​នៅ​ក្នុង​សភា»។

ពួក​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ធ្វើ​ការ​ជំទាស់​ប្រឆាំង​ប្រធានា​ធិបតី​ត្រាំ​ដែល​ជា​ចំណុច​សំខាន់​នៅ​ក្នុងការ​ស្វះស្វែង​របស់​ពួកគេ​ដើម្បី​ឲ្យ​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​តំណារាស្រ្ត​និង​ព្រឹទ្ធ​សភាវិញ។

ក៏ប៉ុន្តែ ​ពួក​អ្នក​បោះ​ឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​ក៏​បាន​ចេញ​មក​បោះឆ្នោត​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម​នៅ​រដ្ឋ​តិចសាស​នៅ​សប្តាហ៍​នេះ​ហើយ​ពួក​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើនកំពុង​គាំទ្រលោក​ប្រធានា​ធិបតី។

អ្នកស្រី Jennifer Drabbant​ អ្នកគាំទ្រ​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា៖ «លោក​ប្រធានា​ធិបតី​កំពុង​ធ្វើការងារ​ដ៏​ល្អ​យ៉ាង​ច្រើន​សម្រាប់​ប្រទេស​នេះហើយ​ខ្ញុំ​សង្ឃឹម​ថា ​ពួក​គេ​មើល​ឃើញ​ថា ​យើង​មាន​ពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​នៅ​ទី​នេះ​ដែល​គាំទ្រ​ប្រធានា​ធិបតី​របស់​យើង‍»។

លោក​ប្រធានា​ធិបតី​ត្រាំ​ក៏​ជំរុញ​ឲ្យ​ពួក​អ្នក​គាំទ្រ​កុំឲ្យ​នៅ​ស្ងៀមនៅ​ឆ្នាំនេះ។ លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​បាន​ថ្លែង​ថា៖ «អស់​លោក អ្នក ​ដឹង​ទេ​ថា ​អស់លោក ​អ្នក ​កំពុង​បន្ធូ​ដៃ។ លោក ​អ្នក ​កំពុង​មើល​ទូរទស្សន៍​ហើយ​និយាយ​ថា អូរ!ប្រ​ហែល ខ្ញុំ​មិន​ចាំ​បាច់​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​ទេ។ យើង​ទើប​តែ​ឈ្នះ​ឆ្នោត​ប្រធានា​ធិបតី។ ​ហើយ​បន្ទាប់​មក ​យើង​បាន​បរាជ័យ​យ៉ាង​ធ្ងន់ ​ហើយ​យើង​មិន​អាច​ឲ្យ​រឿង​នេះ​កើត​មាន​ឡើង​ទេ‍»។

​លោក​ Bill Gastonជាអ្នក​វិភាគនិយាយ​ថា ថ្វីបើ​មាន​ភាព​លំបាក​ខាង​នយោ​បាយនៅ​ឆ្នាំ​ទី​១​នៃ​ការ​កាន់​ដំណែង​ក៏ដោយ ប្រធានា​ធិបតី​ត្រាំ ​បានប្រមូលផ្តុំ​ពួក​គណ បក្ស​សា​ធារណរដ្ឋ​ឲ្យគាំទ្រ​លោក។ លោក ​Bill Gaston នៃ​វិទ្យា​ស្ថាន Brookings ​បាន​ថ្លែងថា៖ «អ្នក​បោះឆ្នោត​កាន់តែ​ច្រើន​ឡើង​ចូលរួម​ជាមួយ​គណបក្ស​សាធា​រណរដ្ឋ អ្នក​បោះ​ឆ្នោត​ទាំង​នោះ​មាន​ទំនោ​ផ្តល់​ការ​យល់​ព្រម​ដល់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ហើយ​នៅ​ក្នុងការ​ជាក់​ស្តែង ​ខ្ញុំ​គិតថា ​គណបក្ស​សាធារណរដ្ឋ​នៅ​ពេល​ឥឡូវនេះ​ជា​គណបក្ស​របស់​លោក​ ត្រាំ‍»។

ក៏ប៉ុន្តែ ​ទោះ​បី​មាន​អត្រា​នៃការ​គាំទ្រ​នេះ​ក៏ដោយ ការ​គាំទ្រ​នោះ​នៅ​តែ​ទាប​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

លោក​ Tim Malloy​ អ្នក​ស្ទង់មតិការ​បោះឆ្នោត​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ប្រជា​ប្រិយភាព​របស់​ប្រធានា​ធិបតី​ធ្លាក់​ចុះ ​ទំនុក​ចិត្ត​និងការ​ប្រា​ថ្នាបោះឆ្នោត​ឲ្យ​ពួក​គណបក្ស​សាធារណរដ្ឋ​ក៏​ធ្លាក់​ចុះ​ដែរ ​ហើយ​នេះ​ជា​និន្នាការ​ដែល​កំពុង​កើត​មាន​ឡើង​ប្រឆាំង​នឹង​ពួក​គណបក្ស​សាធារណរដ្ឋ។ ពួកគេ​មានការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ដ៏​លំបាក​នៅ​ខាង​មុខ‍»។

លោក​ John Hudak ​និយាយ​ថា សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​សម្រេច​រួច​ទៅ​ហើយ​ថា ​នឹង​ចូល​និវត្តិន៍។ នេះ​ជា​សញ្ញា​មួយ​ទៀតនៃ​អ្វី​ដែល​អាច​ជា​ការ​កើនឡើងនូវការ​គាំទ្រគណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ឆ្នាំ​នេះ។​«មាន​សមាជិក​ជា​ច្រើន​ដែល​នឹង​ចូល​និវត្ត ​ពី​ព្រោះតែ​ទិដ្ឋភាព​នយោបាយ​។​មាន​មនុស្ស​ចង់​បាន​អាសនៈ​ដែលកាន់​កាប់​ដោយពួក​គណបក្ស​សាធារណរដ្ឋ​កាន់​តែ​ច្រើនឡើង​ជាង​អាសនៈ​ដែល​កាន់​កាប់​ដោយ​ពួក​គណបក្ស​ប្រជាធិបតេយ្យ‍»។

ជ័យ​ជម្នះខាង​គណបក្សប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ​អាច​ធ្វើ​ឲ្យ​ជាប់​គាំង​របៀប​វារៈ​របស់​ប្រធានា​ធិបតី​ត្រាំ​នៅ​ក្នុងសភា ​ដែល​អាចជារយៈ​ពេល​២​ឆ្នាំ​ដ៏​លំបាក​សម្រាប់​ប្រធានាធិបតីឆ្ពោះ​ទៅកាន់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​លើក​ក្រោយ​នៅ​ឆ្នាំ​២០២០៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន