រដ្ឋតិចសាសមិន​ប្រាកដ​ជា​បន្ត​គាំទ្រ​លោកត្រាំនោះ​ទេ

រូបឯកសារ៖ លោកប្រធានាធិបតីដូណាល់ ត្រាំថ្លែងនៅក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

រដ្ឋតិចសាសនៅ​តែ​ជា​កន្លែង​សំខាន់​មួយ​ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​ការ​ស្ទង់មតិ​សាធារណៈ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ​តែ​៤៥%​ ប៉ុណ្ណោះ​នៅ​ក្នុង​រដ្ឋតិចសាសនេះ ​ដែល​គាំទ្រ​លោក​ប្រធានាធិបតីត្រាំ។

ដោយសារ​ការ​ផ្លាស់ប្ដូរ​ប្រជាសាស្ត្រ រដ្ឋ តិចសាស ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​រហូត​មក មិន​ប្រាកដ​ថា​បន្ត​គាំទ្រ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ទេ។ លោក​ប្រធានាធិបតី​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ តិចសាស ដោយ​រួម​ទាំង​ការ​ប្រមូល​ផ្ដុំ​សាធារណៈ​ក្នុង​ខែ​នេះ ដែល​ជា​ការ​ឃោសនា​លើក​ទី​បី​ហើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ​ផង​ដែរ។

ប្រជាពលរដ្ឋ​អាមេរិកាំង​នៅ​រដ្ឋតិចសាស សប្បាយ​នឹង​ការ​ជិះសេះ មើល​ថែ​សត្វ និង​ចម្អិន​ម្ហូប​អាហារ។

​ការ​តាំង​ពិព័ណ៌​នៅ​ក្នុង​រដ្ឋ​តិចសាស ប្រមូល​មនុស្ស​មក​ពី​គ្រប់​ទិសទី មិនថា​ពួកគេ​ប្រកាន់​នយោបាយ​ខាង​ណា​នោះ​ទេ។

លោក Mykull Ray អ្នក​រស់នៅ​ក្នុង​រដ្ឋ តិចសាស ម្នាក់​បាន​ថ្លែង​ថា៖

«គេ​តែងតែ​សន្មត​ថា អ្នក​រស់នៅ​រដ្ឋ តិចសាស ទាំងអស់​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។ វាប្រៀប​ដូចជា​គេ​សន្មត​ថា យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចិញ្ចឹម​គោ ជិះ​សេះ និង​ពាក់​មួក cowboy ដើរ​គ្រប់​កន្លែង​អីចឹង»។

រដ្ឋតិចសាសនៅ​តែ​ជា​កន្លែង​សំខាន់​មួយ​ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​ការ​ស្ទង់មតិ​សាធារណៈ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ​តែ​៤៥%​ ប៉ុណ្ណោះ​នៅ​ក្នុង​រដ្ឋតិចសាសនេះ ​ដែល​គាំទ្រ​លោក​ប្រធានាធិបតីត្រាំ។

អ្នកស្រី Temple Gonzales អ្នក​រស់នៅ​រដ្ឋ តិចសាស ម្នាក់​ទៀត​បាន​និយាយ​ថា៖

«​ខ្ញុំ​មិន​ចូលចិត្ត​ពី​របៀប​ដែល​លោក​ប្រធានាធិបតី​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ម្នា​ទេ។ ខ្ញុំ​មិន​ចូល​ចិត្ត​ទាល់​តែ​សោះ។ ខ្ញុំ​គិត​ថា លោក​ត្រូវ​ធ្វើ​ជា​គំរូ​របស់​គេ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា វា​នឹង​អាច​កើតឡើង​នោះ​ទេ»។

លទ្ធផល​នៃ​ការ​ស្ទង់មតិ​ដដែល​នេះ​បង្ហាញ​ថា ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​តិចសាស ៤៨%​នឹង​មិន​បោះឆ្នោត​ឲ្យ​លោក ត្រាំ ទេ នៅ​ឆ្នាំ​២០២០។

ឥឡូវ​នេះ រដ្ឋតិចសាសប្រហែល​ក្លាយ​ជា​គោលដៅ​មួយ​សម្រាប់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ហើយ។ ខណៈ​ដែល​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី ត្រាំ ទៅ​លើ​សេដ្ឋកិច្ច​និង​អន្តោប្រវេសន៍​ប្រហែល​ជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ទីនេះ ការ​ប្រែប្រួល​ប្រជាសាស្ត្រ ដោយ​រួម​ទាំង​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មិន​មែន​ជា​ជនជាតិ​ស្បែកស​និង​និន្នាការ​ដែល​ស្ត្រី​នៅ​តំបន់​ជនបទ​ងាកទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ប្រហែល​ជា​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ពិបាក​នឹង​យក​ជ័យជម្នះ​បាន ជាពិសេស​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​រដ្ឋ​តែ​ម្ដង។

លោក Rodney Anderson នៃ​សង្កាត់ Dallas ខាង​គណបក្ស​សាធារណរដ្ឋ មាន​ប្រសាសន៍​ថា៖

«វា​គឺ​ជា​ការ​ប្រជែង​គ្នា​មួយ​ដែល​មាន​ការ​ប្រកៀកប្រកិត​កាន់​តែ​ខ្លាំង។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នឹង​មិន​ប្ដូរ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ»។ ​

សមាជិក​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា មានហានិភ័យ​ខ្ពស់​សម្រាប់គណបក្ស​របស់​ពួកគេ។

លោក Rodney Anderson នៃ​សង្កាត់ Dallas ខាង​គណបក្ស​សាធារណរដ្ឋ មាន​ប្រសាសន៍​ទៀត​ថា៖

«យើង​មាន​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​លើកនេះ។ យើង​ត្រូវការ​ឲ្យ​អ្នក​គាំទ្រ​ទាំងអស់​ទៅ​បោះឆ្នោត»។

កាលពី​ឆ្នាំ​២០១៦ លោក ត្រាំ ទទួល​បាន​ជ័យជម្នះ​ក្នុង​រដ្ឋតិចសាស ​ចំនួន​៩​ពិន្ទុ តិចជាង​ជំនាន់​លោក Mitt Romney ខាង​គណបក្ស​សាធារណរដ្ឋ​ដែរ ដែល​ទទួល​បាន​ជ័យជម្នះ​រហូត​ដល់​១៦​ពិន្ទុ​ក្នុង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១២។

នៅ​ឆ្នាំ​២០១៨ លោក Ted Cruzonly ខាង​គណបក្ស​សាធារណរដ្ឋ ដែល​កំពុង​កាន់​តំណែង បាន​យក​ជ័យជម្នះ​លើ​លោក Beto O'Rourke ខាង​គណបក្ស​ប្រជាធិបតេយ្យ តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ប្រជែង​យក​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង​ឲ្យ​រដ្ឋ​នេះ។

ដោយ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​នៅ​តែ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ខ្លាំងក្លា​នៅឡើយ អ្នក​វិភាគ​ភាគច្រើន​ទស្សន៍ទាយ​ថា វា​លឿន​ពេក​ហើយ​ក្នុង​ការ​ហៅ​រដ្ឋ តិចសាស ថា​ជា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​គ្នា​ប្រកៀកប្រកិត​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នេះ។

អ្នកស្រី Shannon Bow O'Brien នៃ​សាកលវិទ្យាល័យ តិចសាស ក្នុង​ទីក្រុង Austin និយាយ​ថា៖

«តិចសាស​គឺ​ជា​រដ្ឋ​មួយ​ដែល​កំពុង​មាន​កំណើន​ប្រជាពលរដ្ឋ ជាពិសេស​នៅ​តាម​ទីក្រុង។ ខ្ញុំ​គិត​ថា ភាគច្រើន​នៃ​ពលរដ្ឋ​ដែល​កើន​ឡើង​នៅ​តាមទីក្រុង គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ តិចសាស សាទរ​ចំពោះ​ការ​ប្រែប្រួល​ប្រជាសាស្ត្រ​នេះ ហើយ​មាន​គោលបំណង​ទាក់ទាញ​អ្នកមាន​ទស្សនៈ​ឯករាជ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។

លោក Tramon Arnold ខាង​គណបក្ស​ប្រជាធិបតេយ្យ នៃ​សង្កាត់ Dallas បាន​លើកឡើង​ថា៖

«មាន​មនុស្ស​ជាច្រើន​ដែល​មិន​ពេញចិត្ត​នឹង​រឿង​ដែល​លោក ត្រាំ បាន​ធ្វើ ហើយ​ភាគច្រើន​នៃ​ពួកគេ​គឺ​ជា​អ្នក​ដែល​បោះឆ្នោត​ឲ្យ​លោក ត្រាំ កាល​ពី​លើក​មុន»។

អ្នក​បោះឆ្នោត​ដូចជា​លោក Larry Strauss ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​រហូត​មក គឺជា​សហស្ថាបនិក​នៃ​ក្រុមប្រឹក្សា​ប្រជាធិបតេយ្យ​ជ្វីស​ប៉ែក​ខាង​ជើង​រដ្ឋ តិចសាស ​ក្នុង​ឆ្នាំ​២០១៧។

បន្ទាប់​ពី​លោក​បាន​ឭ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ត្រាំ អំពី​ការ​ប្រមូល​ផ្ដុំ​ពួក​ស្បែក​ស​ជ្រុល​និយម​នៅ​ទីក្រុង Charlottesville រដ្ឋ Virginia ដែល​បាន​ក្លាយ​ជាអំពើ​ហិង្សា​នោះ លោក​បាន​ថ្លែង​ថា៖

«នៅ​ពេល​ដែល​លោក ដូណាល់ ត្រាំ ធ្វើ​អត្ថាធិប្បាយ​ថា មាន​មនុស្ស​ល្អ​ដើរ​ដង្ហែ​ក្បួន​នៅ​ក្នុង​ភាគី​ទាំងពីរ ខ្ញុំគាំង​និយាយ​អ្វី​មិន​ចេញ។ ខ្ញុំ​ក៏​លាលែង​ឈប់​ធ្វើ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ ហើយ​ប្រគល់​កាត​សមាជិក​ឲ្យ​គេ​វិញ»។

ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋ តិចសាស បង្ហាញ​ថា លោក ត្រាំ ទទួល​បាន​ការ​គាំទ្រ​តិច​ជាង​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ថា៖

«ខ្ញុំ​សូម​ប្រាប់​ដល់​អ្នក​ទាំងអស់​គ្នា​ថា ខ្ញុំ​នឹង​មិន​ចាញ់​នៅ​ក្នុង​រដ្ឋតិចសាស ទេ »។

អ្នក​វិភាគ​ភាគច្រើន​គាំទ្រ​ការ​អះអាង​របស់​លោក​ប្រធានាធិបតី​ក្នុង​ពេល​ឥឡូវ​នេះ ប៉ុន្តែ​ពួកគេ​និយាយ​ថា មាន​រឿង​ជាច្រើន​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ខាង​មុខ​នេះ ជាពិសេស​នៅ​ពេល​ដែល​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​កំពុង​តែ​បន្ដ​ដំណើរការ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា