ក្រុមហ៊ុន​រដ្ឋ​តិចសាស់​បង្ហាញ​ការ​លក់​គ្រឿង​សញ្វាវុធ​សម្លាប់​មនុស្ស​ទៅ​ប្រទេស​អ៊ុយក្រែន

រូបឯកសារ៖ ជន​សកម្មប្រយុទ្ធ​ម្នាក់​ជាមួយ​នឹង​អាវុធ​បេ​ RPG-7 ផលិត​នៅ​​អតីត​សហភាព​សូវៀត ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុមហ៊ុន​របស់​ស.រ.អា​មួយ​និយាយ​ថា​ ខ្លួន​បាន​លក់​គ្រឿង​សញ្វាវុធ​ទៅ​ឲ្យ​ប្រទេសអ៊ុយក្រែន ​មុន​ពេល​ការ​សម្រេច​ចិត្ត​ដែល​គេ​រំពឹង​ទុក​ពីរដ្ឋបាល​របស់លោក ​ប្រធានាធិបតី ​ត្រាំ ​ដែល​ត្រូវ​សម្រេចថា​តើ​ត្រូវ​លក់​គ្រឿង​សញ្វាវុធ​ទាំង​នោះ​ដល់​ប្រទេស​អ៊ុយក្រែន​ឬ​យ៉ាង​ណា​នោះ។

លោក​ Richard Vandiver ​នាយក​គ្រប់គ្រង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន ​AirTronic, USA,​ បាន​ថ្លែង​ប្រាប់ ​VOA​ ភាសា​អ៊ុយក្រែន​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ប្រសាសន៍​ដើម​ថា៖ «យើង​បាន​ចាប់​ផ្តើម​នាំ​ទំនិញ​របស់​យើង​ទៅ​កាន់​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​ទៅ​ ហើយ​យើង​បន្ត​នាំ​ទំនិញ​បន្ត​បន្ទាប់​ថែម​ទៀត​រហូត​ដល់​បច្ចុប្បន្ន​នេះ‍»។

លោក​ Richard Vandiver បាន​បន្ថែមថា​ ការ​លក់​គ្រឿង​សព្វាវុធ​ដែល​ផ្តាច់​ផ្តិល​ជីវិតមនុស្ស​ (Lethal Arms )​ទាំង​នោះ​គឺ​ត្រូវ​កំណត់ត្រឹម​តែ​គ្រឿង​សព្វាវុធ​ដែល​បាញ់​ការពារ​ចំងាយ​ជិតៗ​តែ​ប៉ុណ្ណោះ ​សំខាន់​ជាង​គេ​នោះ​គឺ​រ៉ុកកែត​បាញ់​ចេញ​ពី​លើ​ស្មា ​ដែល​ត្រូវ​គេ​ផលិត ​និង​ ធ្វើ​ទំនើប​កម្ម​ជាង​អាវុធ​ប្រឆាំង​រថក្រោះ​របស់​រុស្ស៉ី​ តែ​ត្រូវ​គេ​ប្រើ​យ៉ាង​ទូលំ​ទូលាយ​នោះ។​ ប្រទេស​អ៊ុយក្រែន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រឆាំង​នឹង​ក្រុម​បំបែក​រដ្ឋ​ដែល​ទទួល​ការហ្វឹកហ្វឺន​និង​គាំទ្រ​ថវិកា​ដោយ​រុស្ស៉ី​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស។​ ហើយ​អ៊ុយក្រែន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​វាយ​ប្រហារ​ដោយ​កង​រថក្រោះ។

សភា​ស.រ.អា​បាន​អនុម័ត​ថវិកា​ចំនួន ​៣៥០​ លាន​ដុល្លារ ​ជា​ជំនួយ​ផ្នែក​សន្តិសុខ​ដល់​ប្រទេស​អ៊ុយក្រែន​ រួមទាំង​ការផ្តល់​ថវិកា​ចំនួន ​៤៧ លាន​ដុល្លារ​សម្រាប់​ការទិញ​អាវុធ​ទៀត​ផង ​ក្នុង​ពេល​អនុម័ត​ច្បាប់​ថវិកា​ការពារ​ជាតិ​ថ្មីៗ​បំផុត​នេះ៕