ក្រុមមន្រ្តីនៃប្រទេសទុយនីស៊ីនិយាយថា ការវាយប្រហារភេរវកម្មនៅជិតសណ្ឋាគារមួយកន្លែងនៅឆ្នេរសមុទ្រមីឌីទែរ៉ាណេបានធ្វើឲ្យមនុស្ស៣៧នាក់ស្លាប់ រួមមានជនជាតិអង់គ្លេស អាល្លឺម៉ង់ និងបែលហ្សិក។
ក្រុមមន្រ្តីក្រសួងមហាផ្ទៃនិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារកាលពីថ្ងៃសុក្រទៅលើមនុស្សនៅឆ្នេរសមុទ្រជិតសណ្ឋាគារ Imperial Marhaba នៅក្នុងទីក្រុង Sousse នៃប្រទេសទុយនីស៊ី ដែលជាកន្លែងដ៏មានប្រជាប្រិយភាពសម្រាប់អ្នកទេសចរណ៍មកពីទ្វីបអឺរ៉ុប ហើយនិងប្រទេសផ្សេងៗទៀតមកពីតំបន់អាហ្វ្រិកខាងជើង។
ក្រុមមន្រ្តីនិយាយថា កងកម្លាំងសន្តិសុខបានឆ្លើយតបដល់ការវាយប្រហារនោះ ហើយថា ខ្មាន់កាំភ្លើងយ៉ាងហោចណាស់ក៏ម្នាក់ដែរបានស្ថិតនៅក្នុងចំណោមមនុស្សស្លាប់ទាំងនោះ។ មនុស្ស៣៦នាក់បានរងរបួស។
លោក Mohammed Ali Aroui អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា «ខ្មាន់កាំភ្លើងបានចូលទៅក្នុងបរិវេណសណ្ឋាគារនោះ ហើយបានចាប់ផ្តើមបាញ់ប្រហារទៅលើអ្នកទេសចរណ៍ និងបុគ្គលិកសណ្ឋាគារ ហើយនិងមនុស្សដែលស្ថិតនៅក្នុងបរិវេណនោះ។ យើងបានឡោមព័ទ្ធតំបន់នោះ ហើយកំពុងឆែកឆេរមនុស្ស»។
ខ្មាន់កាំភ្លើងម្នាក់ទៀតបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវនៅឡើយទេ។
លោកនាយករដ្ឋមន្រ្តី David Cameron នៃប្រទេសអង់គ្លេស និងលោក Matteo Renzi នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលីបានសម្តែងនូវសាមគ្គីភាពជាមួយពលរដ្ឋទុយនីស៊ី និងពលរដ្ឋបារាំង បន្ទាប់ពីការវាយប្រហារភេរវកម្មនៅក្នុងប្រទេសទាំង២នោះ កាលពីថ្ងៃសុក្រម្សិលមិញ។
លោកនាយករដ្ឋមន្រ្តីអង់គ្លេសបានមានប្រសាសន៍ថា «បេះដូងរបស់ខ្ញុំបានស្ថិតនៅជាមួយជនរងគ្រោះនៃការវាយប្រហារភេរវកម្មដ៏គួឲ្យរន្ធត់។ខ្ញុំ បាននិយាយជាមួយប្រធានាធិបតីបារាំង Francois Hollande នៅឯក្រុមប្រឹក្សាអឺរ៉ុប ហើយសូមចូលរួមរំលែកទុក្ខ និងសាមគ្គីភាពជាមួយប្រជាពលរដ្ឋបារាំងនៅពេលនេះ។ ខ្ញុំនឹងនិយាយជាមួយរដ្ឋាភិបាលទុយនីស៊ី ហើយជាថ្មីម្តងទៀតសូមចូលរួមការរំលែកទុក្ខ និងសាមគ្គីភាពនៅក្នុងការប្រយុទ្ធភេរវកម្មដ៏ព្រៃផ្សៃនេះ»៕