ក្រុមគ្រូបង្រៀនបានដើរធ្វើបាតុកម្មតាមផ្លូវក្នុងក្រុងហុងកុង កាលពីថ្ងៃសៅរ៍ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ពួកសកម្មជនដែលបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជិតបីខែមកហើយ។
លោក Yu ដែលជាគ្រូខាងភ្លេងនៅឯវិទ្យាល័យមួយបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ខ្ញុំសូមសរសើរសេចក្តីក្លាហាននិងការគិតគូររបស់ពួកគេដល់ក្រុងហុងកុង។ ពួកសកម្មជនទាំងនេះក្លាហានជាងរដ្ឋាភិបាលយើងទៅទៀត»។
ក្រុមគ្រូបង្រៀនទាំងនេះបានជួបជុំគ្នានៅក្នុងសង្កាត់ហិរញ្ញវត្ថុនៅមុនពេលពួកគេដើរទៅកាន់វិមានរដ្ឋាភិបាលដែលជាលំនៅដ្ឋានរបស់លោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុង។
ការប្រជុំគ្នាធ្វើបាតុកម្មមានកំណត់ធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅទូទាំងក្រុងហុងកុង។
ជាធម្មតាមានការធ្វើបាតុកម្មនៅចុងសប្តាហ៍ ក៏ប៉ុន្តែបាតុកម្មកាលពីចុងសប្តាហ៍មុននៅឯអាកាសយានដ្ឋានហុងកុងបានធ្វើបន្តដល់សប្តាហ៍ធ្វើការងារដែលនាំឱ្យមានការគាំងដំណើរបីបួនថ្ងៃនៅឯអាកាសយានដ្ឋាននេះដែលជាចំណតយន្តហោះមមាញឹកបំផុតមួយក្នុងពិភពលោកហើយក៏នាំឱ្យមានការប៉ះទង្គិចគ្នារវាងពួកបាតុករនិងពួកប៉ូលិសទប់ទល់នឹងកុបកម្មផងដែរ។
បាតុកម្មទាំងនេះបានចាប់ផ្តើមជាការតវ៉ាដោយសន្តិវិធីដើម្បីបញ្ឈប់សេចក្តីព្រាងច្បាប់បត្យាប័នមួយដែលអនុញ្ញាតឱ្យពួកជនជាប់សង្ស័យពីបទឧក្រិដ្ឋប្រឈមនឹងការកាត់ទោសនៅក្នុងប្រព័ន្ធច្បាប់ស្រពិចស្រពិលនៃប្រទេសចិនដីគោក។
ជួនកាលបាតុកម្មទាំងនោះបានក្លាយទៅជាអំពើហិង្សា។ បាតុកម្មទាំងនេះបានវិវឌ្ឍទៅជាចលនាមួយទាមទារឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យនៅហុងកុង៕