ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ចិន​វាយ​ប្រហារ​អាមេរិក​​ថា​នៅ​ពី​ក្រោយ​ចលាចល​នៅ​ហុងកុង


រូបឯកសារ៖ លោក​ Wang Wentian​ ​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពីទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន នៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (រូបថតដោយស្ថានទូតចិនប្រចាំកម្ពុជា)
រូបឯកសារ៖ លោក​ Wang Wentian​ ​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពីទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន នៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (រូបថតដោយស្ថានទូតចិនប្រចាំកម្ពុជា)

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​មន្ត្រី​ការ​បរទេស​​សហរដ្ឋ​អាមេរិក​សម្តែង​កង្វល់​​ចំពោះ​ភាព​តាន​តឹង​នៃ​ចលនា​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​ ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​ចោទ​អាមេរិក​ថា​ កំពុង​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ចិន​ ហើយ​អាមេរិក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ចលាចល​នៅ​ក្រុង​ហុងកុង។​

ប្រទេស​ចិន​បាន​វាយ​ប្រហារ​សហ​រដ្ឋ​អាមេរិកដោយ​សម្តី​ធ្ងន់ៗ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​និយាយ​ថា​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​តវ៉ា​ដ៏​ជ្រួល​ច្របល់​នៅ​ទី​ក្រុង​ហុងកុង។​

ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ ​សហ​រដ្ឋ​អាមេរិក​«ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង»​ ចំពោះ​ស្ថាន​ការណ៍​ដែល​កំពុង​រំជើប​រំជួល​នៅ​ហុងកុង។​

ក្រុម​អ្នក​តវ៉ា​ដែល​លម្អៀង​ទៅ​រកលទ្ធិ​ប្រជា​ធិបតេយ្យ​បានធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បត្យាប័ន​អស់​រយៈពេល​១០​សប្តាហ៍មក​ហើយ។​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បត្យាប័ន​នេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ចាប់​បញ្ជូន​ខ្លួន​អ្នកទោស​ដែល​គេច​ខ្លួនទៅ​ប្រទេស​ចិន​វិញ។ ​ការ​តវ៉ា​នេះ​បាន​ពុះ​កញ្ជ្រោល​កាន់​តែ​ខ្លាំង​ឡើងៗ​និង​បង្ក​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់​និង​មាន​ការ​ស្លាប់​មួយ​ចំនួន​ផង​ដែរ។​

លោក​ Wang Wentian ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ សរសេរ​ក្នុង​សេចក្តី​អធិប្បាយ​កម្រាស់​បួន​ទំព័រលើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិនថា​ សហ​រដ្ឋ​អាមេរិកបាន​«ធ្វើ​ជា​ខ្នង​បង្អែក»​ដល់​ក្រុម​អ្នក​តវ៉ា​នៅ​ហុងកុង​ ​ដែល​ប៉េកាំង​បាន​ហៅ​ថា​«ជាក្រុម​សកម្ម​ជន​បង្ក​ហិង្សា​ខុស​ច្បាប់»។​

លោក ​Wang ​បន្ត​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេរិក​ថា​ «ជា​តួអង្គ​មិន​ល្អ​និង​កំពុង​ដើរ​តួ​ក្នុង​ស្ថានភាព​ចលាចល​ទី​ក្រុង​ហុងកុង‍»។​

ឯក​អគ្គរដ្ឋ​ទូត​ចិន​ដដែល​បាន​ភ្ជាប់​សហរដ្ឋ​អាមេរិក​ទៅ​នឹង​ចលនា​បដិវត្តន៍​ពណ៌​ដែល​បាន​កើត​ឡើង​នៅ​អឺរ៉ុប​ខាង​កើត ​អាស៊ី​កណ្តាល ​ព្រមទាំងក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក។​

អ្នក​ការ​ទូត​ចិន​រូប​នេះ​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​យក​លេស​ស្តីពី​«លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព»​ធ្វើ​ជា​របាំង​មុខ​ក្នុង​ការ​«បង្ក​ចលាចល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​និង​ផ្លាស់​ប្តូរ​អំណាច​នយោបាយ​ក្នុង​ប្រទេស​ដទៃ»។​

នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ថ្មី​ម្តងទៀត​របស់​ប្រ​ធាន​បេសកកម្ម​ការទូត​ចិន​នៅ​កម្ពុជា​ មក​លើ​សហ​រដ្ឋ​អាមេរិក​ បន្ទាប់ពី​បាន​ស្ងប់​ស្ងាត់មួយ​រយៈ។​

នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​របស់​ខ្លួន​ ​ឯកអគ្គ​រដ្ឋ​ទូច​ចិន​លោក​ Wang Wentian ​បាន​លើក​សរសើរ និង​អរគុណ​ប្រទេស​កម្ពុជា​ថា​ គឺ​ជា​«មិត្ត»​ដែល​គាំទ្រ​ជំហរ​របស់​ប្រទេស​ចិន​ពីដើម​រៀង​មក។​

លោក​ Wang ​ក៏​បាន​និយាយ​យោង​ដល់ការ​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​កាសែត​អាមេរិក​ The Wall Street Journal ​ទាក់​ទង​នឹងការណ៍​ដែល​ថា​ ​ប្រទេស​ចិន​ចង់​សាង​សង់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​កម្ពុជា​ និង​ព័ត៌មាន​មួយ​ទៀត​ដែល​អះអាង​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​យោធា​របស់​ចិន​នៅ​ខេត្ត​កោះកុង​របស់​កម្ពុជា។​

អ្នក​ការទូត​រូប​នេះ​ចោទ​បន្ត​ថា​ ការ​ផ្សព្វ​ផ្សាយ​នេះ​គឺ​ជា​ចេតនា​«ប្រឌិត​ព័ត៌មាន»​ដែល​ចង់​«លាប​ពណ៌និ​ង​បំផ្លាញ​កិច្ច​សហ​ប្រតិបត្តិការ​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ចិន​និង​កម្ពុជា»។​

អ្នកស្រី​ Emily V Zeeberg ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មិន​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ Wang Wentian ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​នោះ​ទេ។​

គួរ​បញ្ជាក់​ថា​ ​ការ​តវ៉ា​របស់​សកម្ម​ជន​លម្អៀង​ទៅរកប្រជាធិបតេយ្យ​នៅ​ទី​ក្រុង​ហុងកុង​គឺ​ក្នុង​គោលដៅ​ទាមទារ​ឲ្យ​មេដឹក​នាំ​ទីក្រុង​ហុងកុង​គឺ​អ្នកស្រី​ Carrie Lam លុប​ចោលសេចក្តី​ស្នើ​ច្បាប់​បត្យាប័ន។​

លោក​ឯម សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សារ​នយោបាយ​របស់​ឯក​អគ្គរដ្ឋ​ទូត​ចិន​គឺ​ចង់​ពញ្ញាក់​ស្មារតី​អាមេរិក​និង​អង់គ្លេស​កុំ​ឲ្យ​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​ទីក្រុង​ហុងកុង។​

«ហុងកុង​ជា​អតីត​ដែន​ដី​អាណានិគម​របស់​អង់​គ្លេស​ ហើយអង់​គ្លេស​និង​សហរដ្ឋ​អាមេរិកតែង​តែ​ឈឺ​ឆ្អាល​ពាក់​ព័ន្ធ​នឹង​សេរីភាព​របស់​ពលរដ្ឋ​ហុងកុង​ ហើយ​កិច្ច​ការ​នេះ​ធ្វើ​ឲ្យ​ចិន​បារម្ភ​ ហើយ​និង​ចង់​ពញ្ញាក់​ស្មារតី​បណ្តា​លោក​ខាង​លិច​កុំឲ្យ​លូក​ចូល​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង[ចិន]»។​

VOA ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ទេ​ ទាំង​តាម​ទូរស័ព្ទ​ដៃ​ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ WhatsAPP​ បាន​ទេ​នៅ​ថ្ងៃ​នេះ៕

XS
SM
MD
LG