ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​គាំទ្រ​ចំណាត់​ការ​រដ្ឋាភិបាល​ចិន​រឿង​បាតុកម្ម​នៅ​ដែនដី​ហុង​កុង


ពលរដ្ឋហុងកុងដែលគាំទ្ររដ្ឋាភិបាលហុងកុងបាននាំគ្នាកាន់ទង់ជាតិចិន នៅក្នុងការដើរហែរក្បួនមួយដោយបង្ហាញការគាំទ្រប៉ូលិស និងទាមទារឲ្យបញ្ចប់អំពើហិង្សានៅក្រុងហុងកុង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។ (REUTERS/Thomas Peter)
ពលរដ្ឋហុងកុងដែលគាំទ្ររដ្ឋាភិបាលហុងកុងបាននាំគ្នាកាន់ទង់ជាតិចិន នៅក្នុងការដើរហែរក្បួនមួយដោយបង្ហាញការគាំទ្រប៉ូលិស និងទាមទារឲ្យបញ្ចប់អំពើហិង្សានៅក្រុងហុងកុង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។ (REUTERS/Thomas Peter)

សេចក្តី​ថ្លែងការណ៍​កម្ពុជា​បាន​កើតឡើង​ក្នុងពេល​ក្រុមអ្នក​តវ៉ា​ដែល​លម្អៀង​ទៅរក​លទ្ធិ​ប្រជាធិប​តេយ្យ​បាន​ធ្វើ​បាតុកម្ម​ពាសពេញ​ទីក្រុង​ហុងកុង​១០សប្តាហ៍​មក​ហើយ។

ក្រៅពី​សង្កត់ធ្ងន់​ទៅលើ​ការ​គោរព​«គោល​នយោបាយ​ចិន​តែមួយ» ​ក្រសួងការ​បរទេស​កម្ពុជា​នៅ​ថ្ងៃសៅរ៍​នេះ ​បាន​ចាត់​ទុកថា​ស្ថានការណ៍​នៅ​ដែនដី​ហុងកុង ​ដែល​កំពុង​តែ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដឹកនាំ​ចិន​នោះ ​គឺជា​រឿង​ផ្ទៃក្នុង​ ហើយ​ប្រកាស​គាំទ្រ​«ចំណាត់ការ​របស់​ចិន»។ ​ការ​ប្រកាស​ពី​ជំហរ​កម្ពុជា​នេះ​កើត​ឡើង​ក្រោយ​មួយ​ថ្ងៃ ដែល​ចិន​បាន​វាយ​ប្រហារ​អាមេរិក​ថា​នៅពី​ក្រោយ​ស្ថានការណ៍​ហុងកុង។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់ថា​ កម្ពុជា​ចង់​ឃើញ​ការ​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឆាប់ៗ​ និង​សុខ​សន្តិភាព​របស់​ប្រជាជន​ហុងកុង​ទាំង​មូល។

«ប្រទេស​កម្ពុជា​គាំទ្រ​នូវ​រាល់​ចំណាត់​ការ​ចាំ​បាច់​នានា​របស់​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​និង​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង ​ដើម្បី​រក្សា​សន្តិភាព​សណ្តាប់​ធ្នាប់​សាធារណៈ ​សន្តិសុខជាតិ​ និង​ការ​រួមរស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុម​រមនា​ក្នុង​សង្គម ​ដោយ​អនុលោម​ទៅតាម​ច្បាប់​និង​បទបញ្ញត្តិ​ទាំងឡាយ​របស់​ប្រទេស​និង​ការ​ប្រតិបត្តិ​ជា​អន្តរជាតិ»។

សេចក្តី​ថ្លែងការណ៍​កម្ពុជា​បាន​កើតឡើង​ក្នុងពេល​ក្រុមអ្នក​តវ៉ា​ដែល​លម្អៀង​ទៅរក​លទ្ធិ​ប្រជាធិប​តេយ្យ​បាន​ធ្វើ​បាតុកម្ម​ពាសពេញ​ទីក្រុង​ហុងកុង​១០សប្តាហ៍​មក​ហើយ។ បាតុកម្ម​នេះ​ដំបូង​គឺ​ដើម្បី​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បត្យាប័ន​ដែល​អាច​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​កាត់ទោស​នៅចិន​ដីគោក ហើយ​ក្រោយ​មក​ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​មាន​លំហរ​ប្រជាធិបតេយ្យ​នៅដែន​ដី​ហុងកុង។ ​

ការតវ៉ា​នេះ​បាន​ពុះកញ្ជ្រោល​កាន់​តែខ្លាំង​ឡើងៗ​ដែល​ឈាន​ដល់​ការ​បិទ​ព្រលាន​យន្តហោះ​ ហាង​ទំនិញ​ បង្ក​អំពើ​ហិង្សា​រវាង​បាតុករ​នឹង​អាជ្ញាធរ​ ហើយ​បង្ក​ឲ្យ​មាន​មនុស្ស​របួស​និង​ស្លាប់​មួយ​ចំនួន​ផងដែរ។​ អាជ្ញាធរ​បាន​ពង្រឹង​សន្តិសុខ​ខ្លាំង​ឡើងៗ ​ដោយ​មាន​យោធា​និង​ប៉ូលិស​បំពាក់​គ្រឿង​សញ្វាវុធ​ទប់ទល់​បាតុកម្ម​ផង​ដែរ​ក្រៅពី​បាន​ចាប់ខ្លួន​ក្រុមអ្នក​តវ៉ា​រាប់រយ​នាក់។

ប្រទេស​ចិន​បាន​វាយ​ប្រហារ​ពាក្យ​សម្តី​ប្រឆាំង​នឹង​សហ​រដ្ឋ​អាមេរិក​យ៉ាង​ធ្ងន់ៗ​ កាល​ពីថ្ងៃ​សុក្រ​នេះ​ ដោយ​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​តវ៉ា​ដ៏​ជ្រួល​ច្របល់​នៅ​ទី​ក្រុង​ហុងកុង ​តែគ្មាន​ការ​បញ្ជាក់​ពី​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ។​

ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ ​សហរដ្ឋ​អាមេរិក​«ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង»​ ចំពោះ​ស្ថាន​ការណ៍​ដែល​កំពុង​រំជើប​រំជួល​នៅ​ហុងកុង។​

លោក​ Wang Wentian ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ សរសេរ​ក្នុង​សេចក្តី​អធិប្បាយ​កម្រាស់​បួន​ទំព័រលើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិនថា​ សហរដ្ឋ​អាមេរិក​បាន​«ធ្វើ​ជា​ខ្នង​បង្អែក»​ដល់​ក្រុម​អ្នក​តវ៉ា​នៅ​ហុងកុង​ ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ហៅ​ថា​«ជាក្រុម​សកម្ម​ជន​បង្ក​ហិង្សា​ខុស​ច្បាប់»។​

លោក ​Wang ​បន្ត​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​ «ជា​តួអង្គ​មិន​ល្អ​និង​កំពុង​ដើរ​តួ​ក្នុង​ស្ថានភាព​ចលាចល​ទី​ក្រុង​ហុងកុង»។​

ការវាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ពី​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​កើត​ឡើង​មួយ​ថ្ងៃមុន​សេចក្តី​ថ្លែង​ការណ៍​របស់​កម្ពុជា​បញ្ជាក់​ពី​គោលជំហរ​របស់​ខ្លួន ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ស្ថានការណ៍​ហុងកុង​ដែល​ចិន​ត្រូវ​ដោះស្រាយ​រឿងនេះ​ឲ្យ​បាន​ចប់​ឆាប់ៗ​នោះ៕

XS
SM
MD
LG