ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីយុទ្ធសាស្ត្រសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានវិធីដែលប្រទេសនេះ អាចទប់ទល់ប្រឆាំងនឹងកងទ័ពរុស្ស៊ី ហើយក៏បានពិភាក្សាជុំវិញបញ្ហានេះ ជាមួយសហរដ្ឋអាមេរិកផងដែរ។ នេះ បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។
កោះតៃវ៉ាន់ ដែលត្រូវបានប្រទេសចិនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះ បានបង្កើនការប្រុងប្រយ័ត្នខ្ពស់របស់ខ្លួន ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនមក ដោយខ្លួនបារម្ភថា រដ្ឋាភិបាលទីក្រុងប៉េកាំង អាចចាត់វិធានការប្រហាក់ប្រហែលនឹងរុស្ស៊ីដែរ ទៅលើដែនកោះរបស់ខ្លួន ទោះបីជាកោះតៃវ៉ាន់ មិនបានបង្ហាញពីសញ្ញាណាមួយដែលថា រឿងនេះ នឹងកើតមានឡើងក៏ដោយ។
ផលប៉ះពាល់ពីសង្គ្រាមដែលអាចកើតពីកម្លាំងយោធារបស់ចិនទៅលើកោះតៃវ៉ាន់ និងរបៀបដែលចិនអាចធ្វើការវាយប្រហារទៅលើដែនកោះមួយនេះ កំពុងត្រូវបានពិភាក្សាគ្នាយ៉ាងទូលំទូលាយ នៅក្នុងចំណោមមជ្ឈដ្ឋានផ្លូវការក្នុងទីក្រុងតៃប៉ិ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំសភាតៃវ៉ាន់នោះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng និយាយថា តៃវ៉ាន់ បានទាក់ទងជាមួយបណ្តាប្រទេសមួយចំនួន អំពីយុទ្ធសាស្ត្រសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយបានបង្កើតក្រុមការងារមួយរបស់ខ្លួន ដើម្បីសិក្សាអំពីសង្គ្រាមនោះ។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់រូបនេះបន្តទៀតថា ប្រធានបទមួយចំនួន ដែលកោះតៃវ៉ាន់កំពុងតាមដាននោះ គឺរួមមានភាពទន់ខ្សោយរបស់កងកម្លាំងរស្ស៊ី និងការតស៊ូរបស់កងកម្លាំងអ៊ុយក្រែនជាដើម។
លោកបន្ថែមទៀតថា «កោះតៃវ៉ាន់ មិនគ្រាន់តែពិភាក្សាក្នុងកិច្ចប្រជុំជាមួយសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានពិភាក្សាផងដែរជាមួយបណ្តាប្រទេសមួយចំនួន ដែលមានទំនាក់ទំនងជាប្រចាំជាមួយកោះតៃវ៉ាន់នោះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់រូបនេះ ដោយមិនបរិយាយលម្អិតបន្ថែម។
លោកថា ក្រុមសិក្សារបស់តៃវ៉ាន់ទៅលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះក៏រួមមាន ក្រុមបញ្ញវន្តមកពីសាកលវិទ្យាល័យការពារជាតិតៃវ៉ាន់ផងដែរ។
លោកបន្ថែមទៀតថា «បើទោះបីជាយ៉ាងនេះក្តី យើងមិនរួសរាន់ក្នុងការថ្លែងសារណាមួយនោះឡើយ ប៉ុន្តែតាមរយៈការពិភាក្សាផ្ទៃក្នុងរបស់យើង ដែលមានសារៈសំខាន់ ដើម្បីទទួលបានលទ្ធផលមួយ ដែលអាចជួយដល់ការបង្កើតគ្រឿងសព្វាវុធ បរិក្ខាយោធា និងការរៀបចំសម្រាប់ការធ្វើសង្គ្រាម»។
កោះតៃវ៉ាន់មានកម្លាំងទ័ពអាកាសជាច្រើន ដែលបំពាក់ដោយឧបករណ៍ទំនើបៗ និងកំពុងអភិវឌ្ឍន៍សមត្ថភាពកាំជ្រួមីស៊ីលដ៏ខ្លាំងរបស់ខ្លួនផងដែរ។
ប្រទេសចិន បានបង្កើនការដាក់សម្ពាធលើដែនកោះតៃវ៉ាន់ អស់រយៈពេលជាង២ឆ្នាំមកហើយ។
តៃវ៉ាន់បានបដិសេធការទាមទារបូរណភាពទឹកដីរបស់ចិនដីគោក ដោយនិយាយថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចនូវអនាគតរបស់ខ្លួនបាន៕