សមយុទ្ធយោធាដ៏សំខាន់របស់កោះតៃវ៉ាន់នៅឆ្នាំនេះនឹងដកស្រង់បទពិសោធពីសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនដោយផ្តោតលើការប្រយុទ្ធដែលប្រើសង្គ្រាមចិត្តសាស្ត្រនិងបច្ចេកទេសជាន់ខ្ពស់ដែលធ្វើឲ្យសត្រូវមានការលំបាកក៏ដូចជាការប្រើប្រាស់នូវការបម្រុងនានាដើម្បីទប់ទល់នឹងការវាយប្រហាររបស់ប្រទេសចិនដីគោក។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់តៃវ៉ាន់មួយរូបនៅថ្ងៃពុធនេះហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
តៃវ៉ាន់ដែលត្រូវចិនទាមទារថាជាទឹកដីរបស់ខ្លួនបានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបារម្ភថា រដ្ឋាភិបាលក្រុងប៉េកាំងអាចចាត់វិធានការលើខ្លួនដូចរុស្ស៊ីបានធ្វើទៅលើអ៊ុយក្រែនដែរ។ ទោះជាយ៉ាងណាក្តី ក៏តៃវ៉ាន់មិនបានរាយការណ៍ថា មានសញ្ញាណាមួយដែលថារឿងដូចគ្នានេះនឹងជិតកើតមាននោះឡើយ។
អ្វីដែលជាមេរៀនដើម្បីសិក្សាពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានពិភាក្សាវែកញែកយ៉ាងទូលំទូលាយនៅកោះតៃវ៉ាន់ហើយក៏ត្រូវបានយកទៅពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។នេះបើតាមការឲ្យដឹងរបស់រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់។
លោក Lin Wen-huang ប្រធាននាយកដ្ឋានប្រតិបត្តិការរួមនៃក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ការធ្វើសមយុទ្ធយោធា Han Kuang របស់កោះតៃវ៉ាន់ក្នុងឆ្នាំនេះនឹងប្រើប្រាស់ការធ្វើត្រាប់ដូចជាការចូលឈ្លានពានរបស់ចិនទៅលើកោះតៃវ៉ាន់។ នេះជាសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំមួយរបស់តៃវ៉ាន់ដែលនឹងដកស្រង់នូវបទពិសោធន៍ពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
មន្ត្រីតៃវ៉ាន់រូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ជាការពិតណាស់គឺយើងនឹងតាមដានដោយយកចិត្តទុកដាក់លើសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែននិងសកម្មភាពរបស់កងទ័ពកុម្មុយនីស្តចិន ហើយអនុវត្តនូវសមយុទ្ធយោធារបស់យើង»។
សហរដ្ឋអាមេរិកដែលជាប្រទេសគាំទ្រនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់កោះតៃវ៉ាន់ក៏បានតាមដានមេរៀនយុទ្ធសាស្ត្រពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនសម្រាប់កោះតៃវ៉ាន់ហើយកំពុងពិចារណាពីរបៀបដែលដែនកោះមួយនេះអាចត្រៀមរៀបចំខ្លួនក្នុងករណីដែលមានការឈ្លានពានពីចិនដីគោគ។
លោក Matthew Pottinger ជាអតីតទីប្រឹក្សារងសន្តិសុខជាតិអាមេរិកនៅក្នុងរដ្ឋបាលរបស់លោក Trumpបានប្រាប់វេទិកាមួយដែលត្រូវបានរៀបចំដោយមូលនិធិសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យថា តៃវ៉ាន់ត្រូវយកគំរូតាមអ៊ុយក្រែនក្នុងការហ្វឹកហាត់ក្រុមអ្នកបាញ់កាំភ្លើងត្រង់និងធ្វើឲ្យប្រសើរឡើងនូវឧបករណ៍បំផ្ទុះរបស់ខ្លួន។
លោកនិយាយថាទៀតថា៖ «មានការងារជាច្រើនទៀតដែលសហរដ្ឋអាមេរិកត្រូវធ្វើនៅកោះតៃវ៉ាន់»។
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រាប់ទូរទស្សន៍CNNកាលពីខែតុលា ឆ្នាំ ២០២១ថា សហរដ្ឋអាមេរិកបានជួយរួចហើយដល់បុគ្គលិកយោធាតៃវ៉ាន់ ក៏ប៉ុន្តែកម្របានផ្សព្វផ្សាយឲ្យដឹងអំពីរឿងនេះ។ កងទ័ពអាមេរិកមួយចំនួនតូចបានទៅដល់កោះតៃវ៉ាន់និងបានហ្វឹកហាត់កងទ័ពតៃវ៉ាន់៕
តៃវ៉ាន់និយាយថា ជម្លោះអ៊ុយក្រែននឹងផ្តល់សារៈសំខាន់ដល់សមយុទ្ធយោធារបស់ខ្លួនក្នុងឆ្នាំនេះ
តៃប៉ិ —