កងកម្លាំងរដ្ឋាភិបាលស៊ីរីបានបន្តការវាយលុករបស់ពួកគេលើផ្នែកខាងកើតនៃក្រុង Aleppo ដែលកាន់កាប់ដោយពួកឧទ្ទាម ក្រោយពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានបរាជ័យក្នុងការអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃសៅរ៍ អំពីកិច្ចឈប់បាញ់គ្នាដើម្បីបញ្ឈប់ការទម្លាក់គ្រប់បែកដ៏ប្រល័យក្នុងក្រុងនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសស៊ីរី Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបាននិយាយថា កងកម្លាំងរបបគ្រប់គ្រងស៊ីរី និងពួកសម្ព័ន្ធមិត្តរបស់ពួកគេបានជម្រុលទៅមុខពីផ្លូវមួយទៅផ្លូវមួយទៀតនៅក្នុងប៉ែកខាងកើតនៃក្រុង Aleppo ដែលស្ថិតនៅក្រៅការត្រួតត្រារបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១២មក ហើយអង្គការនេះបានថ្លែងបន្ថែមថាកងកម្លាំងរបបគ្រប់គ្រងស៊ីរី បានត្រួតត្រាផ្លូវត្រឡែងកែង Jandul នៅក្នុងប៉ែកឦសាននៃក្រុងនេះ។
អង្គការនេះបាននិយាយថា ជនស៊ីវិល២៩០នាក់ បានស្លាប់នៅក្នុងការបាញ់កាំភ្លើងធំក្នុងសង្កាត់ខាងកើតនៃក្រុង Aleppo ហើយជនស៊ីវិល៥០នាក់ទៀតបានបាត់បង់ជីវិតនៅក្នុងការបាញ់កាំភ្លើងធំដោយពួកឧទ្ទាមក្នុងសង្កាត់ខាងលិចនៃក្រុងនេះដែលត្រួតត្រាដោយរបបគ្រប់គ្រងស៊ីរី។
កាសែតប្រចាំថ្ងៃឈ្មោះ Al-Watan នៃក្រុងដាម៉ាស់ដែលជិតស្និទ្ធជាមួយរដ្ឋាភិបាលបានផ្សាយថា ការជម្រុលទៅមុខក្នុងពេលថ្មីៗនេះមានគោលដៅបើកផ្លូវសម្រាប់«ការវាយលុកតាមផ្លូវគោកដ៏សំខាន់ និងផ្តាច់ព្រ័ត្រមួយ»៕