លោក Assad ចូលរួម​កិច្ចប្រជុំ​កំពូល​អារ៉ាប់​ដោយ​បញ្ចប់​ភាព​ឯកោ​ក្នុង​តំបន់

  • ​Reuters

ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad ពេល​ទៅ​ដល់​ទីក្រុង Jeddah ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​អារ៉ាប់ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

ប្រធានាធិបតី​ប្រទេស​ស៊ីរីលោក​ Bashar al-Assad ​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​អារ៉ាប់​ ដែល​នៅ​ទីនោះ​ លោក​នឹង​ជួប​ស្វាគមន៍​មេដឹកនាំ​អារ៉ាប់​ជា​ច្រើននាក់​ ដែលតែង​តែ​មិន​ចង់​ជួប​លោកអស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​មួយរបស់​សម្ព័ន្ធ​អារ៉ាប់​ ដែល​ត្រូវ​បាន​ប្រឆាំងដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាងលិច​ផ្សេងៗ​ទៀត។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

ដោយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពីក្រុម​សម្ព័ន្ធ​អារ៉ាប់​ដោយ​រដ្ឋ​អារ៉ាប់ជា​ច្រើន​ បន្ទាប់​ពី​មាន​ការ​បង្ក្រាបទៅ​លើការ​ប្រឆាំង​តវ៉ា​ទៅ​នឹង​ការ​គ្រប់គ្រង​អំណាច​របស់​លោក​ក្នុង​ឆ្នាំ​២០១១​មក​ ហើយ​បន្ទាប់​មកក៏មាន​សង្គ្រាម​ស៊ីវិល​មួយ​ ដែល​បាន​សម្លាប់​មនុស្សប្រមាណ​ ៣​៥០.០០០​ នាក់​នៅ​ក្នុង​ប្រទេស​ស៊ីរីនោះ​ ​ការ​ទទួល​បញ្ចូល​ឡើងវិញ​នូវ​រដ្ឋាភិបាល​របស់​លោក​ Assad​ ទៅ​ក្នុង​ប្លុក​សម្ព័ន្ធ​អារ៉ាប់​នោះ​ គឺ​ជា​សញ្ញា​មួយ​នៃ​ការ​បញ្ចប់​ការ​ដាក់​ឱ្យ​នៅ​ឯកោ​របស់​លោក Assad។

ក្នុង​ទឹក​មុខ​ស្រស់ស្រាយ​ លោក Assad ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អភិបាល​រងតំបន់ Mecca គឺ​ព្រះអង្គម្ចាស់​ Badr bin Sultan ​និង​អគ្គលេខាធិកា​រសម្ព័ន្ធ​អារ៉ាប់​លោក ​Ahmed Aboul Gheit នៅ​ពេល​ដែល​លោក​បាន​មក​ដល់​ទីក្រុង Jeddah ​ប្រទេស​អារ៉ាប៊ីសាអូឌីតកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដែល​ជា​កន្លែង​ដែល​ត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ។ ​

ដោយ​អម​ដំណើរ​ដោយ​ក្រុម​មន្ត្រី​ស៊ីរី​ជា​ច្រើននាក់​ផង​នោះ​ លោក Assad ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​កាន់​សាល​ទទួលស្វាគមន៍​ ដែល​នៅ​ទី​នោះ​លោក​បាន​ជួប​និយាយជា​មួយ​ព្រះអង្គម្ចាស់ Badr ​និង​លោក Aboul Gheit។ សាលនេះ​មានដាក់​តាំងព្រះ​ឆាយាល័ក្ខដ៏​ធំ​របស់អតីត​ព្រះមហាក្សត្រ​ដែល​ជា​ស្ថាបនិកប្រទេស​អារ៉ាប៊ីសាអូឌីត​ ​គឺ​ព្រះមហាក្សត្រ ​Abdulaziz ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​គឺ​ព្រះមហាក្សត្រ​ Salman ​និង​រជ្ជទាយាទ ព្រះអង្គម្ចាស់​ Mohammed bin Salman ​នៅ​លើ​ជញ្ជាំង​ផង​ដែរ។​

លោក Assad ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ថ្លែង​សុន្ទរកថា​មួយ​ទៅ​កាន់កិច្ចប្រជុំ​កំពូលរបស់​សម្ព័ន្ធ​អារ៉ាប់​នៅ​ថ្ងៃ​សុក្រ​នេះ​ ជា​មួយនឹង​មេដឹកនាំអារ៉ាប់​ដទៃ​ទៀត​ផង​ដែរ។ ​

អ្នកនាំ​ពាក្យ​រង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Vedant Patel បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖​ «យើង​មិន​អាច​ជឿ​ថា​ ប្រទេស​ស៊ីរី​ អាចត្រូវ​បាន​គេ​បញ្ចូល​ឡើង​វិញ​ទៅ​ក្នុង​សម្ព័ន្ធ​អារ៉ាប់​នោះ​ឡើយ»។ លោក​បន្ថែម​ទៀត​ថា​ «ការ​ដាក់​ទណ្ឌកម្ម​មិន​គួរ​ត្រូវ​បាន​លុបចោល​នោះ​ទេ»។​

ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​នៃ​គណបក្ស​ទាំងពីរ​ បាន​តាក់​តែងច្បាប់​មួយកាល​ពី​សប្តាហ៍​មុន​ ក្នុង​គោលបំណង​រារាំង​សហរដ្ឋ​អាមេរិក​ មិនឱ្យ​ទទួល​ស្គាល់​លោក Assad ថា​ជា​ប្រធានាធិបតី​របស់​ប្រទេស​ស៊ីរី​ ហើយជំរុញ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោនឱ្យ​ដាក់ទណ្ឌកម្ម​ទៅ​លើរូប​លោក​ផង​ដែរ៕