ការ​ធ្វើ​អត្តឃាត​ក្នុង​គុកនៅ​សហរដ្ឋ​អាមេរិក​នៅតែ​កើត​មាន​ជារឿង​ធម្មតា

  • ​Greg Flagkus

រូបថត​ដែល​​ថត​ចេញ​ពី​វីដេអូ បង្ហាញ​ពី​សកម្ម​របស់​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ នៅ​ក្បែរ​បន្ទប់​ឃុំឃាំង​នាង Sandra Bland នៅ​ក្នុងក្រុង Hempstead រដ្ឋ Texas។ នាង Sandra Bland ត្រូវ​បាន​គេ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំឃាំងរបស់​នាង កាល​ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។

ខណៈ​ពេល​ដែល​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ស្លាប់របស់​ Sandra Bland​ អាយុ​២៨​ឆ្នាំ​ នៅ​ក្នុង​បន្ទប់​ឃុំឃាំង​កំពុង​តែ​បន្ត​ក្នុង​សង្កាត់ Waller​ នៃ​រដ្ឋ​ Texas សាច់ញាតិ​ មិត្តភក្តិ​ និង​សកម្មជន​សិទ្ធិ​ពលរដ្ឋ​នៃ​ជនជាតិ​អាមេរិកស្បែកខ្មៅ​ នៅ​តែ​បង្ហាញ​ការ​សង្ស័យ​អំពី​ការ​សម្រេច​ជា​ផ្លូវការ​ដែល​បញ្ជាក់​ថា​ នាង​បាន​បញ្ចប់​ជីវិត​របស់​នាង​ដោយ​ខ្លួន​ឯង។​ ក៏ប៉ុន្តែ​ ​ស្ថិតិ​នៅ​ទូទាំង​ប្រទេស​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ សោកនាដកម្ម​បែប​នេះមិនមែន​ជា​រឿង​ខុស​ប្លែក​ពី​ធម្មតា​នោះ​ទេ។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​របស់​សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​អត្តឃាត​ទំនងជាកើត​ឡើងនៅ​ក្នុង​គុកតាម​ស្រុក​ច្រើន​ជាង​ពីរដង​នៃ​ការ​ធ្វើ​អត្តឃាត​នៅ​ពន្ធនាគារ​ឬ​នៅ​ក្នុង​ចំណោម​ប្រជាជន​ទូទៅ។ គុក​គឺ​ជា​កន្លែង​ដែល​ជន​ជាប់ចោទ​ទទួលបាន​ការ​ណែនាំ​អំពី​ប្រព័ន្ធ​តុលាការ​ព្រហ្មទណ្ឌ​ ​ចំណែក​ឯ​ពន្ធនាគារ​គឺ​សម្រាប់​ឃុំឃំាង​អ្នក​ដែល​មាន​ពេលវេលា​ច្រើន​ត្រូវ​សម្រប​ទៅ​នឹង​ជីវិត​នៅ​ពី​ក្រោយ​ចម្រឹង​ដែក។

លោក​ Tom Ellis​ អ្នក​ចិត្តសាស្ត្រ​និង​ជា​អ្នក​ជំនាញ​ផ្នែក​អត្តឃាត​នៅ​គ្លីនិក​ Menninger​ ដ៏​ល្បីល្បាញ​លើ​ពិភពលោក​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Houston​ បាន​និយាយ​ថា​ ការ​ដែល​ត្រូ​វបាន​ដាក់​ឲ្យ​នៅ​ក្នុង​គុក​ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ។

«ស្ថានភាព​មួយ​ដែល​អាចជា​បញ្ហា​ប្រឈម​មួយ​ចំពោះ​បុគ្គល​ម្នាក់​ ឬ​ជា​ប្រភព​នៃ​ទុក្ខ​លំបាក​មួយ​ អាច​ជា​មហន្តរាយ​មួយ​សម្រាប់​មនុស្ស​ម្នាក់​ផ្សេង​ទៀត»។

លោក​បាន​បន្ត​ថា​ មនុស្ស​ដែល​ជាប់​នៅ​ក្នុង​គុក​ត្រូវ​បាន​កាត់​ផ្តាច់​យ៉ាង​ឆាប់​រហ័ស​ចេញ​ពី​ពិភពលោក​ ដែល​ពួកគេ​បាន​ស្គាល់។ ការគិត​និង​អារម្មណ៍​អវិជ្ជមាន​អាច​កើត​មានច្រើន​លើស​លប់។

«អារម្មណ៍​របស់​មនុស្ស​ពេល​នៅ​តែ​ម្នាក់​ឯង​ក្នុង​ពិភព​ទុក្ខវេទនា​និង​ការ​ឈឺចាប់​ និង​ស្ថានភាព​ពេល​នោះ​ គឺ​ពិត​ជាបាន​ជំរុញ​ដ៏​ខ្លាំងក្លា​ឲ្យ​មាន​ការ​ចង់​ធ្វើ​អត្តឃាត»។

លោក​ Ellis​ បាន​លើក​ឡើង​ថា​ ការ​បង្ខាំង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ អាច​នាំ​ឲ្យ​មាន​ការ​គិតដល់​ការ​ធ្វើ​អត្តឃាត។ ឆ្មាំគុក​បាន​ដាក់​នាង​ Sandra​ Bland​ នៅ​ក្នុង​បន្ទប់​ឃុំឃាំង​តែ​ម្នាក់​ឯង​ និង​បាន​ទៅ​ពិនិត្យ​មើល​នាង​ជា​ទៀងទាត់។ ប៉ុន្តែ​ លោក​បាន​និយាយ​ថា​ នៅ​ពេល​ដែលគេ​យល់​ឃើញ​ថា​ អ្នកណា​ម្នាក់​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្វើ​អត្តឃាត​នោះ​ ការ​ត្រួត​ពិនិត្យ​យ៉ាង​ខ្ជាប់ខ្ជួន​អាច​ជា​ការ​ចាំបាច់។ ប៉ុន្តែ​ធ្វើ​ដូច្នេះ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​របស់​គុកតូចៗ​នៅ​តាម​មូលដ្ឋាន។

ឆ្មាំគុក​បាន​ឲ្យ​នាង ​Sandra​ Bland​ បំពេញ​លិខិត​វាយ​តម្លៃ​សុខភាព​នៅ​ពេល​ដែល​នាង​ត្រូវ​បាន​ដាក់​ក្នុងបន្ទប់​ឃុំឃាំង​កាលពី​ថ្ងៃ​ទី​១០​ខែ​កក្កដា។ នៅ​លើ​លិខិត​នោះ​ នាង​បាន​បញ្ជាក់​ថា​ នាង​បាន​ព្យាយាម​សម្លាប់​ខ្លួន​ម្តងរួច​មកហើយ​កាល​ពី​មុន។ នាង​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ដែរថា ​នាង​បាន​ទទួល​រង​គ្រោះ​ពី​ជំងឺ​ស្កន់​ ឬ​ឆ្កួតជ្រូក​ផង​ដែរ។

លោក​បណ្ឌិត​ Nathan​ Foundtain​ សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ Virginia​ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​សម្រាប់​មូលនិធិ​ជំងឺ​ស្កន់​ បាន​មាន​ប្រសាសន៍​ថា​ អ្នក​ដែល​មាន​ជំងឺ​នេះ​ មាន​អត្រា​នៃ​ការ​ធ្លាក់​ទឹកចិត្ត​ខ្ពស់​ជាង​មនុស្ស​ភាគ​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ចំណោម​ប្រជាជន​ទូទៅ។

លោក​បាន​បន្ត​ថា ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ និង​គំនិត​ចង់​សម្លាប់​ខ្លួន​ ងាយ​នឹង​មើល​ឃើញ​កាន់​តែ​ច្បាស់​ចំពោះអ្នកជំងឺ​ដែល​មាន​ភាព​ស្មុគស្មាញ​ក្នុង​លក្ខណៈ​ជាក់លាក់​ណាមួយ។

«ជំងឺស្កន់​ឬ​ឆ្កួតជ្រូក​មាន​ស្ថានភាព​ និង​លក្ខណៈ​មួយ​ចំនួន​ ដែល​មាន​ជាប់​ទាក់​ទង​ខ្លាំងទៅ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ជាជាង​ជំងឺ​ផ្សេង​ទៀត​ ដោយសារ​លក្ខណៈ​ទាំងនោះជាប់​ពាក់ព័ន្ធ​នឹង​ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​បណ្តាល​ឲ្យ​ធ្លាក់​ទឹកចិត្ត​នោះ»។

លោកបណ្ឌិត​ Fountain​ បាន​និយាយ​ថា ​ថ្នាំ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺស្កន់​ ទំនង​ជា​មិន​បណ្តាល​ឲ្យ​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ទេ​ ហើយ​ថ្មាំ​នេះ​គួរ​តែ​ចែក​ឲ្យ​អ្នកទោស​ប្រើប្រាស់។​

នៅ​ពេល​នេះ​ មាន​ការ​ស៊ើបអង្កេត​ពីរ​ដាច់​ដោយ​ឡែកពី​គ្នា​ទៅ​លើ​អ្វី​ដែល​កើត​ឡើង​ចំពោះ​នាង​ Bland​ ក៏ប៉ុន្តែ​ ទោះបីជា​ទី​បំផុត​ មាន​ការ​បញ្ជាក់ថា ​ការ​ធ្វើ​អត្តឃាត​គឺ​ជា​មូលហេតុ​នៃ​ការ​ស្លាប់​របស់​នាង​ឬ​យ៉ាង​ណា​នោះ​ ក៏​កាលៈទេសៈ​នៃ​ការ​ចាប់ខ្លួន​និង​ការ​បង្ខាំង​នាង​ អាច​ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ដែលឈាន​ទៅ​ដល់​ការ​សម្លាប់​ខ្លួនឯង៕

ប្រែ​សម្រួល​ដោយ ហង្ស វុទ្ធិកា