ប្រធានាធិបតី​ Bashir នៃ​ប្រទេស​ស៊ូដង់​ត្រឡប់​ទៅ​ប្រទេស​លោក​វិញ​ដោយ​បំពាន​បញ្ជា​របស់​តុលាការ

ប្រធានាធិបតីស៊ូដង់​ Omar al-Bashir​ នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំកំពូល​សហភាព​អាហ្វ្រិក​ក្នុង​ទីក្រុង​Johannesburg កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ ចៅក្រម​អាហ្វ្រិកខាង​ត្បូង​បាន​ចេញ​បញ្ជា​ដល់​អាជ្ញាធរមិនឲ្យ​លោក​ចាក​ចេញ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ទេ​ ពីព្រោះ​តុលាការ​អន្តរជាតិ​បាន​ចេញ​បញ្ជា​ចាប់​ខ្លួន​លោក។

ប្រធានាធិបតី​ស៊ូដង់​ Omar al-Bashir ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​វិល​ត្រឡប់​ពី​ប្រទេសអាហ្វ្រិក​ខាង​ត្បូង​ទៅ​ប្រទេស​របស់​លោក​វិញ​ ដោយ​បំពាន​លើ​បញ្ជា​មួយ​របស់​តុលាការ​ក្រុង​ Pretoria ដែល​ឱ្យ​លោកឋិត​នៅ​ក្នុង​ប្រទេសនេះ​រហូត​ដល់​តុលាការនេះ​សម្រេច​ថា​ តើ​លោក​គួរ​ត្រូវ​ចាប់ខ្លួន​ឬ​ទេ​ ពី​បទ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ការសម្លាប់​ប្រល័យ​ពូជសាសន៍។

លោក​ Bashir ដែល​ស្លៀក​ពាក់​អាវ​ផាយ​ព៌ណ​ស​តាម​ប្រពៃ​ណី​របស់​លោក​បាន​គ្រវី​ឈើ​ច្រត់​របស់​លោក​ទៅ​លើ​នៅ​ពេល​លោកបាន​ទៅ​ដល់​ក្រុងខាទុម​ (Khartoum) ហើយ​បាន​ស្រែកថា​«ព្រះអាទិទេព​មានមហិទ្ធិឬទ្ធិ!»

លោក​ Bashir ​បាន​ឋិត​នៅ​ក្នុង​ក្រុង​ចូហានណេសប៊ឺក ​ (Johannesburg) ​ដើម្បី​ចូល​រូមក្នុង​សន្និសីទ​កំពូល​របស់​សហភាព​អាហ្វ្រិក ​ក៏​ប៉ុន្តែ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​ហៅ​កាត់ថា​ ICC ​បាន​ស្វះស្វែង​ឱ្យ​មាន​ការ​ចាប់​ខ្លួន​លោក​នៅ​ពេល​លោក​ឋិត​នៅ​ក្នុង​ក្រុងនោះ។ តុលាការ​នោះ​បាន​ចោទប្រកាន់​លោក​ពី​បទ​ប្រព្រឹត្ត​ការ​សម្លាប់​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ដោយសារ​លោក​បាន​បញ្ជូន​កងទ័ព​និង​បាន​គាំទ្រ​ពួក​ជីវពល​អារ៉ាប់​ដើម្បី​បង្ក្រាប​ការបះបោរ​ប្រដាប់អាវុធ​មួយ​នៅ​ក្នុង​ជម្លោះ​ក្នុង​តំបន់​ដាហ្វ័រ (Darfur) ​កាល​ពី​ឆ្នាំ២០០៣ ក៏​ប៉ុន្តែ​លោក​ Bashir ​បាន​ជំទាស់​យូរ​មក​ហើយប្រឆាំង​នឹង​យុត្តាធិការ​តុលាការ​នោះ។

រដ្ឋអាជ្ញា​ ICC​ ម្នាក់​បាន​និយាយ​ថា​ លោក​«មាន​ការស្រងាក​ចិត្ត»ដោយ​សារ​ការ​គ្មាន​ជោគជ័យ​របស់​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ការ​ចាប់ខ្លួនលោក ​Bashir។

នៅ​មុន​ពេល​លោក Bashir ​ចាក​ចេញ​ពី​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ សហរដ្ឋ​អាមេរិក​និង​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចាប់ខ្លួន​លោក។​

លោកអគ្គលេខាធិការ​អ.ស.ប.​បាន​គីមូន ​បាន​មានប្រសាសន៍​ថា៖ «គេ​ត្រូវ​តែ​គោរព​អំណាច​របស់​តុលាការ​ ICC ​ហើយ​ត្រូវ​តែ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​នេះ»៕