លោក Uhuru Kenyatta ប្រធានាធិបតីនៃប្រទេសកេនយ៉ា និយាយថា លោក នឹងគោរពដីកាដើម្បីបង្ហាញខ្លួននៅថ្ងៃពុធនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងទីក្រុងឡាអេរ៍ ដែលនឹងធ្វើឲ្យលោកក្លាយជាប្រមុខរដ្ឋទី១ដែលកំពុងកាន់អំណាចបង្ហាញខ្លួននៅមុខតុលាការ។ លោក Kenyatta ហើយនឹងលោក William Ruto អនុប្រធានាធិបតីរបស់លោក បានរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំពោះការរៀបចំអំពើហឹង្សាក្រោយការបោះឆ្នោតឆ្នាំ២០០៧ដែលបានសម្លាប់មនុស្សប្រហែល១ពាន់នាក់។
ដីកាកោះកាលពីសប្តាហ៍មុនទៅកាន់ទីក្រុងឡាអេរ៍ បានធ្វើឲ្យជនជាតិកេនយ៉ាជាច្រើនភ្ញាក់ផ្អើល ដែលធ្លាប់តែទទួលព័ត៌មានរឿងក្តីនៃការកាត់ទោសប្រឆាំងប្រធានាធិបតី ខ្សោយហើយហៀបនឹងដួលរលំ។
លោក Kenyatta បានដោះសារពុំព្រមជួបចៅក្រមនៅពីថ្ងៃពុធឬអនុញ្ញាតឲ្យបង្ហាញខ្លួនតាមការភ្ជាប់តាមវីដេអូ ក៏ប៉ុន្តែ សំណើររបស់លោក បានត្រូវច្រានចោល។ តុលាការ និយាយថា រឿងក្តីនេះ សំខាន់ហើយតម្រូវឲ្យមានវត្តមានរបស់លោក។
ប្រធានាធិបតី Kenyatta បានប្រាប់សភាកេនយ៉ាកាលពីថ្ងៃពុធថា លោក នឹងគោរពដីកានោះ។
«ខ្ញុំ អំពាវនាវឲ្យពលរដ្ឋរបស់ខ្ញុំសុខចិត្តទទួលយកហើយនឹងយល់ពីការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំ ក៏អំពាវនាវឲ្យបងប្អូនប្រុសនិងស្រីអាហ្វ្រិករបស់យើង ឈរជាមួយប្រទេសកេនយ៉ា ហើយប្រជាពលរដ្ឋដែលមានសុឆន្ទៈនិងមិត្តរបស់កេនយ៉ាទាំងអស់ឈរជាមួយនៅក្នុងពេលនេះ»។
លោកប្រធានាធិបតី បាននិយាយទៀតថា លោក William Ruto អនុប្រធានាធិបតីរបស់លោក នឹងធ្វើជាប្រធានាធិបតីស្តីទីខណៈដែលលោក នៅក្រៅប្រទេស។
កាលពីឆ្នាំទៅ សហភាពអាហ្វ្រិក បានសម្រេចថា ប្រមុខរដ្ឋដែលកំពុងកាន់អំណាចរបស់អាហ្វ្រិក មិនត្រូវបង្ហាញខ្លួននៅមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ។ នេះ ជាការសម្រេចដែលបានកើតមានឡើងបន្ទាប់ពីការបញ្ចុះបញ្ចូលឥតឈប់ឈររបស់លោក Kenyatta។ លោក Adams Oloo ជាអ្នកវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ Nairobi បាននិយាយថា ដូច្នេះ ប្រធានាធិបតីកេនយ៉ា ត្រូវប្រឈមការពិបាកសម្រេចមួយ។
«ការពិបាកសម្រេចសម្រាប់ប្រធានាធិបតី គឺថាតើធ្វើយ៉ាងដូចម្តេចឲ្យរឿងទាំង២នេះ មានតុល្យភាព៖ ទីមួយ រឿងក្តីរបស់លោកនៅក្នុងតុលាការ។ ទី២ សេចក្តីសម្រេចចិត្តរបស់សហភាពអាហ្វ្រិក។ ហើយ អ្វីដែលលោក នឹងត្រូវពិចារណាគឺថា ប្រសិនបើខ្ញុំ មិនចូលតុលាការ តាមផ្លូវច្បាប់នឹងមានរឿងអ្វីកើតឡើងដល់រូបខ្ញុំនោះ»។
លោក James Mwamu នាយកអង្គការ East Africa Law Society និយាយថា តើនឹងមានអ្វីកើតឡើង ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ចេញដីកាចាប់ខ្លួននោះ។ ការណ៍នេះ អាចក្លាយជាផលវិបាកយ៉ាងធំសម្រាប់លោក Kenyatta និងប្រទេសកេនយ៉ា។
«ប្រធានាធិបតី Kenyatta នឹងក្លាយជាពិរុទ្ធជននិងអ្នកថោកទាបម្នាក់ ដែលរត់គេចខ្លួនពីច្បាប់។ ប្រសិនបើ អ្នក ឃើញស្ថានភាពរបស់ប្រធានាធិបតីប្រទេសស៊ូដង់ គាត់ មិនអាចធ្វើដំណើរ។ ហើយ បន្ទាប់មក កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអន្តរជាតិនិងម្ចាស់ជំនួយ នឹងមានការលំបាក»។
ក៏ប៉ុន្តែ មនុស្សជាច្រើននៅក្នុងគណបក្សJubilee Alliance របស់លោក Kenyatta បានគាំទ្រសេចក្តីសម្រេចរបស់សហភាពអាហ្វ្រិកដោយនិយាយថា ការឡើងតុលាការ នឹងធ្វើឲ្យប្រធានាធិបតីអាម៉ាសមុខ។
លោក Oloo ពន្យល់ថា នៅមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Kenyatta នឹងបង្ហាញខ្លួនដូចជាពលរដ្ឋធម្មតាម្នាក់ ដែលអាចធ្វើឲ្យប៉ះពាល់កិត្យានុភាពរបស់លោក។
«ការព្រួយកង្វល់របស់គណបក្ស Jubilee គឺថា នៅមុខតុលាការ ប្រធានាធិបតី នឹងមិនមានអំណាចដែលយើង ធ្លាប់បានឃើញលោកមាន»។
លោក និយាយទៀតថា ក៏ប៉ុន្តែកាលពីអតីតកាល លោក Kenyatta និងលោក Ruto មានជំនាញនៅក្នុងការប្រើប្រាស់រឿងក្តីរបស់លោកដើម្បីស្វែងរកការគាំទ្រ។
«លោកទាំង២ អាចធ្វើឲ្យសហគមន៍ទាំង២គាំទ្រពួកលោក ដោយធ្វើជាជនរងគ្រោះដោយនិយាយថា ប្រទេសលោកខាងលិច ចង់បានបេក្ខជនដែលពួកគេ ចូលចិត្តនិងចង់ធ្វើអាណានិគមប្រទេសនេះសាជាថ្មី។ វិធីនេះ ធ្លាប់មានប្រសិទ្ធិភាពខ្លាំងណាស់»។
លោក Oloo និយាយទៀតថា ដោយសារភាពទន់ខ្សោយនៃការកាត់ទោស កិច្ចសហប្រតិបត្តិការរបស់ប្រធានាធិបតី អាចធ្វើឲ្យប្រសើរឡើងនូវកិត្យានុភាពរបស់លោកនៅក្នុងប្រទេស។ នេះជាអ្វីដែលដែលពួកអ្នកគាំទ្រលោក Kenyatta ជាច្រើន បានជជែកឲ្យហេតុផល។
«ពួកអ្នកគាំទ្រមួយចំនួន ចង់ឲ្យលោកទៅ បង្ហាញដល់ពិភពលោកថា លោក ជានិច្ចជាកាលនិយាយថា លោក នឹងធ្វើកិច្ចសហប្រតិបត្តិការហើយលោក កំពុងធ្វើកិច្ចសហប្រតិបត្តិការ។ លោក នឹងដើរចេញពីតុលាការហើយនិយាយថា ទុកឲ្យពួកគេដោះស្រាយតាមរបៀបគេ ខ្ញុំ បានបំពេញកិច្ចការរបស់ខ្ញុំសព្វគ្រប់ហើយ»។
នៅពេលនេះ បណ្តាញផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា សមាជិកសភាកេនយ៉ារាប់សិបនាក់ មានផែនការអមដំណើរលោក Kenyatta ទៅកាន់ទីក្រុងឡាអេរ៍ដើម្បីបង្ហាញការគាំទ្រ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន