ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ICC​ ដំណើរការ​ការងារ​របស់​ខ្លួន​ដោយ​លំបាក


​លោក​ អ៊ូហ៊ូរ៊ូ ​គេននីយ៉ាតា ​(Uhuru Kenyatta)​ (ស្តាំទី២)​ប្រធានាធិបតី​​ប្រទេស​កេនយ៉ា និយាយ​ជាមួយ​ក្រុមមេធាវី​កាពារក្តី​របស់​លោក​នៅក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។
​លោក​ អ៊ូហ៊ូរ៊ូ ​គេននីយ៉ាតា ​(Uhuru Kenyatta)​ (ស្តាំទី២)​ប្រធានាធិបតី​​ប្រទេស​កេនយ៉ា និយាយ​ជាមួយ​ក្រុមមេធាវី​កាពារក្តី​របស់​លោក​នៅក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។

តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ​ICC​ ត្រូវ​បង្កើត​ឡើង​ដើម្បី​ជំនុំ​ជម្រះក្តី​ឧក្រិដ្ឋ​កម្ម​ពិភព​លោកដ៏សាហាវ​យង់ឃ្នង​បំផុត​គឺ​នៅទី​កន្លែង​ណា​ដែល​មិន​អាច​ផ្តល់​យុត្តិធម៌​បាន។​ គ្មាន​ជន​ល្មើស​ណា​មាន​អំណាច​គេច​ផុត​ពីការ​ចោទ​ប្រកាន់​របស់​តុលាការ​ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡាអេ​នេះ​ទេ។ ​នេះ​ជា​មូលហេតុ​នៃ​ការ​បង្កើត​តុលាការ​នេះ។ ​តែ​បរាជ័យ​ចំពោះ​សំណុំ​រឿង​ប្រឆាំង​នឹង​ប្រធានាធិបតីគេនយ៉ា ​Uhuru Kenyatta ​និង​ដំណើរការ​ថយក្រោយ​ដទៃ​ទៀតរបស់​ ICC​ កំពុង​បង្កើត​ឲ្យ​មាន​ការ​ដេញ​ដោល​អំពី​ប្រសិទ្ធ​ភាព​នៃ​តុលាការ​នេះហើយ​នឹង​សារៈ​សំខាន់​នៃ​តុលាការ​នេះ។​

កាលពី​ដើមខែ​នេះ​ ជោគជ័យ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​មួយ​គឺ​ថា​ ចៅក្រម​ តុលាការ​ឧទ្ធរណ៍​ក្នុង​ក្រុង​ឡាអេ​បានកាត់​ទោស​មេដឹកនាំ​យោធា​កុង​ហ្គោឈ្មោះ​Thomas Lubanga​ ​តាម​សេចក្តី​សម្រេច​តុលាការ​សាលា​ដំបូង។ ​ការ​កាត់ទោស​បាន​បញ្ចប់​សំណុំ​រឿង​ដំបូង​របស់​តុលាការ​ ​ហើយ​ការ​កាត់ទោស​នេះ​គឺ​នាំ​ឲ្យ​សំណុំ​រឿង​ចំនួន​បី​ក្នុង​តុលាការ​នេះ​ត្រូវ​បញ្ចប់​តាំងពី​តុលាការ​នេះ​ចាប់​ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០០២ ​គឺរួម​ទាំង​សំណុំ​រឿង​មួយ​ដែល​បាន​ដោះលែង​ជន​ជាប់ ចោទ​ឲ្យរួច​ខ្លួន​វិញ​នោះ។​

ប៉ុន្តែ​សម្រាប់​ព្រឹត្តិ​ការណ៍​នៅខែធ្នូ​នេះ​ ​ព្រឹត្តិ​ការណ៍​ដែល​គេ​ចាំច្បាស់​ជាង​គេ​គឺ​បរាជ័យ​នៃ​ការ​កាត់ទោស​សំណុំ​រឿង​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​អ៊ូហ៊ូរ៊ូ ​គេននីយ៉ាតា ​(Uhuru Kenyatta)​ ប្រធានាធិបតី​ប្រទេស​កេនយ៉ា។ ​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ​ICC ​គឺ​លោក​ស្រី Fatou Bensouda ​បាន​ដក​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើ​ហិង្សា​ក្រោយការ​បោះឆ្នោត​ក្នុង​ប្រទេស​កេនយ៉ា។​ លោកស្រី​បាន​ស្តី​បន្ទោស​ថា អាជ្ញាធរ​គេនយ៉ាបាន​គំរាម​កំហែង​ក្រុម​សាក្សី​ហើយ​នឹង​ខកខាន​ក្នុង​ការ​ផ្តល់​ឯកសារ ​ដែល​រដ្ឋអាជ្ញា​អះអាង​ថា​ ជា​រឿង​សំខាន់​ក្នុង​ការ​កសាង​សំណុំ​រឿង​របស់​ខ្លួន​នោះ។​

នៅ​បច្ចុប្បន្ន​នេះ ​សំណុំរឿង​លោក​ Kenyatta ​កំពុង​បង្កើន​ការ​សួរ​ដេញ​ដោល​ពាក់ព័ន្ធ​នឹង​សំណួរជាមូលដ្ឋាន​ថា​ តើ​តុលាការ​ឧក្រិដ្ឋកម្ម ​ICC ​គួរមាន​តទៅ​ទៀត​ទេ?​

លោក​ ​Anthony Dworkin ​ជា​អ្នក​ជំនាញការ​ខាង​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ សម្រាប់​ទំនាក់​ទំនង​អន្តរជាតិ​ បានឆ្លើយ​ថា ​តុលាការ​នេះ​ត្រូវតែ​នៅ​មាន​ជា​បន្ត។​

«ខ្ញុំជឿ​ទៅ​លើ​គោល​ការណ៍​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​កម្ម​ដ៏​អាក្រក់​ទាំង​នេះ។​ ​ហើយ​ខ្ញុំ​គិត​ថា ​ប្រសិន​បើតុលាការ​ឧក្រិដ្ឋ​កម្ម​ត្រូវ​គេ​លុបចោល​ពេល​នេះ​ នោះ​គឺ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​យុត្តិធម៌​អន្តរជាតិ។​ ដូច្នេះ​ខ្ញុំ​ពិត​ជា​សូម​ជំទាស់​រាល់​ទង្វើ​ឈាន​ទៅ​បំបាត់​ចោល​តុលាការ ​ICC ​នេះ»។​

មាន​មតិ​ជា​ច្រើន​មិន​យល់​ស្រប​នឹង​គំនិត​នេះ។​ ​ក្រុម​អ្នក​រិះ​គន់​បាន​លើក​ឡើង​ថា ​តុលាការ​ ICC ​មិនត្រឹមតែ​រង​ឥទ្ធិពល​ពី​បញ្ហាយុត្តិធម៌​ទេ ​តែ​រង​ឥទ្ធិពល​ពី​នយោបាយ​ដែរ។ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.បញ្ជូន​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ទៅ​កាន់​តុលាការ​ ICC ។ ​តែ​សមាជិក​ចំនួនបី​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.គឺ​រុស្ស៉ី​ ចិន​ និង​ស.រ.អា.​ ​មិនមែន​ជា​រដ្ឋ​ជា​សមាជិក​របស់​តុលាការ​នេះ​ទេ។​ ក្រុម​អ្នក​រិះគន់​និយាយ​ថា​ សមិទ្ធិ​ផល​របស់​តុលាការ​នេះ​ដែល​កាត់​ទោស​បាន​តែ​ពីរ​ករណី​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​នោះ​គឺ​មិន​សម​នឹង​តម្លៃ​ដ៏​ធំ​មហិមារ​នៃ​ដំណើរ​ការ​របស់តុលាការ​នេះ​ទេ។​ មេដឹកនាំ​អាហ្វ្រិក​ខ្លះ​បានអះអាង​ថា ​តុលាការ​មាន​ភាព​លម្អៀង ​ដោយសារ​ថា​ មនុស្ស​ទាំងអស់​ដែល​ត្រូវ​នាំ​យកមក​កាត់ក្តី​ក្នុង​តុលាការ​នេះ ​មក​ទល់ពេល​នេះ​ គឺ​ជាជន​ជាតិ​អាហ្វ្រិក។​

លោក​ Steve Lamony ​គឺ​ជា​ទី​ប្រឹក្សា​ជាន់ខ្ពស់​សម្រាប់​ក្រុមមួយ​ឈ្មោះថា​ សម្ព័ន្ធ​ភាព​សម្រាប់​តុលាការ ​ICC​ ជា​ក្រុម​ដែល​ស្ថិត​នៅ​ក្រោម​ដំបូល​ឆ័ត្រ​អន្តរជាតិតែ​មួយ។ ​លោក​បាន​ចុះ​បញ្ជី​ចំនួន​សំណុំ​រឿង ​ដែល​តុលាការ​បាន​ធ្វើ​ដោយ​ជោគ​ជ័យ​នៅ​ឆ្នាំ​នេះ​ ​ក្នុងនោះ​រួម​ទាំង​ការ​បញ្ជាក់​អំពី​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ ​Laurent Gbagbo ​អតីត​ប្រធានាធិបតី​កូឌីវ័រ ​ដែល​ការ​កាត់ទោស​របស់​លោក​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ខាង​ក្រោយ។ ​លោកSteve ថ្លែង​ថា​ តុលាការ​ត្រូវការ​ធនធាន​និង​ការ​គាំទ្រ​ដើម្បី​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព ​គឺរួម​ទាំង​ជំនួយ​មកពី​ប្រទេស​អាហ្រ្វិក ដែល​ជា​អ្នក​រិះគន់​តុលាការ​នេះផង​ដែរ។​

«ចំនួន​ភាគ​ច្រើន​នៃ​ករណី​សម្រាប់​ស្ថាន​ការណ៍​ក្នុង​ប្រទេស​អាហ្វ្រិក​គឺបញ្ជូន​មក​ពី​ប្រទេស​អាហ្វ្រិក​ ហើយ​វា​លើស​ពី​ចំនួន​ករណី​ដែល​បញ្ជូន​មកពី​ក្រុម​ប្រឹក្សា​សន្តិ សុខ ​និង​កន្លែង​ផ្សេង​ទៀត។​ ដរាបណា​មាន​ភស្តុតាង​ចង្អុល​បង្ហាញ​ថា​ គេ​គួរតាម អង្កេត​សំណុំរឿង​ទាំង​នោះ ​ខ្ញុំគិត​ថា​ ពួកគេ​ត្រូវតែ​ធ្វើ​កិច្ចការ​នោះ»។​

នៅក្នុង​សំណុំ​រឿង​របស់​លោក​Kenyatta​ ​លោក​ Dworkin ​ដែល​ជា​ អ្នក​វិភាគ​ថ្លែង​ថា​ ការកាត់​ទោស​បានអូសបន្លាយវែង​ឆ្ងាយ​ពេក។​

«ការ​តាម​អង្កេត​សំណុំ​រឿង​ប្រឆាំង​នឹង​ប្រមុខ​រដ្ឋ​ប្រទេស​អាហ្រ្វិក​មួយ​ដោយ​គ្មាន​ភស្តុតាង​ដើម្បី​គាំទ្រ​សំណុំ​រឿងគឺជា​ស្ថានការណ៍​ដ៏គួរឲ្យ​សោកស្តាយ​មួយ​ ដែល​កើត​ឡើង។​ ​បើទោះណា​ជា​វា​ពាក់​ព័ន្ធ​ដ៏​សាមញ្ញ​ទៅ​ក្នុង​អង្គហេតុ​មែន វា​ជា​ការលំបាក​សម្រាប់​តុលាការ​ដើម្បី​កសាង​សំណុំ​រឿង​ប្រឆាំង​នឹង​ប្រមុខ​រដ្ឋ ​និង​រដ្ឋា ភិបាល ​ដែល​មិន​សហការ។ ហើយវា​ជារឿង​ដែល​មិន​អាច​ទៅរួច​ទេ​សម្រាប់​តុលាការ​ក្នុង​ការ​ធ្វើ​កិច្ចការនេះ​ ដោយ​គ្មាន​ការគាំទ្រ​ពី​អន្តរជាតិ​ឲ្យ​បាន​ខ្លាំង​ក្លា​ជាង​នេះ»។​

តែ​នៅ​ខែ​នេះ ​តុលាការ​បាន​ដក​ថយ​ នៅ​ពេល​ខ្លួន​ដឹង​ថា​ ​គ្មាន​ការ​គាំទ្រ​ពី​អន្តរ​ជាតិ។​ អ្នកស្រី ​Bensouda​ ប្រធាន​រដ្ឋអាជ្ញា​តុលាការនេះ​ ​បានប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.ថា ​លោកស្រី​បាន​ព្យួរការ​ស៊ើប​អង្កេត​ចំពោះ​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​តំបន់​ Darfur ​ប្រទេស​ស៊ូដង់ ​ដោយសារ​តែ​ការ​ខ្វះខាត​ការ​គាំទ្រ​ពី​ស្ថាប័ន​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.។

ក្រុម​អ្នក​ឃ្លាំ​មើល​តុលាការ​បាន​និយាយ​ថា​ វា​ជា​រឿង​មិន​មិនអាច​ដំណើរការ​ទៅ​មុខ​ទេ ​ដោយសារ​ថា​ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​មួយ​គឺ​ប្រទេស​ចិន​ បាន​គាំទ្រ​ ស៊ូដង់​ជា​ប្រពៃណី​ទៅ​ហើយ​នោះ។​ លោក​ ​Omar al-Bashir ​ប្រធានាធិបតី ​ស៊ូដង់​ដែល​ត្រូវតុលាការ​ ICC ​ចេញដីការ​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​និង​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​នោះ​ បានប្រកាស​ថា ​លោក​បានជោគ​ជ័យ។​

​លោក ​Steve Lamony ​ទីប្រឹក្សាសម្ព័ន្ធ​ភាពសម្រាប់​តុលាការ​អន្តរជាតិ ​ICC​បាន​និយាយ​ថា៖​

«ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.ខ្លួនឯង​ហាក់ដូច​ជាមិន​បាន​តាំងចិត្ត​និង​ចាត់​វិធាន​ការ​ណាមួយ​សោះ ​ពេល​ដែល​រដ្ឋាភិបាល​ស៊ូដង់​ខកខាន​មិន​សហការ​ដើម្បី​ចាប់​ខ្លួន ​Omar al-Bashir។ ​ក្រុម​ប្រឹក្សា​សន្តិសុខ​ត្រូវចាត់​វិធាន​ការ​ខ្លាំងក្លា​ថែម​ទៀត​ក្នុង​សំណុំ​រឿង​ ដែល​រដ្ឋជា​សមាជិក​ខកខាន​មិនបាន​ធ្វើ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នោះ»។​

មាន​សំណុំ​រឿងផ្សេង​ទៀត ​ដែល​តុលាការ​កំពុង​ចាប់​ធ្វើការ។​ ក្រៅពី​ទ្វីប អាហ្វ្រិកនាពេល​បច្ចុប្បន្ននេះ​ តុលាការ​ក៏​បាន​ធ្វើការ​ស៊ើប​អង្កេតសំណុំរឿង​ក្នុង​ប្រទេស​កូឡុំប៊ី ​(Columbia)​ ​ហ្សកហ្ស៉ី​ (Georgia)​ហុងឌូរ៉ាស ​(Honduras)​ ​អ៊ីរ៉ាក់ ​(Iraq) ​និង​ប្រទេស​អ៊ុយក្រែន ​(Ukraine)​ផងដែរ។ លោកស្រី ​Bensouda ​ថ្លែង​ថា ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ​(Afghanistan)​ លោកស្រី​កំពុង​ពិនិត្យ​មើល​បញ្ហា​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ប្រាស់​ទណ្ឌកម្ម​របស់​យោធា​ស.រ.អា.ដែល​ហៅ​ថា ​វិធីពង្រីក​ការ​ស៊ើប​អង្កេត​នោះ។​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​លក្ខខន្តិកៈ​ក្រុង​រ៉ូម​ដែល​បង្កើត​តុលាការ​ ICC​ ទេ​ ​តែ​ប្រទេស​អាហ្កានីស្តាន​គឺជា​ប្រទេស​ហត្ថលេខី។​

អ្នក​វិភាគ​ Dworkin ​និយាយ​ថា ​ឧទាហរណ៍​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​ជា​ការ​ បញ្ជាក់​អំពី​បញ្ហា​លំបាក​ជាមូលដ្ឋាន​របស់​តុលាការ ​ICC។​

«ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ ដែល​មាន​ការ​លំបាក​ផ្នែក​នយោបាយ ​កាន់​តែ​ច្រើន​ នោះ​គឺ​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​មហាអំណាច​ធំៗ ​ដូចជា​ស.រ.អា.។ ​បើទទួល​ផល​កាន់តែ​តិច​ នោះ​វា​ជារឿង​ដែល​ទំនង​ជា​អាច​ការ​បង្ក​រឿង​កាន់តែ​ធំឡើង​ក្នុង​ចំណោម​មហា​អំណាច​ធំៗ។​ ផ្ទុយទៅវិញ ​ខ្ញុំមិន​គិត​ថា​ វាជា​វិធី​អាច​សម្រេច​បាន​ទៅ​មុខទៀត​ទេ​ ចំពោះ​តុលាការ​ដែល​មើល​ទៅ​រក​យុត្តិធម៌​ជា​សាមាញ្ញៗ ដោយ​នាំយក​តែ​ប្រទេស​ទន់ខ្សោយ​ក្នុង​ពិភព​លោក​មក​កាត់ទោស​រក​យុត្តិធម៌​នោះ»។​

លោក ​Dworkin ​ និយាយថា​ដំណោះ​ស្រាយ​គឺ​ថា​ មិនត្រូវ​បំបាត់​តុលាការ​នេះ​ទេ​ តែត្រូវ​ពង្រឹង​សមត្ថភាព​តុលាការ​នេះ​ដើម្បី​ឲ្យ​តុលាការ​នេះ​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​បាន​ដោយ​ត្រឹមត្រូវ។​ហើយ​ធ្វើ​កិច្ចការ​តាម​លក្ខណៈ​ប្រាកដ​និយម​អំពីអ្វីៗ​ ដែល​តុលាការ​នេះអាច​សម្រេច​បាន​និង​ធ្វើអ្វីៗ​ដែល​តុលាការ​នេះមិន​ទាន់​អាចសម្រេច​បាន៕​

​ប្រែសម្រួល​ដោយ​ ​សុខ ខេមរា

XS
SM
MD
LG