ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានមិនអើពើចំពោះការទាមទារខាងសន្តិសុខចម្បងៗរបស់រុស្ស៊ីដែលឲ្យពួកគេបដិសេធសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការអូតង់ ហើយនឹងដកសព្វាវុធរបស់ពួកគេនៅជិតប្រទេសរុស្ស៊ី ស្របពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញនូវ«ការតាំងចិត្ត»របស់ខ្លួនដល់ប្រទេសអ៊ុយក្រែននិងបូរណភាពដែនដីរបស់ខ្លួន។
សេចក្តីថ្លែងការណ៍ឆ្លើយឆ្លងគ្នាទៅវិញទៅមក មិនបានបន្ធូរបន្ថយភាពតានតឹងអំពីការដាក់ពង្រាយកងទ័ពជាង១០០.០០០នាក់របស់រដ្ឋាភិបាលក្រុងមូស្គូនៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសអ៊ុយក្រែនទេ ថ្វីបើរុស្ស៊ីបានបដិសេធថា ខ្លួនមិនមានបំណងឈ្លានពានអតីតសាធារណរដ្ឋសូវៀតមួយនេះក៏ដោយ។
នៅក្នុងអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោកស្តីពីភាពមិនចាញ់មិនឈ្នះជាមួយប្រទេសលោកខាងលិចអំពីបញ្ហាអ៊ុយក្រែនជាង១ខែមកនេះ លោក Putin បាននិយាយនៅឯសន្និសីទកាសែតថា រដ្ឋាភិបាលវិមានក្រឹមឡាំង នៅកំពុងសិក្សាអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកនិងអង្គការអូតង់ដល់ការទាមទារខាងសន្តិសុខរបស់រុស្ស៊ីដែលបានទទួលកាលពីសប្តាហ៍មុននៅឡើយ។
លោក Putin បានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «នៅពេលនេះ វាច្បាស់រួចទៅហើយថា ការព្រួយបារម្ភដ៏សំខាន់របស់រុស្ស៊ីមិនត្រូវបានគេអើពើ»។
ទោះជាយ៉ាងណាក៏ដោយ លោក Putin ក៏បាននិយាយដែរថា គេនៅតែអាចចរចាបានដើម្បីបញ្ចប់ភាពមិនចាញ់មិនឈ្នះ ប្រសិនបើផលប្រយោជន៍របស់ភាគីទាំងអស់ រួមទាំងការព្រួយបារម្ភខាងសន្តិសុខរបស់រុស្ស៊ី ត្រូវបានគេពិចារណានោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ប្រទេសលោកខាងលិច បានបដិសេធមិនលះបង់លទ្ធភាពសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការអូតង់ទេ ដោយនិយាយថា មិនមានប្រទេសពីខាងក្រៅណាមានអំណាចវ៉េតូអំពីថាតើនរណាអាចស្ថិតនៅក្នុងសម្ព័ន្ធភាពខាងយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ ដែលត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២នោះទេ៕