រ៉ុក្កែត​ដ៏​ធំ​របស់​ក្រុមហ៊ុន SpaceX បាន​ផ្ទុះ​ប៉ុន្មាន​នាទី​ក្រោយ​ហោះ​ចេញ​ពី​រដ្ឋ Texas

រ៉ុក្កែត Starship មិន​មាន​មនុស្ស​បើក​របស់​ក្រុមហ៊ុន SpaceX ពេល​ហោះ​ឡើង​ពី​​ទម្រ​បង្ហោះ​សាកល្បង​Boca Chica នៅ​ជិត​ទី​ក្រុង ​Brownsville រដ្ឋ​ Texas សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៣។

រ៉ុក្កែត​ថ្មី​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន SpaceX បាន​បង្ហោះ​ចេញ​នៅ​ក្នុង​ការ​ហោះ​សាកល្បង​ជា​លើក​ដំបូង​បង្អស់​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​បាន​ផ្ទុះ​ក្នុង​ពេល​ប៉ុន្មាន​នាទី​ក្រោយ​មក ​បន្ទាប់ពី​បាន​ហោះ​ចេញ​ពី​ទម្រ​បង្ហោះ​និង​ធ្លាក់​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិកស៊ិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក្រុមហ៊ុន SpaceX របស់​លោក Elon Musk មាន​បំណង​បញ្ជូន​រ៉ុក្កែត Starship ដែល​មាន​ប្រវែង​ជិត ១២០ ម៉ែត្រ​នេះ​ ពី​តំបន់​ជ្រោយ​ខាង​ត្បូង​នៃ​រដ្ឋ Texas នៅ​ជិត​ព្រំដែន​ម៉ិកស៊ិក ទៅ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក។ រ៉ុក្កែត​នេះ​មិន​មាន​ដឹក​ជញ្ជូន​មនុស្ស​ឬ​ក៏​ផ្កាយ​រណប​អ្វី​ទេ។

ផែនការ​គឺ​ចង់​ឱ្យ​កំណាត់​កាំជ្រួច​ជំរុញ​រ៉ុកក្កែត​ផ្តាច់​ខ្លួន​ចេញ​ពី​យាន​អវកាស​ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​យាន​នោះ​បាន​ហោះ​ចេញ ប៉ុន្តែ​វា​បាន​បរាជ័យ។ រ៉ុក្កែត​នេះ​បាន​ចាប់ផ្ដើម​ធ្លាក់​ចុះ​និង​ផ្ទុះ​ក្នុង​ពេល​ហោះ​ហើរ​បាន ៤ នាទី ដោយ​ធ្លាក់​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិកស៊ិក។

បើ​តាម​គម្រោងការ បន្ទាប់ពី​យាន​អវកាស​នេះ​ផ្ដាច់​ចេញ​ពី​កំណាត់​កាំជ្រួច​ជំរុញ​ យាន​អវកាស​នេះ​គួរ​ត្រូវ​បន្ត​ដំណើរ​ទៅ​ទិស​ខាង​កើត និង​ព្យាយាម​ហោះ​ជុំវិញ​ពិភពលោក មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ជិត​កោះ Hawaii។

រ៉ុក្កែត Starship មិន​មាន​មនុស្ស​បើក​របស់​ក្រុមហ៊ុន SpaceX ផ្ទុះ​ប៉ុន្មាន​នាទី​ក្រោយ​ពេលហោះ​ឡើង​ពីទម្រ​បង្ហោះ​សាកល្បង​ Boca Chica នៅ​ជិត​ទី​ក្រុង ​Brownsville រដ្ឋ​ Texas សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៣។

អ្នក​ទស្សនា​ជា​ច្រើន​បាន​មើល​ការ​បង្ហោះ​នេះ​ពីទី​ក្រុង South Padre Island ដែល​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​កន្លែង​បង្ហោះ​នៅ​ឆ្នេរ​សមុទ្រ Boca Chica ដែល​ជា​កន្លែង​ដែល​គេ​មិន​អនុញ្ញាត​ឱ្យ​ចូល។ នៅ​ពេល​ដែល​រ៉ុក្កែត​នេះ​ហោះ​ចេញ ហ្វូង​មនុស្ស​បាន​ស្រែក​ហ៊ោ​ថា «ហោះ​ទៅ!»។

ក្រុមហ៊ុន SpaceX មាន​ផែនការ​ប្រើ​យាន​អវកាស Starship នេះ​ដើម្បី​បញ្ជូន​មនុស្ស​និង​ទំនិញ​ទៅ​កាន់​ភព​ព្រះចន្ទ និង​នៅ​ទីបំផុត​ទៅ​កាន់​ភព​ព្រះអង្គារ។ ទីភ្នាក់ងារ​អវកាស​ NASA របស់​សហរដ្ឋ​អាមេរិក បាន​កក់យាន​អវកាស Starship នេះ​ ទុក​សម្រាប់​ដឹក​ក្រុម​អ្នក​ទៅភព​ព្រះចន្ទ​បន្ទាប់​របស់​ខ្លួន ហើយ​អ្នក​ទេសចរ​មាន​ទ្រព្យ​ធន​បាន​កក់​ទុក​ការ​ហោះហើរ​ទៅ​កាន់​ភព​ព្រះចន្ទ​រួច​ហើយ។

នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ហោះហើរ​លើក​ទី​ពីរ។ ការ​ប៉ុនប៉ង​ហោះ​ហើរ​លើក​ទី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​បង្អាក់​ដោយសារ​សន្ទះ​កំណាត់​កាំជ្រួច​ជំរុញ​រ៉ុក្តែក​បាន​គាំង​មិន​ដំណើរការ។

ទស្សនា​កម្មវិធី​ព័ត៌មាន​អវកាល​ខែនេះ៖ រ៉ុក្កែត​ធ្វើ​ពី 3D បាន​ធ្លាក់ឆ្ងាយ​ក្រោមគន្លង​គោចរ


ដោយ​មាន​ប្រវែង​ជិត ១២០ ម៉ែត្រ និង​ទម្ងន់​ប្រហែល ៨ លាន​គីឡូក្រាម យាន​អវកាស Starship នេះ​មាន​ប្រវែង​និង​ទម្ងន់​លើស​រ៉ុក្កែត​ទៅ​កាន់​ភព​ព្រះចន្ទ​របស់​ទីភ្នាក់ងារ NASA ទៅ​ទៀត ​ទាំង​ពេល​អតីតកាល ពេល​បច្ចុប្បន្ន និង​ពេល​អនាគត។

រ៉ុក្កែត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឱ្យ​អាច​ដំឡើង​ប្រើ​បាន​ឡើង​វិញ​ទាំងស្រុង​ក្នុង​រយៈពេលលឿន​ និង​ចំណាយ​ទាប​ខ្លាំង ស្រដៀង​ទៅ​នឹង​អ្វី​ដែល​រ៉ុក្កែត Falcon ដែល​តូច​ជាង​នេះ​របស់​ក្រុមហ៊ុន SpaceX ដែលត្រូវបានបង្ហោះចេញ​ជាច្រើន​ដងពី​ជ្រោយ​ក្រុង Cape Canaveral រដ្ឋ Florida ដូច្នេះ​ដែរ។ ការ​ហោះហើរ​សាកល្បង​នៃ​យាន​អវកាស Starship លើក​នេះ មិន​មាន​គម្រោង​យក​រ៉ុក្កែត​មក​វិញ​នោះ​ទេ។

យាន​អវកាស​សម្រាប់​ពេល​អនាគត​នេះ ​បាន​ហោះ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ចូល​ទៅ​អាកាស​ក្នុង​អំឡុង​ពេល​សាកល្បង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​បាន​ចុះ​ចត​ដោយ​ជោគជ័យ​បាន​តែ​ម្ដង​គត់។ ប៉ុន្តែ​លើក​នេះ​គឺ​ជា​ការ​បង្ហោះ​សម្ពោធ​នៃ​កំណាត់​កាំជ្រួច​ជំរុញ​ផ្នែក​ដំបូង​រ៉ុក្កែតដែល​មាន​ម៉ាស៊ីន ៣៣ គ្រឿង​ដើរ​ដោយ​ឧស្ម័ន​មេតាន៕