ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​អវកាស NASA គ្រោង​បញ្ជូន​ស្ត្រី​ទីមួយ​ទៅ​កាន់​ភពព្រះច័ន្ទ​នៅ​ឆ្នាំ២០២៤


រូបឯកសារ៖ ព្រះច័ន្ទពេញវង់ មើលពីរដ្ឋធានីវ៉ាស៊ីនតោន។
រូបឯកសារ៖ ព្រះច័ន្ទពេញវង់ មើលពីរដ្ឋធានីវ៉ាស៊ីនតោន។

លោក Jim Bridenstine អភិបាល​ទីភ្នាក់ងារ NASA បាន​ថ្លែង​ថា ​ផែនការ​មាន​ទឹក​ប្រាក់​២៨ពាន់​លាន​ដុល្លារ​នេះ ​មាន​គោលដៅ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះច័ន្ទ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ១៩៧២​​មក។

សហរដ្ឋអាមេរិក ធ្លាប់​បាន​បញ្ជូន​យានិក​អវកាសទៅ​ចុះចត​លើ​ភព​ព្រះច័ន្ទ​កាលពី​អំឡុង​ទសវត្សរ៍​១៩៦០ និង ១៩៧០។ ការ​ចុះចត​លើក​ចុងក្រោយ បាន​ធ្វើឡើង​កាល​ពី​ខែធ្នូ​ ឆ្នាំ​១៩៧២។ ឥឡូវនេះ​ ទីភ្នាក់ងារ​អវកាស NASA របស់​សហរដ្ឋ​អាមេរិក មាន គម្រោងថ្មីមួយ ដើម្បី​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​កាន់​ភព​ព្រះច័ន្ទ ជាលើក​ទី​មួយ នៅ​ឆ្នាំ​២០២៤។

លោក Jim Bridenstine អភិបាល​ទីភ្នាក់ងារ NASA បាន​ថ្លែង​ថា ​ផែនការ​មាន​ទឹក​ប្រាក់​២៨ពាន់​លាន​ដុល្លារ​នេះ ​មាន​គោលដៅ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះច័ន្ទ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ១៩៧២មក។

លោក Jim Bridenstine បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១កញ្ញា​ថា «យើង​នឹង​ទៅ​កាន់​ភព​ព្រះច័ន្ទ​វិញ​ដើម្បីធ្វើការ​រុក​រក​ខាង​វិទ្យាសាស្ត្រ​ ​រក​អត្ថប្រយោជន៍​សេដ្ឋកិច្ច ​និង​ដើម្បី​លើកទឹកចិត្ត​អ្នក​រុករក​ជំនាន់​ថ្មីមួយ»។ លោក​បាន​ថ្លែង​បន្ថែម​ទៀតថា«នៅ​ពេល​យើង​កសាង​វត្តមាន​ប្រកប​ដោយ​ចីរភាព​មួយ​យើងក៏​កសាង​សម្ទុះ​ឆ្ពោះ​ទៅ​កាន់​ជំហាន​មនុស្ស​ទី​មួយ​នៅលើ​ភព​ក្រហម»ដោយ​លោក​និយាយ​យោង​ដល់​ភព​ព្រះអង្គារ។

បេសកកម្ម​ទៅ​ភព​ព្រះច័ន្ទរបស់​ទីភ្នាក់ងារ NASA ជា​ផ្នែក​មួយ​នៃ​ផែនការ​ Artemis របស់​ផង​ខ្លួន។ ពួក​អ្នក​អវកាស​នឹង​ត្រូវបង្ហោះ​ទៅ​កាន់​ភពព្រះច័ន្ទ​ដោយ​រ៉ុកកែត​ថ្មី​របស់ NASA ដែល​មាន​ឈ្មោះ​ថា «ប្រព័ន្ធ​បង្ហោះទៅ​អវកាស‍» Space Launch System និង​យាន​អវកាស Orion។

​លោក Jim Bridenstine បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា «ការ​ប្រថុយប្រថាន​ខាង​នយោបាយ» បានគំរាម​កំហែង​ការងារ​របស់ NASA ជា​ញឹក​ញយ ជា​ពិសេស​នៅ​មុន​ការបោះឆ្នោត​សំខាន់​មួយ​បែប​នេះ។ លោក​បាន​ពោល​ថា ​ប្រសិន​បើ​សភា​អនុម័ត​ប្រាក់៣ពាន់២រយ​លាន​ដុល្លារ​ ក្នុងការ​ផ្តល់​ប្រាក់​ដំបូង​មុន​ថ្ងៃ​បុណ្យ​ Christmas «យើងអាច​ចាត់ចែង​ការបញ្ជូន​មនុស្ស​ទៅ​ភពព្រះច័ន្ទ​នៅ​ឆ្នាំ២០២៤​បាន»។

សេចក្តី​ប្រកាស​របស់ NASA ក្នុង​ការ​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​ភពព្រះច័ន្ធ ​មាន​ឡើង​នៅពេល​លោក​ប្រធានាធិបតី Donald Trump កំពុង​យក​ចិត្ត​ក្រុម​ស្ត្រី​អ្នក​បោះឆ្នោត​នៅមុន​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ឱ្យ​បាន​កាន់​តំណែង​ក្នុង​អាណត្តិ​ទី​ពីរ​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​៣​វិច្ឆិកា។ លោក Trump បានសន្យា​ថា​ នឹង​ស្នើ​ឈ្មោះ​ស្ត្រី​ម្នាក់​ នៅ​ចុង​ខែ​កញ្ញា​ដើម្បី​ជំនួស​លោកស្រី​ Ruth Bader Ginsberg ជា​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក។

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ លោក Trump នៅពី​ក្រោយ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ​ ជាពិសេស​ក្នុង​ចំណោម​ក្រុម​ស្ត្រី​ស្បែក​ស​រស់​ក្នុង​តំបន់​ជាយ​ក្រុង។

គម្រោងការ​បី​កំពុង​ប្រកួតប្រជែង​គ្នា​ក្នុង​ការស្ថាបនា​យាន​អវកាស​មួយ​ទៅ​ចុះចត​លើ​ភពព្រះច័ន្ទ ​ដែល​នឹង​ដឹក​អ្នក​អវកាស​ពី​រនាក់​ទៅ​កាន់​ភពព្រះច័ន្ទ​ពី​យានអវកាស Orion។

គម្រោងការ​មួយ ​កំពុង​ត្រូវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Blue Origin ដែល​បង្កើត​ឡើង​ដោយលោក Jeff Bezos ប្រធាន​ក្រុមហ៊ុន Amazon ក្នុង​ភាព​ដៃគូ​ជា​មួយ​ក្រុមហ៊ុន​ Draper, Lockheed Martin និង Northrup Grumman។ គម្រោងការ​ឯ​ទៀតៗ​ កំពុង​ត្រូវអភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ SpaceX របស់លោក Elon Musk និង​ក្រុមហ៊ុន​ Dynetics។

ក្រោយ​ពីការបង្ហោះ​យាន Artemis I ដែល​គ្មាន​មនុស្ស​ជិះ នៅជុំវិញ​ព្រះច័ន្ទ​នៅ​ឆ្នាំ​២០២១ និង​ការ​បង្ហោះ​យាន Artemis II ដែល​មាន​មនុស្ស​ជិះ​នៅ​ជុំវិញ​ព្រះច័ន្ទ ក្នុង​ឆ្នាំ២០២៣ យាន Artemis III នឹង​ហោះ​ទៅ​ចុះ​លើ​ភពព្រះច័ន្ទ នៅ​ឆ្នាំ២០២៤​ ហើយ​ស្ថិត​នៅ​ទី​នោះ​មួយ​អាទិត្យ។ ពួក​អវកាសយានិក ​នឹង​ចំណាយ​ពេល​វេលា​ប្រមូល​សំណាក​ដី​និងថ្ម​ ស្វែង​រក​ទឹក​និងប្រភព​ធម្មជាតិ​ឯ​ទៀតៗ ​ព្រមទាំង​ធ្វើការ​ពិសោធន៍វិទ្យាសាស្ត្រ​ថែម​ទៀត​ផង​ដែរ៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG