ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថ្លែងនៅព្រឹកថ្ងៃពុធនេះថា លោកនឹងដកចេញនូវ«ច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន» ក្នុងពេលឆាប់ៗ ដែលលោកបានប្រកាសដាក់ក្នុងរាត្រីដ៏តានតឹងខាងផ្នែកនយោបាយមួយ ដែលកងទ័ពបានប្រមូលផ្តុំនៅសភាហើយក្រុមតំណាងរាស្ត្របានបោះឆ្នោតប្រឆាំងនឹងច្បាប់យោធានេះ។
លោក Yoon ថ្លែងថា រដ្ឋាភិបាលបានរបស់លោកបានដកយោធាដែលត្រូវបានដាក់ពង្រាយហើយថាលោកនឹងលុបចេញនូវច្បាប់អាជ្ញាសឹកនេះជាផ្លូវការ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលណាដែលគណៈរដ្ឋមន្ត្រីមកដល់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសប្រើ«ច្បាប់អាជ្ញាសឹក ក្នុងគ្រាអាសន្ន»កាលពីថ្ងៃអង្គារ ដោយចោទគណបក្សប្រឆាំងថាត្រួតត្រាសភា មានសមានចិត្តជាមួយកូរ៉េខាងជើងនិងធ្វើឲ្យរដ្ឋាភិបាលគាំងដំណើរការដោយសារសកម្មភាពនានាប្រឆាំងរដ្ឋ។
មិនដល់៣ម៉ោងផងក្រោយការប្រកាសនេះ សភាបានបោះឆ្នោតលុបចោលសេចក្តីប្រកាសនេះ ដោយប្រធានសភាលោក Woo Won Shik បានប្រកាសថា ច្បាប់អាជ្ញាសឹកនេះ «មិនត្រឹមត្រូវ» ហើយថាក្រុមតំណាងរាស្ត្រនឹងការពារលទ្ធិប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋ។
សហរដ្ឋអាមេរិកថ្លែងថាខ្លួនកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពដែលវិវត្តយ៉ាងឆាប់រហ័សនៅ កូរ៉េខាងត្បូង។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលកូរ៉ូខាងត្បូងដើម្បីដោះស្រាយស្ថានការណ៍នេះ។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Kurt Campbell បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងតាមដានការវិវត្តនៅកូរ៉េខាងត្បូងដោយមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានបង្ហាញក្តីសង្ឃឹមនិងក្តីរំពឹងថា ជម្លោះនយោបាយណាក៏ដោយនឹងត្រូវបានដោះស្រាយដោយសន្តិវិធីនិងទៅតាមវិធានច្បាប់។
លោកប្រធានាធិបតី Joe Biden ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken សុទ្ធតែត្រូវបានផ្តល់ព័ត៌មានអំពីការវិវត្តទាំងនោះហើយនឹងត្រូវបានផ្តល់ព័ត៌មានចុងក្រោយពាក់ព័ន្ធនឹងការវិវត្តសា្ថនការណ៍នៅទីនោះ។ នេះបើយោងតាមលោក Campbell។
លោកបានថ្លែងបន្ថែមថា ក្រុមមន្ត្រីអាមេរិកកំពុងចូលរួមយ៉ាងសកម្មជាមួយសមភាគីកូរ៉េខាងត្បូងគ្រប់ជាន់ថ្នាក់ទាំងនៅវ៉ាស៊ីនតោននិងនៅសេអ៊ូល៕