រដ្ឋាភិបាលកូរ៉េខាងត្បូងបានទុកពេល ៤ ថ្ងៃឱ្យក្រុមវេជ្ជបណ្ឌិតវ័យក្មេងដែលធ្វើកូដកម្មត្រឡប់ចូលធ្វើការវិញ ដោយបានបញ្ជាក់ថាពួកគេនឹងមិនរងទណ្ឌកម្មនោះទេប្រសិនបើត្រឡប់ចូលធ្វើការវិញតាមកាលកំណត់ ប៉ុន្តែនឹងប្រឈមនឹងការចោទប្រកាន់និងការផ្អាកអាជ្ញាបណ្ណវេជ្ជសាស្ត្រប្រសិនបើមិនធ្វើដូច្នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកហាត់ការផ្នែកវេជ្ជសាស្ត្រនិងវេជ្ជបណ្ឌិតទើបបញ្ចប់ការសិក្សាប្រហែល ៩.០០០ នាក់មិនបានមកធ្វើការតាំងពីដើមសប្ដាហ៍មុនមកដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលនៅក្នុងការបង្កើនអត្រាចូលរៀននៅមហាវិទ្យាវ័យវេជ្ជសាស្ត្រប្រហែល ៦៥%។ ការដើរចេញពីការងារនេះបានប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យដែលគ្រូពេទ្យទាំងនោះធ្វើការ ដោយការវះកាត់និងការព្យាបាលជាច្រើនត្រូវបានលុបចោល។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា ការបន្ថែមគ្រូពេទ្យបន្ថែមទៀតគឺចាំបាច់ដើម្បីដោះស្រាយកំណើនមនុស្សវ័យចំណាស់នៅកូរ៉េខាងត្បូង។ អត្រាបច្ចុប្បន្នរវាងគ្រូពេទ្យនិងអ្នកជំងឺនៅក្នុងប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចំណោមអត្រាទាបបំផុតក្នុងចំណោមបណ្ដាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក។
គ្រូពេទ្យដែលធ្វើកូដកម្មទាំងនោះបាននិយាយថា សាកលវិទ្យាល័យមិនអាចទ្រាំទ្រនឹងចំនួននិស្សិតថ្មីដ៏ច្រើនបានទេ និងថាផែនការរបស់រដ្ឋាភិបាលនេះនឹងមិនអាចដោះស្រាយកង្វះគ្រូពេទ្យរ៉ាំរ៉ៃនៅក្នុងផ្នែកសំខាន់មួយចំនួនដែលផ្ដល់ប្រាក់បៀវត្សរ៍តិចដូចជាផ្នែកកុមារនិងផ្នែកសង្គ្រោះបន្ទាន់នោះឡើយ៕