តារាភាពយន្តកូរ៉េខាងត្បូង លោក Lee Sun-kyun ត្រូវបានរកឃើញថាស្លាប់ដោយធ្វើអត្តឃាត នៅថ្ងៃពុធនេះ នេះបើតាមមន្ត្រីប៉ូលិសម្នាក់។ លោក Lee ជាតារាភាពយន្តដ៏ល្បីឈ្មោះមួយរូប ដោយសារការសម្តែងរបស់លោកនៅក្នុងខ្សែភាពយន្តដែលទទួលពានរង្វាន់ Oscar មានចំណងជើងថា Parasite។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយនិយាយយោងតាមប៉ូលិសថា សាកសពរបស់តារាភាពយន្តរូបនេះត្រូវបានរកឃើញក្នុងរថយន្តមួយ នៅក្នុងឱទ្យានមួយ នាកណ្តាលក្រុងសេអ៊ូល។
លោក Lee អាយុ ៤៨ ឆ្នាំ ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិសអំពីការប្រើកញ្ឆានិងគ្រឿងញៀនស្រវឹងផ្សេងៗទៀត។
ដោយធ្លាប់ល្បីឈ្មោះជាបុរសមានសុជីវធម៌និងសីលធម៌ បណ្តាញព័ត៌មានក្នុងប្រទេសបានរាយការណ៍ថា លោកត្រូវបានដកចេញពីគម្រោងការទូរទស្សន៍និងពាណិជ្ជកម្ម នៅក្រោយមានរឿងអាស្រូវនេះ។
ដោយមានបរិញ្ញាបត្រពីសាកលវិទ្យាល័យសិល្បៈជាតិកូរ៉េដ៏ល្បីល្បាញ លោក Lee បានចាប់ផ្តើមសម្តែងដំបូងក្នុងរឿងភាគរបស់ទូរទស្សន៍ ដែលមានចំណងជើងថា Lovers នៅឆ្នាំ ២០២១។
លោកបាននិយាយដោយខ្លីជាមួយអ្នកកាសែតកាលពីចុងខែតុលា មុនចូលក្នុងស្ថានីយ៍ប៉ូលិសមួយនៅក្រុង Incheon ដើម្បីជួបជាមួយមន្ត្រីស៊ើបអង្កេត ថា៖ «ខ្ញុំសុំអភ័យទោសដោយស្មោះត្រង់ដោយបានបណ្តាលឱ្យមានការស្រងាកចិត្តខ្លាំងដល់មនុស្សច្រើននាក់ ដោយសារមានការទាក់ទិននឹងឧប្បត្តិហេតុមិនល្អមួយនេះ»។
កូរ៉េខាងត្បូងមានច្បាប់តឹងរ៉ឹងខ្លាំងអំពីគ្រឿងញៀនស្រវឹងខុសច្បាប់ ដោយជនជាតិកូរ៉េដែលបានប្រើកញ្ឆាត្រឹមត្រូវតាមច្បាប់នៅប្រទេសក្រៅ ក៏អាចត្រូវចោទប្រកាន់នៅពេលវិលមកប្រទេសខ្លួនវិញដែរ។
នៅឆ្នាំនេះ លោកប្រធានាធិបតី Yoon Suk Yeol បានអំពាវនាវឱ្យមានវិធានការតឹងរ៉ឹងជាងមុន ដើម្បីបំបាត់ការជួញដូរគ្រឿងញៀន ដោយលោកបាននិយាយថា កូរ៉េខាងត្បូងលែងជាប្រទេស «មានគ្រឿងញៀនដោយសេរី» ទៀតហើយ។
លោក Lee Sun-kyun បានស្លាប់ដោយបន្សល់នូវភរិយាគឺអ្នកស្រី Jeon Hye-jin ដែលជាតារាភាពយន្ត និងកូនប្រុសពីរនាក់៕