យោធាកូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃទី ២៤ ខែមករាថា កូរ៉េខាងជើងបានបាញ់មីស៊ីលស្វ័យនាំផ្លូវជាច្រើនគ្រាប់ទៅក្នុងដែនសមុទ្រភាគខាងលិចនៃប្រទេសនោះ។ ការវិភាគលើរូបភាពតាមផ្កាយរណបពាណិជ្ជកម្មបានបង្ហាញថា កូរ៉េខាងជើងបានវាយកម្ទេចចោលនូវបូជនីយដ្ឋានរាងដូចធ្នូក្នុងរដ្ឋធានីព្យុងយ៉ាងដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាមួយប្រទេសកូរ៉េខាងត្បូងដែលជាគូសត្រូវរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីសប្តាហ៍មុន បានពណ៌នាបូជនីយដ្ឋាននោះថាជាវត្ថុទើសភ្នែក និងបានស្នើឱ្យវាយកម្ទេចចោល។ ស្របពេលនោះដែរ លោកបានប្រកាសថា ប្រទេសកូរ៉េខាងជើងនឹងលះបង់ចោលនូវគោលបំណងដ៏យូរអង្វែងរបស់ខ្លួនអំពីការបង្រួបបង្រួមដោយសន្តិវិធីជាមួយប្រទេសកូរ៉េខាងត្បូង និងបានបញ្ជាឱ្យតាក់តែងរដ្ឋធម្មនុញ្ញកូរ៉េខាងជើងឡើងវិញ ដោយកំណត់ដាក់កូរ៉េខាងត្បូងថាជាសត្រូវបរទេសដ៏អរិភូតបំផុតរបស់ខ្លួន។
ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ២៤ ខែមករាកន្លងមកនេះគឺជាការបាញ់មីស៊ីលលើកទីពីររបស់ប្រទេសនេះនៅក្នុងឆ្នាំ ២០២៤ នេះ ដែលការបាញ់លើកទីមួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមករា។
នៅក្នុងការបាញ់លើកទីមួយនោះ កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយមធ្យមដែលប្រើឥន្ធនៈរឹងលើកដំបូងបង្អស់ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចប្រឹងប្រែងនៅក្នុងការលើកកម្ពស់ប្រព័ន្ធអាវុធរបស់ខ្លួនដែលមានសមត្ថភាពអាចវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុននិងនៅដែនដី Guam របស់អាមេរិក។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃទី ២៤ ខែមករាថា យោធាអាមេរិកនិងកូរ៉េខាងត្បូងកំពុងវិភាគលើការបាញ់សាកល្បងលើកនេះរបស់កូរ៉េខាងជើង។ ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងនេះមិនបានបញ្ជាក់ភ្លាមៗអំពីចំនួនមីស៊ីលដែលកូរ៉េខាងជើងបានបាញ់ឬចំណុចលម្អិតជាក់លាក់នៃការហោះហើររបស់មីស៊ីលនោះឡើយ។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យោធារបស់យើងកំពុងបង្កើនការត្រួតពិនិត្យនិងប្រុងប្រយ័ត្ននិងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយស្របពេលនោះដែរតាមដានពិនិត្យមើលនូវសញ្ញានិងសកម្មភាពបន្ថែមទៀតរបស់កូរ៉េខាងជើង»។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលដែលលោក Kim Jong Un បន្តជំរុញការអភិវឌ្ឍប្រព័ន្ធអាវុធរបស់ខ្លួន និងបានចេញការគំរាមកំហែងបង្កសង្គ្រាមអាវុធនុយក្លែអ៊ែរជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី។
វេបសាយព័ត៌មាន NK News ដែលផ្ដោតលើប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា «បូជនីយដ្ឋានតំណាងធម្មនុញ្ញ ៣ សម្រាប់ការបង្រួបបង្រួមជាតិឡើងវិញ» នៅក្នុងរដ្ឋធានីព្យុងយ៉ាង ដែលគេហៅជាទូទៅថា «ក្លោងទ្វារនៃការបង្រួបបង្រួមឡើងវិញ» ហាក់ដូចជាបានបាត់ស្រមោលនៅក្នុងរូបភាពផ្កាយរណបដែលក្រុមហ៊ុន Planet Labs បានថតកាលពីព្រឹកថ្ងៃទី ២១ ខែមករាកន្លងទៅនេះ ដោយគេមិនដឹងច្បាស់ថាតើបូជនីយដ្ឋាននេះត្រូវបានវាយកម្ទេចចោលនៅពេលណាឬតាមវិធីណានោះឡើយ។ ទីភ្នាក់ងារសារព័ត៌មាន AP មិនអាចបញ្ជាក់ដោយឯករាជ្យថាពិតប្រាកដឬក៏យ៉ាងណានោះទេអំពីរឿងនេះ។
បូជនីយដ្ឋាននេះមានកម្ពស់ ៣០ ម៉ែត្រនិងស្ថិតនៅលើផ្លូវជាតិល្បឿនលឿនមួយឆ្ពោះទៅកាន់ទីក្រុង Kaesong នៅជិតព្រំប្រទល់ជាមួយកូរ៉េខាងត្បូង។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានពង្រីកសមយុទ្ធយោធារួមគ្នាដើម្បីឆ្លើយតបចំពោះការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ លោក Kim Jong Un បានចាត់ទុកការធ្វើសមយុទ្ធយោធានេះថាជាការហាត់សមដើម្បីឈ្លានពានលើកូរ៉េខាងជើង។
នៅក្នុងការសងសឹកត្រឡប់ទៅវិញលើកនេះ កូរ៉េខាងជើងបានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួនបានធ្វើការសាកល្បងដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរបាន ដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដោយកូរ៉េខាងជើងបានបន្ទោសសត្រូវរបស់ខ្លួនទាំងនេះថាជាអ្នកបង្កើតឱ្យមានភាពតានតឹងនៅក្នុងតំបន់។
មីស៊ីលស្វ័យនាំផ្លូវស្ថិតក្នុងចំណោមអាវុធផ្សេងៗរបស់កូរ៉េខាងជើងដែលត្រូវបានធ្វើការសាកល្បងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលប្រទេសនេះព្យាយាមបង្កើតការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី។
ចាប់តាំងពីឆ្នាំ ២០២១ មក កូរ៉េខាងជើងបានសាកល្បងមីស៊ីលស្វ័យនាំផ្លូវរយៈចម្ងាយឆ្ងាយជាច្រើន ដែលខ្លួនអះអាងថាអាចហោះបានរហូតដល់ចម្ងាយ ២.០០០ គីឡូម៉ែត្រនិងមានសមត្ថភាពអាចបំពាក់នុយក្លែអ៊ែរបានផងដែរ។
ខណៈដែលសកម្មភាពសាកល្បងមីស៊ីលស្វ័យនាំផ្លូវរបស់កូរ៉េខាងជើងមិនត្រូវបានហាមឃាត់ដោយផ្ទាល់នៅក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ អ្នកជំនាញនានាបាននិយាយថា អាវុធទាំងនោះបង្កជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន ព្រោះអាវុធទាំងនោះត្រូវបានធ្វើឡើងឱ្យហោះដូចយន្តហោះតូចមួយនៅលើផ្ទៃអាកាសដែលធ្វើឱ្យរ៉ាដាពិបាកចាប់បាន។
គេឃើញមានក្ដីបារម្ភដែលថាកូរ៉េខាងជើងអាចបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងឆ្នាំបោះឆ្នោតរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ។ អ្នកជំនាញមួយចំនួនបាននិយាយថា ប្រទេសកូរ៉េខាងជើងអាចមានបំណងបង្កើនអំណាចចរចារបស់ខ្លួននៅពេលដែលខ្លួនមានផែនការធ្វើការចរចាក្នុងពេលខាងមុខជាមួយបេក្ខជនប្រធានាធិបតីអាមេរិករូបណាដែលឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខនេះ។
ប្រទេសកូរ៉េខាងជើងក៏មានប្រវត្តិយូរលង់ផងដែរក្នុងការបង្កើនសម្ពាធលើប្រទេសកូរ៉េខាងត្បូងដែលជាគូសត្រូវរបស់ខ្លួន នៅពេលដែលខ្លួនមិនទទួលបាននូវអ្វីដែលខ្លួនចង់បានពីសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ