លោកស្រីប្រធានាធិបតី Park Geun-hye នៃប្រទេសកូរ៉េខាងត្បូង បានស្នើពន្យាពេលផែនការបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយដើម្បីជួយប្រទេសរបស់លោកស្រីក្នុងការដោះស្រាយការផ្ទុះឡើងនូវជំងឺ MERS។
ការិយាល័យរបស់លោកស្រីប្រធានាធិបតី បាននិយាយថា លោកស្រី Park នឹងរៀបចំគម្រោងទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនឡើងវិញ ដែលនៅទីនោះ លោកស្រីត្រូវធ្វើការចរចាជាមួយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ គេមិនទាន់ដឹងនៅឡើយទេថា តើដំណើរបំពេញទស្សនកិច្ចនោះ នឹងត្រូវគ្រោងឡើងម្តងទៀតនៅពេលណា។
កាលពីថ្ងៃពុធនេះ ក្រុមមន្រ្តីបាននិយាយថា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបញ្ជាក់ថា មានមនុស្សស្លាប់២នាក់បន្ថែមទៀតដោយសារការផ្ទុះឡើងនូវជំងឺ MERS ដែលបានធ្វើឲ្យចំនួនមនុស្សស្លាប់ទាំងអស់ឡើងដល់៩នាក់។ ជនរងគ្រោះទាំង២នាក់នោះ ដែលមានអាយុខ្ទង់៦០ឆ្នាំនិង៧០ឆ្នាំប្លាយ បានមានជំងឺនេះស្រាប់មកហើយ។
ករណីនៃការឆ្លងមេរោគ MERS ថ្មីចំនួន១៣ករណីទៀត ក៏ត្រូវបានគេរាយការណ៍ដែរដែលពង្រីកចំនួនករណីដែលគេបានដឹងឡើងទៅដល់ចំនួន១០៨ករណី។ ក្រុមមន្រ្តី បានសង្កត់ធ្ងន់ថា ការឆ្លងទាំងអស់បានស្ថិតនៅក្នុងមន្ទីរពេទ្យ។
នៅក្នុងទីក្រុងហុងកុង ភាគហ៊ុនបានធ្លាក់ចុះប្រហែល១ភាគរយនៅថ្ងៃពុធនេះ បន្ទាប់ពីស្រ្តីអាយុ២២ឆ្នាំម្នាក់ដែលកាលពីពេលថ្មីៗនេះ បានទៅទស្សនាប្រទេសកូរ៉េខាងត្បូង ហើយបានស្ទុះស្ទារទៅកាន់មន្ទីរពេទ្យដោយជំងឺគ្រុនហើយនឹងហៀរសំបោរ។ស្រ្តីនោះបានស្ថិតនៅដាច់ដោយឡែកពីគេនៅឯមន្ទីរពេទ្យក្នុងទីក្រុងហុងកុង ដែលនៅទីនោះ ពួកមន្រ្តីនិយាយថា ស្រ្តីរូបនោះមានស្ថានភាពនឹងនរ ហើយកំពុងធ្វើការសាកល្បង៕