ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា ជនរងគ្រោះជាស្រ្តីអាយុ៦៨ឆ្នាំម្នាក់ ដែលបានស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីពេទ្យក្រុងសេអ៊ូល ដែលនៅទីនោះមានការឆ្លងជម្ងឺ Mers មុនៗបានកើតមានឡើង។
ក្រសួងសុខាភិបាលបានប្រាប់ឲ្យដឹងទៀតថា មានករណីថ្មីទី៨បានផ្ទុះឡើង ដោយធ្វើឲ្យចំនួនមនុស្សឆ្លងមេរោគនោះសរុបចំនួន៩៥នាក់ហើយ។
លោក Jeong Eun-Kyung មន្រ្តីមជ្ឈមណ្ឌលត្រួតត្រាជម្ងឺបាននិយាយថា «យើង បញ្ជាក់ថា មានករណីនៃជម្ងឺ MERS ចំនួន៩៥។ ក៏ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះ មានអ្នកជម្ងឺ៩នាក់ ស្ថិតក្នុងស្ថានភាពមិននឹងនររហូតមកទល់ពេលនេះ»។
ការផ្ទុះឡើងនូវជម្ងឺនោះ បាននាំឲ្យមនុស្សជាង២៥០០នាក់ ត្រូវដាក់ឲ្យនៅទីកន្លែងដាច់ដោយឡែកពីគេ សម្រាប់ជនសង្ស័យដែលមានការទាក់ទងជាមួយអ្នកជម្ងឺ MERS។
ក្រុមមន្រ្តីសុខាភិបាលបាននិយាយថា ពួកគេកំពុងតាមដានសញ្ញាទូរស័ព្ទចល័តរបស់មនុស្សដែលនៅដាច់ពីគេ ដើម្បីធ្វើឲ្យប្រាកដថាពួកគេធ្វើទៅតាមវិធានការដាក់ឲ្យនៅដោយលែកពីគេនេះ។
កូរ៉េខាងត្បូងបានបិទសាលារៀនជិត២០០០កន្លែង នៅក្នុងកិច្ចខំប្រឹងប្រែងដើម្បីបញ្ឈប់ការរាលដាលមេរោគនោះ។ ករណីនៃជម្ងឺឆ្លងទាំងអស់បានកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំសុខភាព។
កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលបានច្រានចោលគោលនយោបាយរបស់ខ្លួនហើយ បានបញ្ចេញឈ្មោះមណ្ឌលថែទាំសុខភាពទាំង២៤ ដែលនៅទីនោះមានអ្នកជម្ងឺ MERS ត្រូវបានគេធ្វើរោគវិនិច្ឆ័យឬព្យាបាល៕