ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ទុក​រឿង​មិន​ចុះ​សម្រុង​គ្នា​មួយ​ឡែក​​ដើម្បី​ពិភាក្សា​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង

  • Brian Padden

អ្នក​តវ៉ា​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ហែក​ក្រដាស​ចម្លេង​ដែល​មាន​រូបភាព​នៃ​គម្រប​សៀវភៅ​ថ្មី​របស់​ជប៉ុន​សម្រាប់​មុខវិជ្ជា​សិក្សាសង្គម​និង​ប្រវត្តិសាស្រ្ត​កំឡុង​ពេល​ប្រមូល​ផ្តុំ​ប្រឆាំង​ជប៉ុន​នៅ​ពី​មុខ​សា្ថតទូត​ជប៉ុន​ក្នុង​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥។

ទោះណា​ជា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​ដោយសារ​ភាព​មិន​ចុះ​សម្រុង​គ្នា​រឿង​ដែន​ដី និង​ជម្លោះ​ប្រវត្តិសាស្រ្ត​ក៏​ដោយ ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​ជប៉ុន​នឹង​បន្ត​កិច្ច​ចរចា​សន្តិសុខ​បន្ត​ទៀត​នៅ​ក្នុង​សប្តាហ៍​នេះ។ កិច្ច​ចរចា​ទាំង​នេះ​មិន​ទំនង​ជា​សញ្ញា​មួយ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​អាច​នឹង​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​ជា​យូរ​យា​ណាស់​មក​ហើយ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​វា​ជា​ការ​ទទួល​ស្គាល់​ថា​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ទប់ទល់​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ដែល​ចេះ​តែ​កើន​ឡើង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។

កិច្ច​ប្រជុំ​រវាង​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​និង​ក្រសួង​ការពារ​ជាតិ​នឹង​ក្លាយ​ជា​កិច្ច​សន្ទនា​ផ្នែក​សន្តិសុខ​កម្រិត​ខ្ពស់លើក​ដំបូង​ដែល​កើត​មាន​ឡើង​រវាង​ប្រទេស​ជប៉ុន ​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈ​ពេល​ជាង​៥ឆ្នាំ។

លោក​ Baek Seung-joo អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ​កិច្ច​ចរចា​ដែល​នឹង​ត្រូវ​ធ្វើ​នោះ​នឹង​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ស៊ើប​ការ​សម្ងាត់​ដើម្បី​វាយ​តម្លៃ​និង​ទទួល​បាន​តួ​លេខ​កើន​ឡើង​នៃ​ការ​សាក​ល្បង​កម្មវិធី​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​និង​ការ​រីកចម្រើន​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោកនិយាយ​ថា​ កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ចែក​រំលែក​និង​រក្សា​តម្លៃ​នយោបាយ​និង​ប្រយោជន៍​ជាតិ​ទាំង​អស់​គ្នា។ ពាក់ព័ន្ធ​ជាមួយ​នឹង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ភាគ​ឦសានវិញ​ លោក​បាននិយាយ​ថា​ អ្វី​ដែល​គំរាម​កំហែងសន្តិសុខ​និង​ស្ថេរភាព​នៃ​អាស៊ី​ភាគ​ឦសានគឺ​ការ​រីកចម្រើន​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​និង​គោល​នយោបាយ​យោធា​របស់​ខ្លួនដ៏​ពិបាក​និង​ប្រកប​ដោយ​ការផ្សង​ព្រេង។

ក៏ប៉ុន្តែ​ កិច្ច​ប្រជុំ​សន្តិសុខ​ទ្វេ​ភាគី​មួយ​នេះ​ ក៏​ដូចជា​កិច្ច​ប្រជុំ​ត្រី​ភាគី​នា​ពេល​ថ្មីៗ​នេះ​ដែល​ចូលរួម​ដោយ​រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ចិន និង​ជប៉ុន​ មិន​មែន​មាន​ន័យ​ថា​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​រួបរួម​គ្នា​ដើម្បី​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​នោះ​ទេ។

ទំនាក់ទំនង​រវាង​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ​ កាន់​តែមាន​ភាពតាន​តឹង​លើ​បញ្ហា​ប្រវត្តិសាស្រ្ត​និង​អធិបតេយ្យភាព។

ប្រទេស​ទាំង​ពីរ​បាន​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​នៃ​ប្រជុំ​កោះ​មួយ​ ដែល​ហៅ​ថា​ Dokdo ជា​ភាសា​កូរ៉េ​ និង​ Takeshima ជា​ភាសា​ជប៉ុន ដែល​កោះ​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កូរ៉េ​ខាង​ត្បូង។

កាល​ពី​សប្តាហ៍​មុន​ មាន​សេចក្តីប្រកាស​មួយ​ដែល​ថា​ សៀវភៅ​សិក្សា​ថ្មី​ក្នុង​កម្មវិធី​សិក្សា​របស់​ជប៉ុនបាន​បញ្ចូល​កោះ​នោះ​ជា​កម្មសិទ្ធិ​របស់​ជប៉ុន​ដោយ​មិន​បាន​លើក​ឡើង​អំពី​បរិបទ​ជម្លោះ​លើ​ទឹកដី​នោះ​ បាន​បញ្ឆេះ​កំហឹង​មួយ​សារ​ទៀត​នៅ​ក្នុង​ក្រុង​សេអ៊ូល។

ប៉ុន្តែ​ គំនិត​ប្រឆាំង​ជប៉ុន​ពិត​ប្រាកដ​នៅ​ក្នុង​ក្រុង​សេអ៊ូល ​គឺ​ធ្វើ​ឡើង​ទៅ​លើអ្វី​ដែល​ជនជាតិ​កូរ៉េ​ភាគ​ច្រើន​បាន​យល់​ឃើញ​ថា​ជាការកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នាយក​រដ្ឋមន្រ្តី​ Shinzo Abe និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យសាប​រលាប​ភាព​ឃោរឃៅដែល​កើត​ឡើង​ដោយ​សារ​ការ​ដាក់​អាណានិគម​របស់​ជប៉ុន​ទៅ​លើ​ឧបទ្វីបកូរ៉េ​ចាប់​តាំង​ពី​ឆ្នាំ​១៩១០ ​រហូត​ដល់​ចុង​បញ្ចប់​នៃ​សង្រ្គាម​លោក​លើក​ទី​២ ក្នុង​ឆ្នាំ​១៩៤៥។ ​ការ​តវ៉ា​ដែល​ចេះ​តែ​បន្ត​នេះ​ បណ្តាល​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង​ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​ដោយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​និង​អ្នក​គាំទ្រ​ទៅ​លើស្រ្តី​ប្រមាណ​ជា​២០ម៉ឺន​នាក់​នៅ​អាស៊ី​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទាសករ​ផ្លូវ​ភេទ​សម្រាប់​ទាហាន​ជប៉ុន​កំឡុង​សង្រា្គម។​

ដំណើរ​ទស្សនៈកិច្ច​ដ៏​ចម្រូង​ចម្រាស​របស់​លោក ​Abe ​ទៅ​កន្លែង​សម្រាប់​រំឭក​សង្រា្គម​លោក​លើក​ទី២​ដែល​មាន​ដាក់បញ្ចូល​ទាំង​ឧក្រិដ្ឋជន​សង្រ្គាម​និង​មតិយោបល់​របស់​អ្នក​សេ្នហា​ជាតិ​ជប៉ុន ​ដែល​អះអាង​ថាស្ត្រី​បម្រើ​ផ្លូវ​ភេទ​ បានស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​រកស៊ី​ផ្លូវ​ភេទនោះ​ ​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​អាក្រក់​ជាង​មុន។

រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន​ Fumio Kishida ​ និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​ចង់​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​នេះ​តាម​រយៈ​កិច្ច​សន្ទនា។

លោក​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​ចាត់​ទុក​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​ជិត​ខាង​ដ៏​មាន​តម្លៃបំផុត​សម្រាប់​ប្រទេស​ជប៉ុន​ ហើយ​សង្ឃឹម​ថា​នឹង​កសាង​ទំនាក់ទំនង​ទ្វេ​ភាគី​ ច្រើន​កម្រិត​ និង​ផ្តោត​ទៅ​លើ​អនាគត​ ​ក្នុង​គំនិត​ដែល​ទូលាយ​ជាង​នេះ​ ដោយ​ធ្វើ​ការ​ដោយ​អត់​ធ្មត់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​នោះ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Park Geun-hye ​បាន​បដិសេធការ​ជួប​ប្រជុំ​ផ្លូវ​ការ​មួយ​ទល់​មួយ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ Abe ដរាប​ណាលោក​មិន​ចេញ​ផ្សាយការ​សុំ​ទោស​មួយ​ដែល​អាច​ទទួល​យក​បាននិង​ប្រគល់សំណង​ដល់​ជន​រងគ្រោះ។

អនុ​រដ្ឋមន្រ្តី​ការពារ​ជាតិកូរ៉េ​ខាង​ត្បូង​និយាយ​ថា​ លោក​ជួប​ជាមួយ​នឹង​សមភាគី​ជប៉ុន​ជា​ទៀងទាត់​ គឺ​ដើម្បី​និយាយ​អំពី​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ។ លោក​និយាយ​ថា ​ទំនាក់ទំនង​ទ្វេ​ភាគី​មិន​អាច​មាន​ការ​រីកចម្រើន​បាន​ទេ​ លុះ​ត្រា​តែ​ជប៉ុន​បង្ហាញ​ពី​ការ​សុំ​ទោស​ចំពោះអ្វី​ដែល​ខ្លួន​បាន​ធ្វើ។

លោក​និយាយ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ជប៉ុន​បង្ហាញ​ឥរិយាបថ​ត្រឹមត្រូវ​ និង​ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ​ ប្រទេស​ជិត​ខាង​អាច​នឹង​ជា​សះ​ស្បើយ​ពី​វិបត្តិ​ផ្លូវ​ចិត្ត​ ហើយ​ចុង​ក្រោយ​នឹង​អាច​ជួយ​រដ្ឋាភិបាល​ជប៉ុន​ ពលរដ្ឋ​ជប៉ុន និង​អនាគត​របស់​ពួក​គេ។

មាន​ការ​រំពឹង​ទុក​ថា​ នាយក​រដ្ឋមន្រ្តី​ Abe ​នឹង​និយាយ​អំពី​បញ្ហា​នេះ​ នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនៈកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​នឹង​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​គ្នា​របស់​សភា​អាមេរិក​នៅ​ពេលក្រោយ​ក្នុង​ខែ​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG