គណ​បក្ស​មួយ​ចំនួននិង ​គ.ជ.ប.​ បន្ត​មិន​ចុះ​សម្រុង​គ្នា​លើ​ការ​កែប្រែ​នីតិ​វិធី​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

គណបក្ស​នយោបាយ​ចំនួន​៦​បន្ត​ជំទាស់​នឹង​ការ​សម្រេច​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ដោយ​ទាម​ទារ​ឲ្យ​រក្សា​ទុក​នីតិ​វិធី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​ឲ្យ​ដូច​ការ​អនុវត្ត​ក្នុង​អាណត្តិ​ទី​៤​ដើម្បី​ធានា​បាន​អព្យា​ក្រឹត​ភាព​ តម្លា​ភាព​និង​សុក្រឹត​ភាព​លើ​ដំណើរ​ការ​និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។​ ប៉ុន្តែ​ការ​ទាមទារ​នេះ​គ.ជ.ប.​បាន​ច្រាន​ចោល​សំណើរ​នោះ​សាជា​ថ្មី​និង​អះអាង​ថា​នឹង​បន្ត​អនុវត្ត​តាម​ការ​អនុ​ម័ត​របស់​ស្ថាប័ន​មួយ​នេះ។​

ការ​កែ​ប្រែ​នីតី​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី​៥​នេះ​ធ្វើ​ឲ្យ​គណបក្ស​មួយ​ចំនួន​មាន​ក្តី​មន្ទិល​និង​ក្តី​កង្វល់​កាន់​តែ​ខ្លាំង​ចំពោះ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ពិសេស​លទ្ធ​ផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ខាង​មុខ។​ពួក​គេ​ថែម​ទាំង​អស់​ជំនឿ​លើ​ស្ថាប័ន​គ.ជ.ប. និង​យល់​ថាការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ​នឹង​មិន​មាន​តម្លា​ភាព​សុក្រឹត​ភាព​និង​អព្យា​ក្រឹត​ភាព​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូល​រួម​និង​ម្ចាស់​ឆ្នោត​ឡើយ។នេះ​បើ​តាម​តាម​ញត្តិ​របស់​គណបក្ស​នយោបាយ​ចុះ​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០២២។​

គណបក្ស​នយោបាយ​បាន​ទាម​ទារ​ឲ្យ​ស្ថាប័ន​គ.ជ.ប.​រក្សា​ទុក​ទម្រង់​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​(ទម្រង់​១១០២)​ឲ្យ​នៅ​ដដែល​ដោយ​រក្សា​ខ្ទង់​ព័ត៌មាន​អំពី​ចំនួន​សន្លឹក​ឆ្នោត​ដែល​បាន​ទទួល​សន្លឹក​ឆ្នោត​ដែល​មិន​បាន​ប្រើ​សន្លឹក​ឆ្នោត​ខូច​ជា​ដើម។​

ពួក​គេ​ទាម​ទារ​ឲ្យ​ប្រធាន​គណៈ​កម្មការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​បន្ត​ចែក​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​(ទម្រង់​១១០២)​ជូន​ភ្នាក់ងារ​គណ​បក្ស​នយោបាយ​ដែល​មាន​វត្តមាន​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ដូច​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​ដើម្បី​ធានា​ភាព​ជឿ​ជាក់​លើ​ដំណើរ​ថា​ការ​បោះឆ្នោត​ឆ្នាំ​២០២២​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹម​ត្រូវ​និង​យុត្តិធម៌​និង​អាច​ឲ្យ​គណបក្ស​ដែល​ចូល​រួម​ប្រកួតអាច​ទុក​ចិត្ត​បាន​និង​បញ្ចៀស​ជម្លោះ​នយោបាយ​ពេល​បោះ​ឆ្នោត​ចប់។​

គណបក្ស​ទាំង​នោះ​រួម​មាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​គណបក្ស​កម្ពុជា​និយម​គណបក្ស​កែ​ទម្រង់​កម្ពុជា​គណបក្ស​កម្លាំង​ប្រជា​ធិបតេយ្យ​គណបក្ស​បំណង​ពលរដ្ឋ និង​គណបក្ស​ភ្លើង​ទៀន។​

ញត្តិ​រួម​គ្នា​នោះ​បញ្ជាក់​បន្ថែម​ថា​គណបក្ស​ទាំង​អស់​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​បំភ្លឺ​និង​ការ​បក​ស្រាយ​របស់​ស្ថាប័ន​គ.ជ.ប.​អំពី​ការ​កែប្រែ​នីតិវីធី​បោះ​ឆ្នោត​ថ្មី​ដែល​គ.ជ.ប.​បាន​សំអាង​ថា​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ធ្វើ​ការ​លើស​១២​ម៉ោង​ហួស​កម្លាំង​អាច​មាន​ការ​ថ្លោះ​ធ្លោយ​និង​កំហុស​ពេល​ចម្លង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​ដៃ។​ ប៉ុន្តែ​ការ​សំអាង​របស់​គ.ជ.ប.​នេះ​ត្រូវ​បាន​គណបក្ស​ទាំង​៦​ថា​មិន​សម​ហេតុ​ផល​និង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ។​គណបក្ស​ទាំង​នោះ​លើក​ឡើង​ថាបញ្ហា​នេះ​គ្រាន់​តែ​តម្រូវ​ឱ្យ​គ.ជ.ប.​ពង្រឹង​និង​បង្កើន​សមត្ថភាព​របស់​មន្ត្រី​ខ្លួន​តែ​ប៉ុណ្ណោះ។​

លោក​យី សីហា​មន្ត្រី​ទទួល​កិច្ចការ​បោះឆ្នោត​និង​ជា​ស្ថាបនិក​ម្នាក់​នៃ​គណបក្ស​កម្ពុជា​និយម​ថ្លែង​ថា​ការ​កែ​ប្រែ​នីតិវិធី​នេះ​ជា​«ក្តី​កង្វល់​ដ៏​ធំ»​មិន​មែន​ត្រឹម​តែ​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ​ទេ​សូម្បី​ប្រជា​ពលរដ្ឋ​និង​អង្គការ​តាម​ដាន​ការ​បោះឆ្នោត​ក៏​បាន​លើក​ឡើង​ថា​នេះ​ជា​បញ្ហា​និង​ក្តី​កង្វល់​ផង​ដែរ។​

លោក​បន្ថែម​ថា​លោក​មិន​ទាន់​អាច​ទទួល​យក​ហេតុ​ផល​របស់​គ.ជ.ប.​ទេ​ ហើយ​ថា​ស្ថាប័ន​មួយ​នេះ​ត្រូវ​តែ​បណ្តុះ​បណ្តាល​មន្ត្រី​បោះ​ឆ្នោត​តាម​ការិយាល័យ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ ​ដោយ​លោក​លើក​ឡើង​ថាការងារ​នេះ​គឺ​មិន​ពិបាក​ទេប្រសិន​បើ​គ.ជ.ប.​មាន​ឆន្ទៈ​ពិត​ប្រាកដ។​

លោក​បញ្ជាក់​ថា៖​« ក្នុង​ការ​បណ្តុះ​បណ្តាល​ឲ្យ​មន្ត្រី​តាម​ការិយាល័យ​នីមួយៗ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​និង​បង្កើន​ការ​ទទួល​ខុស​ត្រូវ​បង​គិត​ថា​ វា​មិន​មែន​ជា​រឿង​លំបាក​របស់​គ.ជ.ប.​ទេ។​ អាហ្នឹង​ទីមួយ។ ​ហើយ​ទីពីរ​ យើង​ចង់​ឲ្យ​គ.ជ.ប.​គិត​ពី​ការ​អនុវត្ត​នូវ​ដំណើរ​ការ​ក្នុង​ការ​ជ្រើស​រើស​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​មក​ធ្វើការ​ដែរ។​មុន​នឹង​ជ្រើស​រើស​យើង​ត្រូវ​សួរ​នាំ​ឲ្យ​ច្បាស់​លាស់​ថា​តើ​អ្នក​ឯង​អាច​ធ្វើ​បាន​ឬ​អត់​ការងារ​ហ្នឹង​ ទំហំ​ប៉ុន​នែក​ តួនាទី​វា​អញ្ជេក។​ យើង​ត្រូវ​សួរ​នាំ​ឲ្យ​ច្បាស់​មុន​យើង​សម្រេច​ចិត្ត​ជ្រើស​រើស​មន្ត្រី​មក​ធ្វើការងារ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ​ហ្នឹង»។​

លោក​បន្ថែម​ថា៖​«ការ​លើក​ឡើង​ការ​ច្រាន​ចោល​ម្តង​ជា​ពីរ​ដង​និង​បី​ដង​ហ្នឹង​ វា​ឆ្លុះ​បញ្ចាំង​អំពី​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​គ.ជ.ប.​ក្នុង​នាម​ជា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ដែល​ឯករាជ្យ។​ហើយ​ដូច​អត់​មាន​ចេតនា​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ត្រឹមត្រូវ​តម្លា​ភាព​និង​ទទួល​យក​បាន​គ្រប់​ភាគី»។​

បើ​តាម​លោក​យី សីហាគណបក្ស​នយោបាយ​ក៏​បាន​ជួប​ជាមួយ​មន្រ្តី​ទូត​មួយ​ចំនួន​ដូច​ជា​សហភាព​អឺរ៉ុប​ អាល្លឺម៉ង់​ ស៊ុយអែត​ហើយ​នឹង​បារាំង​ដោយ​បាន​ពិភាក្សា​លើ​បញ្ហា​នេះ។​

ចំណែក​លោក​ឡឹក សុធារ​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​មាន​ប្រសាសន៍​ថា​គ.ជ.ប.​មិន​គួរ​កែប្រែ​នីតិ​វីធី​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​ពី​ភាគី​គណបក្ស​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ឡើយ។​

លោក​ថ្លែង​ថា៖​«ហើយ​បើ​ថា​បញ្ហា​ធ្វើការ​លើស​១២​ម៉ោង​បណ្តាល​ឲ្យ​មន្ត្រី​របស់​ខ្លួន​មាន​បញ្ហា​ អ៊ីចឹង​គ.ជ.ប.​ជ្រើស​រើស​មន្ត្រី​ឬ​ជំនួយ​ការ​មួយ​ទៀត​ទៅ​ឲ្យ​ចម្លង​ឬ​ក៏​គ.ជ.ប.​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ជា​អ្នក​សរសេរ​ចម្លង​ដោយ​ខ្លួន​ឯង​ហើយ​គ.ជ.ប.​ជា​អ្នក​ត្រួត​ពិនិត្យ​ទៅ!​អ៊ីចឹង​ហេតុ​ផល​ទាំង​អស់​នេះ​និយាយ​ជា​រួម​វា​គ្រាន់​ជា​លេស​ដែល​មិន​សម​ហេតុ​ផល​តែ​ប៉ុណ្ណោះ»។​

លោក​អះអាង​ថា​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​មាន​ក្តី​បារម្ភ​ថា​នឹង​អាច​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ឬ​លទ្ធផល​បោះ​ឆ្នោត។​

លោក​បន្ថែម​ថា៖​«បោះ​ឆ្នោត​ហើយ​សន្លឹក​ឆ្នោត​រាប់​ហើយ​ ហើយ​យើង​អត់​ដឹង​ថា​រាប់​បាន​ប៉ុន្មាន។​ហើយ​រង់ចាំ​ថា​ទៅ​យក​នៅ​ឃុំ​ហើយ​នៅ​ក្នុង​ចន្លោះ​ពេល​ហ្នឹង​តើ​មាន​អ្វី​កើត​ឡើង? ប្រសិន​បើ​មាន​ស្ថាប័ន​ណា​ដែល​មាន​អំណាច​ដែល​មាន​ឥទ្ធិពល​ហើយ​ចង់​កែ​ប្រែ​លទ្ធផល​នោះ​ តើ​យើង​គួរ​ដោះស្រាយ​យ៉ាង​ម៉េច?អ៊ីចឹង​ពួក​យើង​បារម្ភ។​ ពួក​យើង​បាត់​បង់​ទំនុក​ចិត្ត​ហើយ​ពួក​យើង​បារម្ភ​លើ​លទ្ធផល​[បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២]មែន​ទែន»។​

លោក​បន្ត​ថា៖​«សួរ​ថា​គ.ជ.ប.​ជា​អ្នក​ណា?​ ហើយ​គ.ជ.ប. រៀបចំ​ការ​បោះឆ្នោត​សម្រាប់​អ្នកណា?​សម្រាប់​គណបក្ស​នយោបាយ​ឬ​សម្រាប់​ខ្លួន​ឯង?បើ​សម្រាប់​គណបក្ស​នយោបាយ​ អ៊ីចឹង​គ.ជ.ប.​ត្រូវ​តែ​ទទួល​យក​នូវ​អនុសាសន៍​ក៏​ដូច​ជា​មតិ​របស់​គណបក្ស​នយោបាយ​ពីព្រោះ​ថា​គណបក្ស​នយោបាយ​ជា​អ្នក​ចូលរួម​ប្រកួត​មិន​មែន​គ.ជ.ប.​ជា​អ្នក​ចូលរួម​ប្រកួត​ទេ។​ ហើយ​បើ​គ.ជ.ប.​ធ្វើ​នីតិ​វិធី​ដើម្បី​ខ្លួន​ឯង​ អ៊ីចឹង​ធ្វើ​ចុះ​ហើយ​ចូលរួម​ប្រកួត​ខ្លួន​ឯង​ចុះ»។​

អ្នក​នាំពាក្យ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​លោក​ហង្ស ពុទ្ធា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​គ.ជ.ប.​នឹង​អនុវត្ត​កិច្ចការ​របស់​ខ្លួន​ដូច​ក្នុង​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី៦​ខែ​មករា​ឆ្នាំ​២០២២។​ លោក​បន្ត​ថា​ការ​សម្រេច​របស់​គ.ជ.ប.​ទទួល​បាន​មតិ​ជំទាស់​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ហើយ​គណបក្ស​ភាគ​ច្រើន​មិន​បាន​ផ្តល់​យោបល់​ឡើយ។​

លោក​ថ្លែង​ថា៖​«គ.ជ.ប.​អនុវត្ត​នូវ​កិច្ចការ​របស់​ខ្លួន​ដោយ​ផ្នែក​ទៅ​លើ​បទ​បញ្ជា​និង​នីតិវិធី​ដែល​បាន​អនុម័ត​ហើយ។​ហើយ​ការ​អនុម័ត​នេះ​មាន​ការ​ចូល​រួម​មិន​មែន​គណបក្ស​តែ​ចំនួន​៦​ទេ​គឺ​ច្រើន​ហើយ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត»។​

ដោយ​ឡែក​ទាក់ទង​ការ​ស្នើ​ឲ្យ​បន្ថែម​មន្ត្រី​បោះ​ឆ្នោត​តាម​ការិយាល័យ​ លោក​ហង្ស ពុទ្ធា​ឆ្លើយ​តប​ថា​បញ្ហា​នេះ​ពាក់​ព័ន្ធ​ការ​ប្រើ​ប្រាស់​ថវិកាជាតិ។​

គួរ​បញ្ជាក់​ថា​សេចក្តី​ព្រាង​ច្បាប់​ថ្មី​របស់​គ.ជ.ប.​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០២២​មាន​ការ​កែប្រែ​នីតិវិធី​មួយ​ចំនួន​ដូច​ជា​ការ​លែង​ផ្តល់​ជូន​លទ្ធផល​ឆ្នោត​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​បាន​ចូល​រួម​តាម​ការិយាល័យ​ដោយ​តម្រូវ​ឲ្យ​ថត​រូប​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ដែល​បិទ​មុខ​ការិយាល័យ​ឬ​ទៅ​យក​នៅ​គណៈ​កម្មាធិការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ជំនួស​វិញ៕