ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បញ្ចប់​សវនាការ​​សួរ​ដេញដោល​សំណុំរឿង​ញុះញង់​​បក្ស​ប្រឆាំង ១៣នាក់


រូបឯកសារ៖ រថយន្ត​ប៉ូលិសដឹក​សកម្មជន​បក្ស​ជំទាស់​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ រថយន្ត​ប៉ូលិសដឹក​សកម្មជន​បក្ស​ជំទាស់​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ចប់​ការ​បង្ហាញ​ភស្តុតាង​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ញុះ​ញង់​និង​រួម​គំនិត​ក្បត់​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​១៣​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ហើយ​គ្រោង​នឹង​ចេញ​សេចក្តី​សន្និដ្ឋាន​មួយ​នៅ​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​។

ក្នុង​សាល​សវនាការ​ដែល​បាន​បង្ហើយ​ការ​បង្ហាញ​ភស្តុតាង​ក្នុង​សំណុំ​រឿង​ខាង​លើ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ គេ​ឃើញ​ជន​ជាប់ចោទ​ទាំង ​១៣​នាក់ ​ដែល​ជា​អតីត​មន្ត្រី​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​បង្ហាញ​ខ្លួន​និង​បន្ត​មើល​ភស្តុតាង​ដែល​ជា​ឃ្លីប​វីដេអូ​និង​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​ជន​ជាប់ចោទ។​

ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បង្ហាញ​ភស្តុតាង​នេះ​ ​តុលាការ​ក៏​បាន​បញ្ចប់​ការ​បញ្ចាំង​ឃ្លីប​វីដេអូ​ជាង​៣​ម៉ោង​ដែល​ទាក់​ទង​នឹង​ព្រឹតិ្ត​ការណ៍​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជាផ្លូវ​ការ​នៅ​ទីក្រុង ​Long Beach​ រដ្ឋ ​California​ សហ​រដ្ឋ​អាមេរិក។​ តុលាការ​បាន​បញ្ចេញ​ភស្តុតាង​ដែល​ជា​ការ​សន្ទនា​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​របស់​ជនជាប់​ចោទ​លោក ​ញ៉ែម វ៉ាន​ ​លោក​ ឡុង ផារី​ លោក ​ងិន ឃាន​ លោក​ ឃុត ច្រឹក​ និង​លោក​ យឹម សារ៉េត។​

ការ​សន្ទនា​នោះ​គឺ​មាន​ខ្លះ​ជា​ការ​និយាយ​ឆ្លើយ​ឆ្លង​រវាង​ជន​ជាប់​ចោទ​និង​ភរិយា​ និង​រវាង​ជនជាប់​ចោទ​និង​ជន​ជាប់​ចោទ​ផ្ទាល់ពេល​មិន​ទាន់​ត្រូវ​បាន​ចាប់​មក​ឃុំ​ខ្លួន​ហើយនឹង​ការ​សន្ទនា​របស់​ជនជាប់​ចោទ​ជាមួយ​បុគ្គល​ផ្សេង​ទៀត។​

ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ដដែល​នោះ​គឺ​មាន​ខ្លះ​ផ្តោត​លើ​ហេតុ​ការណ៍​នានា​ទាក់​ទិន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​និង​មួយ​ចំនួន​ផ្តោត​លើ​ការ​ចូលរួម​បង្កើត​បក្ស​នយោបាយ​ថ្មី​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​និង​ការ​និយាយ​អំពី​វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​កម្ពុជា​ក្នុង​សវនាការ​របស់​លោក ​កឹម សុខា ​និង​ការ​ប៉ុនប៉ង​របស់​ជន​ជាប់​ចោទ​ម្នាក់​ឈ្មោះ​ ញ៉ែម វ៉ាន ​ដែល​ចង់​ទៅ​បំផ្ទុះ​គ្រាប់​បែក​ឆ្នុក​ក្នុង​ទឹកដី​ថៃ​ជាប់​តំបន់​ប៉ោយ​ប៉ែត។​

ក្នុង​ពេល​ចាក់​បង្ហើយ​ភស្តុតាង​ជា​ឃ្លីប​វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង​៣​ម៉ោង​អ្នក​តាម​ដាន​សវនាការ​បាន​ឃើញ​នូវ​ការ​រៀបចំ​បង្កើត​គណៈ​កម្មការ​ចលនា​សង្គ្រោះ​ជាតិ​ដែល​មាន​លោក ​សម រង្ស៊ី​ ជា​ប្រធាន ​និង​បុរស​ពីរ​នាក់​គឺ​លោក​ សុខា លី ​និង​លោក​ លី គា​ ដែល​គេ​មិន​សូវ​ស្គាល់​ជា​សាធារណៈក្នុង​ប្រទេស​កម្ពុជា​ពី​មុន​មក​នោះជា​អនុ​ប្រធាន​និង​លេខាធិការ។​

បើ​តាម​វីដេអូ​នោះ​លោក ​សម រង្ស៊ី​ ដែល​ក្រោយ​ពេល​ត្រូវ​បាន​ប្រកាស​ឱ្យ​ធ្វើ​ជា​ប្រធាន​ចលនា​នោះ​រួច​មក​បាន​លើក​ឡើង​ពី​គោល​បំណង​របស់​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទាមទារ​ឱ្យ​ដោះលែង​លោក ​កឹម សុខា​ និង​អ្នក​ជាប់​ឃុំ​ឯ​ទៀត​ដោយសារ​រឿង​នយោបាយ​និង​បាន​ប្រកាស​ពី​ផែនការ​សកម្មភាព ​៥​ចំណុច​នៃ​ចលនា​នោះ។​

ផែន​ការ​សកម្មភាព​ទាំង​៥​ដែល​ប្រកាស​ដោយ​លោក​ សម រង្ស៊ី​ រួមមាន​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ក្រោក​ប្រឆាំង​អំណាច​ផ្តាច់ការ​តាម​ការ​ធ្វើ​បាតុកម្ម​ឱ្យ​ប្រទេស​ផ្តល់​ប្រាក់​កម្ចី​និង​ធនាគារ​ពិភពលោក​ឈប់​ផ្តល់​កម្ចី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ជំរុញ​ឱ្យ​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​ដូច​ជា​សហ​រដ្ឋ​អាមេរិកនិង​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌ​កម្ម​លើ​ជន​ផ្តាច់​ការ​នៅ​កម្ពុជា​ ចលនា​ឱ្យ​ទាហាន​កុំស្តាប់​បង្គាប់​តាម​មេ​បញ្ជាការ​បាញ់​ប្រហារ​ពលរដ្ឋ​និង​ចលនា​ឱ្យ​អ្នក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ប្តូរជំហរ​ចាក​ចេញ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

ចំណុច​ទាំង​៥​នោះ​បាន​ស្ថិត​នៅ​ក្នុងការ​សួរ​ដេញ​ដោល​ទៅ​លើ​ជន​ជាប់ចោទ​ទាំង​១៣​រូប​ក្នុង​ពេល​តុលាការ​បើក​សវនាការ​មុនៗ។​

រូបឯកសារ៖ រថយន្ត​ប៉ូលិស​ដឹកអ្នកទោស​ពី​សាលា​ដំបូង​ក្រុង​ភ្នំពេញ ទៅ​កាន់​ពន្ធនាគារ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ រថយន្ត​ប៉ូលិស​ដឹកអ្នកទោស​ពី​សាលា​ដំបូង​ក្រុង​ភ្នំពេញ ទៅ​កាន់​ពន្ធនាគារ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

នាយក​រង​ទទួល​បន្ទុក​ឃ្លំាមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត​យល់​ថា​សវនាការ​របស់​សកម្ម​ជន​ទាំង​១៣​នាក់​បាន​ប្រព្រឹត្ត​ទៅតាម​នីតិវិធី​ ប៉ុន្តែ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ពេល​ដំណើរ​ការ​សវនាការ​ក្រោម​ហេតុផល​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ​ឯទៀត​ដែល​មិន​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​លើក​ឡើង​ទៀត​ថា​ដំណើរ​រឿង​ក្តី​នេះ​ត្រូវ​សហគមន៍​អន្តរជាតិ​និង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​ដូច្នេះ​មាន​តែ​ការ​សម្រុះ​សម្រួល​តាម​យោបាយ​ប៉ុណ្ណោះ​ដែល​អាច​អនុញ្ញាត​ឱ្យជន​ជាប់ចោទ​មាន​សម្បទា​ខាង​នយោបាយ​ឡើង​វិញ​ដើម្បី​ចូលរួម​ចំណែក​ជួយ​កិច្ចការ​ប្រទេស​ជាតិ។​

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖​«ទោះ​បី​ជា​ដំណើរ​ការ​តាម​នីតិវិធី​ក៏​ដោយ​គេ​នៅ​ចាត់​ទុក​ថា​រឿង​ហ្នឹង​ជារឿង​នយោបាយ​ហើយ។​ ហើយ​ដំណើរ​ការ​តាម​នីតិវិធី​ហ្នឹង​វាចេះ​តែ​ដំណើរ​ការ​ទៅ​ហើយ​យើង​ឃើញ​ថា​ថ្ងៃ​ក្រោយ​នឹង​ធ្វើ​ការ​សន្និដ្ឋាន​ហ្នឹង​គឺ​ដូច​ខ្ញុំ​លើក​អ៊ីចឹង​ថា​ បើ​សិន​ជា​អវត្តមាន​នៃ​ជន​ជាប់​ចោទ​អាហ្នឹង​វា​បាត់​ការ​ដោះសា​មួយ​ចំនួន​ឬ​ក៏​ភស្តុតាង​មួយ​ចំនួន​ដែល​បង្ហាញ​ដោយ​ជន​ត្រូវ​ចោទ​ឬ​ជន​ជាប់​ចោទ​ហ្នឹង​បាត់​ទៅ​ហើយ»។​

មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ​លោក ​សំ សុគង់​បាន​កត់​សម្គាល់​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ញុះញង់​និង​រួម​គំនិត​ក្បត់​របស់​អតីត​សកម្ម​ជន​ដែល​កំពុង​ជាប់ឃុំ​ទាំង​១៣​នាក់​ផង​ដែរ​ដោយ​សារ​ចាប់​តាំង​ពី​ដើម​ទី​មក​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ​ណា​ផ្សេង​ទៀត​ក្រៅ​តែ​ពី​ជនជាប់​ចោទ​ដែល​ស្ថិត​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​«តាម​ពិត​ភាព​ដែល​អត់​ទាន់​ត្រឹមត្រូវ​វា​មាន​តាំង​ពី​ដំណាក់​កាល​ដំបូង​មក​ម្ល៉េះ​ដោយសារ​តែ​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ដែល​ត្រូវ​តែ​មក​មាន​វត្តមាន​នៅ​មុខ​សវនាការ​ហ្នឹង​គឺ​មិន​ត្រូវ​បាន​យក​មក​អនុវត្ត​ទេ​គឺ​ពួក​គាត់​ហ្នឹងថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅក្រៅ​ប្រទេស​ហ្នឹង​គឺ​គាត់​ក៏​ជា​ជន​ជាប់​ចោទ​ហើយ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​មាន​វត្តមាន​នៅ​ពេល​សវនាការ​ដែរ»។​

សវនាការ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​មិន​ប្រឈម​មុខ​នឹង​ការ​តវ៉ា​ណា​មួយ​ពី​សំណាក់​សាច់​ញាតិ​របស់​ជន​ជាប់ចោទ​ដូច​សប្តាហ៍​មុន​ទេ។​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក​ រស់​ពិសិដ្ឋ​ បាន​កំណត់​យក​ថ្ងៃទី​២៤​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ដើម្បី​ចេញ​សេចក្តី​សម្រេច​សន្និដ្ឋាន។​

នៅ​ពេល​ជិត​បិទ​បញ្ចប់​សវនាការ​ជនជាប់​ចោទ​មួយ​រូប ​គឺ​លោក​កែវ ថៃ​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិចារណា​ជួយ​សម្រួល​ឱ្យ​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ​បាន​ចូល​ទៅ​ពិនិត្យ​សុខភាព​របស់​ជនជាប់​ចោទ​ដែល​ខ្លះ​មាន​បញ្ហា​សម្ពាធ​ឈាម។​

ប៉ុន្តែ​លោក​ចៅក្រម​រស់ ពិសិដ្ឋ​បាន​ស្នើ​ឱ្យ​ជន​ជាប់​ចោទ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​ទៅ​គ្រូ​ពេទ្យ​ប្រចាំ​ពន្ធនាគារ​ឬ​គ្រូ​ពេទ្យ​ដែល​ចូល​ពី​ខាង​ក្រៅ​ក៏​ត្រូវ​ទៅ​ទាក់​ទង​ផ្ទាល់​ជា​មួយ​មន្ត្រី​ពន្ធនាគារ​ជាមុន​សិន​ផង​ដែរ​ដើម្បី​ចូល​ពិនិត្យ​សុខភាព​ជន​ជាប់​ចោទ។​

គួរ​រំឭក​ផង​ដែរ​ថា​ មុន​ពេល​តុលាការ​សម្រេច​ធ្វើ​ការ​សន្និដ្ឋាន​សំណុំ​រឿង​នេះ​នៅ​ខែ​កុម្ភៈ​នោះជន​ជាប់​ចោទ​ចំនួន​៨​នាក់​ដែល​ភាគច្រើន​ជា​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នោះ​គឺ​ លោក ​សម រង្ស៊ី​ភរិយា​របស់​លោក​គឺ​អ្នក​ស្រី​ជូឡុង សូមូរ៉ា​និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ផ្សេង​ទៀត​មាន​អ្នក​ស្រី មូរ សុខហួរ​និង​លោក ​អេង ឆៃអ៊ាង​មិន​បាន​មក​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ទេ​ដោយសារ​ពួកគេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស៕

XS
SM
MD
LG