នៅថ្ងៃទី៥ ខែសីហា កម្ពុជានឹងចាប់ផ្តើមបើកការដ្ឋានព្រែកជីកហ្វូណន។ ប៉ុន្តែព័ត៌មានសំខាន់ៗដូចជាក្រុមហ៊ុនខ្មែរដែលវិនិយោគនៅក្នុងគម្រោងនេះ និងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន មិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។
អ្នកតាមដានមួយចំនួនជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញព័ត៌មានសំខាន់ៗមួយចំនួនទៀត ដូចជាឯកសារសង្ខេបនៃកិច្ចព្រមព្រៀងវិនិយោគរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន របាយការណ៍សិក្សាអំពីផលប៉ះពាល់បរិស្ថាន និងការដោះស្រាយសំណងសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
កាលពីខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា គម្រោងវិនិយោគនេះ មានការចូលរួមពីក្រុមហ៊ុនខ្មែរចំនួន ៥១% ច្រើនជាងភាគហ៊ុនរបស់ក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១.៧០០ លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា ប្រវែង ១៨០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីប្រព័ន្ធដៃទន្លេមេគង្គរហូតដល់សមុទ្រខេត្តកែប។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគនោះឡើយ។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ យល់ឃើញថា គម្រោងព្រែកជីកហ្វូណននេះ គឺជាគម្រោងដ៏ធំដែលរដ្ឋបានវិនិយោគជាមួយវិស័យឯកជន ដូច្នេះរដ្ឋាភិបាលគួរតែបើកចំហ និងផ្តល់ព័ត៌មានសំខាន់ដើម្បីឱ្យពលរដ្ឋបានដឹង ជាពិសេសពាក់ព័ន្ធនឹងទុនវិនិយោគ និងឯកសារសង្ខេបនៃកិច្ចព្រមព្រៀងរវាងវិនិយោគរវាងរដ្ឋាភិបាល និងក្រុមហ៊ុនជនទាំងនោះ។
លោកបន្ថែមថា រដ្ឋធម្មនុញកម្ពុជាចែងថាប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានសាធារណៈផងដែរ។
លោកប្រាប់វីអូអេថា៖ «គម្រោងនេះជាគម្រោងរបស់រដ្ឋ ដែលវិនិយោគជាមួយវិស័យឯកជន ដូច្នេះពលរដ្ឋគួរទទួលបានព័ត៌មានសាធារណៈពីគម្រោងវិនិយោគរបស់រដ្ឋជាមួយក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ ដែលរដ្ឋត្រូវបញ្ចេញឯកសារសង្ខេបពីព័ត៌មានសាធារណៈ ជាពិសេសលក្ខខណ្ឌសំខាន់ៗរបស់កិច្ចព្រមព្រៀងរវាងរដ្ឋ និងក្រុមហ៊ុនឯកជន»។
បន្ថែមពីនេះ លោក ឡាំ សុជាតិ ក៏ចង់ឃើញរដ្ឋាភិបាលបង្ហាញឯកសារអំពីការសិក្សាផលប៉ះពាល់បរិស្ថានដែរ។
លោកបញ្ជាក់ថា៖ «ហើយឯកសាររបាយការណ៍សិក្សាផលប៉ះពាល់បរិស្ថាន សង្គម សេដ្ឋកិច្ច ផលប្រយោជន៍ ផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមានផងដែរ ព្រមទាំងឈ្មោះនិងភាគទុនរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលបានចូលរួម ជាពិសេសចូលរួមជាផ្លូវការរួចហើយហ្នឹង»។
គម្រោងព្រែកជីកមួយនេះបានបង្កក្តីព្រួយបារម្ភពីសំណាក់ភាគីវៀតណាម។ វៀតណាមបានសុំឯកសារបន្ថែមពីកម្ពុជា តាមរយៈយន្តការគណៈកម្មការទន្លេមេគង្គដែលវៀតណាមនិងកម្ពុជាជាសមាជិក។ ប៉ុន្តែអ្នកនាំពាក្យរបស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC (Mekong River Commission) ប្រាប់វីអូអេកាលពីពេលថ្មីៗថា ភាគីកម្ពុជាមិនបានផ្តល់ឯកសារអ្វីបន្ថែមឡើយរហូតមកដល់ពេលនេះ ក្រៅតែពីការជូនដំណឹងអំពីការស្ថាបនាគម្រោងព្រែកជីកនេះ។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ដែលតាមដានគម្រោងព្រែកជីកហ្វូណននេះ ចង់ឃើញរដ្ឋាភិបាលផ្សព្វផ្សាយរបាយការណ៍ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
លោកប្រាប់វីអូអេថា៖ «អ្វីដែលយើងចង់បាន គឺទី ១ ឱ្យមានការគិតគូរអំពីលទ្ធភាពក្នុងការផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ EIA [ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន] អំពីការពិគ្រោះ ការវាយតម្លៃលើស្ថានភាពទាំងមូល។ ទី ២ ខ្ញុំយល់ថា ប្រហែលជារដ្ឋាភិបាលពន្លឿនលទ្ធភាពក្នុងការដោះស្រាយសំណងឱ្យភាគីពាក់ព័ន្ធ និងអាចមានការណែនាំកម្រិតបច្ចេកទេសបន្ថែមទៀត ទៅដល់ភាគីពាក់ព័ន្ធ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងថា លោកមិនទាន់ឃើញអាជ្ញាធរ ឬរដ្ឋាភិបាលបង្ហាញអំពីយន្តការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងព័ត៌មានលម្អិតអំពីដៃគូវិនិយោគលើគម្រោងនេះនៅឡើយទេ។ លោកយល់ថាការបង្ហាញព័ត៌មាននានាឱ្យសាធារណជនបានដឹង នឹងបង្កើនទំនុកចិត្ត និងដើម្បីកុំឱ្យប្រជាពលរដ្ឋទន្ទឹងរង់ចាំពាក់ព័ន្ធសំណងដែលពួកគេទទួលបាន។
លោកប្រាប់វីអូអេថា៖ «ខ្ញុំគិតថាគម្រោងព្រែកជីកហ្វូណននេះជាគម្រោងធំដែលមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ អ៊ីចឹងយើងបានដឹងអំពីដំណើរការ អំពីផែនការដែលចាប់ផ្តើមដំណើរការជីកនៅដើមខែសីហាខាងមុខនេះ។ ប៉ុន្តែព័ត៌មានមួយចំនួនទៀត ទាក់ទងព័ត៌មានលម្អិតទាក់ទងដៃគូវិនិយោគ ពាក់ព័ន្ធជាមួយហ្នឹងវិធានការផ្សេងៗសម្រាប់ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ខ្ញុំគិតថា [រដ្ឋ] គួរតែជាការចាប់ផ្តើមបង្ហាញដែរ ដើម្បីឱ្យកាន់តែមានការយកចិត្តទុកដាក់ ឬការដឹងឮបានទូលំទូលាយ»។
លោក សន ជ័យ បន្ថែមថាការរៀបចំវេទិកាសួរដេញដោល ក៏ជាមធ្យោបាយល្អ ដើម្បីវែកញែក និងបំភ្លឺបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» កាលពីថ្ងៃទី ៦ ខែមិថុនាថា ក្រុមហ៊ុនខ្មែរនឹងដាក់ទុនវិនិយោគគម្រោងព្រែកជីកហ្វូណនចំនួន ៥១% ដែលរួមមានកំពង់ផែស្វយ័តព្រះសីហនុ និងកំពង់ផែភ្នំពេញជាដើម។
លោកថ្លែងថា៖ «ឥឡូវខ្ញុំសូមបញ្ជាក់អ៊ីចេះ គម្រោងនេះលែង ១០០% បរទេសទៀតហើយ គម្រោងនេះនឹងមានវិនិយោគិនពីខ្មែរយើង ៥១% ...គម្រោងនេះ កម្ពុជាយើងនឹងចូលរួមនៅក្នុងរូបភាពជាអ្នកកាន់ភាគច្រើននៅក្នុងការវិនិយោគនេះតែម្តង។ ហើយនៅក្នុងក្រុមហ៊ុនវិនិយោគខ្មែរដែលបង្កើតនេះ យើងមានក្រុមហ៊ុនរដ្ឋរបស់យើងបានន័យថា ក្រុមហ៊ុនគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដែលមានកំពង់ផែស្វយ័តព្រះសីហនុ និងកំពង់ផែភ្នំពេញ [ដែល]ពីរនេះ គឺជាអ្នកចូលរួមវិនិយោគជាមួយនឹងក្រុមហ៊ុនឯកជនមួយទៀត ដោយក្រុមហ៊ុនរដ្ឋពីរនេះ គឺជាអ្នកកាន់ភាគច្រើននៃក្រុមហ៊ុនខ្មែរនេះផងដែរ»។
បើតាមលោក ហ៊ុន ម៉ាណែត គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាការវិនិយោគក្នុងទម្រង់ BOT ដូចផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដែរ ដោយរដ្ឋាភិបាលកម្ពុជាមិនត្រូវចំណាយថវិកាអ្វីឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «វិនិយោគិនឯកជន ខ្ចីលុយពីធនាគារខ្លួនឯងមកវិនិយោគ ដើម្បីកសាង ហើយសុំសិទ្ធិដើម្បីប្រតិបត្តិនៅក្នុងរយៈពេល ៥០ ឆ្នាំ។ រយៈពេលមួយនោះ ដែលយើងចរចាជាមួយគ្នា ដើម្បីបានផល [ហើយ] ចប់ពីហ្នឹងគឺផ្ទេរឱ្យរាជរដ្ឋាភិបាលរបស់យើងគ្រប់គ្រង នេះគេហៅថាគម្រោង BOT។ ប្រជាពលរដ្ឋ រដ្ឋាភិបាលយើង អត់ចាយលុយក្នុងការសង់ទេ ប៉ុន្តែក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ។ យើងនឹងមានឱកាសប្រើប្រាស់ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា»។
ក្រុមហ៊ុនចិនដែលសិក្សាគម្រោងព្រែកជីកនេះ រួមមានក្រុមហ៊ុន CCCC Water Transportation Consultants Co.Ltd និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ នេះបើតាមលោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលទទួលបន្ទុកកិច្ចការព្រែកជីកនេះដែលធ្លាប់បានលើកឡើងកាលពីខែឧសភា ឆ្នាំ ២០២៤។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថាគម្រោងព្រែកជីកនេះ បានប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋជាង ១.៥០០ ខ្នង ដីស្រែជិត ៣ ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយពីលោក ស៊ុន ចាន់ថុល បាននៅឡើយទេ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បដិសេធមិនអត្ថាធិប្បាយបន្ថែម ដោយលោកថា លោកនាយករដ្ឋមន្ត្រី និងលោក ស៊ុន ចាន់ថុល បានពន្យល់ និងបកស្រាយជាបន្តបន្ទាប់ហើយ។
គម្រោងព្រែកជីកនេះនឹងប្រើរយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ។ នេះបើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។
គម្រោងព្រែកជីកនេះត្រូវបានសារព័ត៌មានបរទេសមួយចំនួនចុះផ្សាយថាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលក្រុងហាណូយ ពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលរបស់ចិន ប្រសិនបើផ្លូវទឹកមួយនេះត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ថ្លែងថាព្រែកជីកហ្វូណនជា «គំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ»។ លោកស្នើឱ្យឈប់យកកម្ពុជាមកប្រើប្រាស់ក្នុងភូមិសាស្រ្តនយោបាយ ដែលលោកថា មានទំនោរប្រឆាំងនឹងចិន។ លោកបន្ថែមថា ព្រែកជីកហ្វូណននេះធ្វើឡើងក្នុងគោលបំណង ដើម្បីផលចំណេញខាងសេដ្ឋកិច្ច និង «ឯករាជ្យភាពនយោបាយ» លើបញ្ហានៃការដឹកជញ្ជូនតាមផ្លូវទឹក៕