នៅថ្ងៃចន្ទនេះ លទ្ធផលបឋមនៃការបោះឆ្នោតសភាជាតិនៅប្រទេសអាល្លឺម៉ង់បានបង្ហាញថា គណបក្សសង្គមប្រជាធិបតេយ្យ (Social Democratic Party) ដែលជាគណបក្សឆ្វេងនិយមកណ្តាលទទួលបានសំឡេងគាំទ្រច្រើនជាងគេ។ ការបោះឆ្នោតនេះគឺជាការបោះឆ្នោតមួយដែលគណបក្សនានាប្រកួតគ្នាដើម្បីបន្តតំណែងជាអធិការបតីពីអ្នកស្រីAngela Merkel។
គណបក្សសង្គមប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រចំនួន ២៥,៧% នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (Christian Democratic Union Party) ដែលជាគណបក្សស្តាំនិយមកណ្តាលរបស់អ្នកស្រី Merkel ស្ថិតនៅលំដាប់ទីពីរដោយទទួលបានសំឡេងគាំទ្រចំនួន ២៤,១%។
លោក Armin Laschet អភិបាលរដ្ឋ North Rhine-Westphalia ដែលមកពីគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្ដសាសនា និងលោក Olaf Scholz រដ្ឋមន្រ្តីហិរញ្ញវត្ថុជិតអស់អាណត្តិនិងជាអធិការបតីរងនៃប្រទេសអាល្លឺម៉ង់ ដែលមកពីគណបក្សសង្គមប្រជាធិបតេយ្យ កំពុងប្រជែងគ្នាដើម្បីក្លាយជាមេដឹកនាំប្រទេសអាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចជាតិធំជាងគេបំផុតនៅទ្វីបអឺរ៉ុប។
បេក្ខជននីមួយៗបាននិយាយថា ពួកគេនឹងទាក់ទងគណបក្សតូចៗដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មីនៅមុនដំណាច់ឆ្នាំនេះ។ គណបក្សសំខាន់បំផុតដែលគេចង់ទាក់ទាញការគាំទ្រគឺគណបក្សបៃតង (Green Party) ដែលជាគណបក្សបរិស្ថាននិយម និងគណបក្សសេរីប្រជាធិបតេយ្យ (Free Domocratic Party) ដែលជាគណបក្សពាណិជ្ជកម្មនិយម។
គណបក្សបៃតងស្ថិតក្នុងលំដាប់ថ្នាក់ទី ៣ ដោយទទួលបានសំឡេងគាំទ្រចំនួន ១៤,៨%។ ចំណែកឯគណបក្សសេរីប្រជាធិបតេយ្យវិញស្ថិតក្នុងលំដាប់ថ្នាក់ទី ៤ ដោយទទួលបានសំឡេងគាំទ្រចំនួន ១១,៥%។
អ្នកស្រី Merkel នឹងកាន់តំណែងបន្តរហូតដល់អ្នកស្នងតំណែងត្រូវបានជ្រើសរើស៕
ព័ត៌មានមួយចំនួននៅក្នុងរបាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មានAFP។