ហេតុការណ៍​បាញ់​ប្រហារ​បង្ហាញ​ពី​ការ​ប្រកាន់​ជាតិសាសន៍​នៅ​អាល្លឺម៉ង់

លោក​ស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ថ្លែង​ការណ៍​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ទីក្រុង Hanua កល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ២០២០។

អធិការបតី​អាល្លឺម៉ង់​លោក​ស្រី​ Angela Merkel ​បាន​ថ្លែង​ថ រាល់​វិធានការណ៍​ទាំង​អស់​នឹង​ត្រូវ​ធ្វើ​ឡើង ​ដើម្បី​ស៊ើបអង្កេត​ទៅ​លើ​ហេតុការណ៍​សម្លាប់​មនុស្ស​៩​នាក់​នៅ​តំបន់​ជាយ​ក្រុង​ Frankfurt​ កាល​ពី​ដើម​សប្តាហ៍​នេះ។

លោកស្រី ​Angela Merkel​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «មាន​ចំណុច​បង្ហាញ​ជា​ច្រើន​ដែល​ថា​ ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គឺ​ជា​ពួក​ស្តាំនិយម​ ពួក​ជ្រុល​និយម​ និង​ពួក​ប្រកាន់​ពូជសាសន៍‍»។ ​

រដ្ឋអាជ្ញា​សហព័ន្ធ​នៃ​ប្រទេស​អាល្លឺម៉ង់​ លោក​ Peter Frank​ បាន​អះអាង​បញ្ជាក់​ថា ​ជនសង្ស័យ​គឺ​ជា​បុគ្គល​ដែល​បាន​បង្ហោះ​វីដេអូ​ដែល​មាន​លក្ខណៈ​ជ្រុលនិយម​ និង​វោហារសាស្រ្ត​បញ្ឆេះ​កំហឹង​នៅ​តាម​បណ្តាញ​អ៊ិនធឺណិត​ ដែល​ត្រូវ​បាន​ដក​ហូត។

ក្នុង​វីដេអូ​នោះ​ ជនខ្មាន់​កាំភ្លើង​រូប​នោះ​បាន​និយាយ​ថា​ប្រទេស​អាល្លឺម៉ង់​ឥឡូវ​នេះ​មាន​ក្រុម​ជនជាតិ​ភាគតិច ​មាន​ជាតិសាសន៍​ និង​វប្បធម៌​ផ្សេងៗ​ទៀត​មក​ជ្រៀត​ចូល​នៅក្នុង​សង្គម​របស់​យើង​ ដែល​ជា​ការ​បំផ្លិច​បំផ្លាញ​ដល់​គ្រប់​ផ្នែក​ទាំង​អស់​ដែល​ធ្លាប់​ទទួល​បាន​ការគោរព។​ ខ្មាន់​កាំភ្លើង​រូប​នោះ​បាន​អំពាវនាវ​ឲ្យ​បោស​សម្អាត​ការ​ជ្រៀត​ចូល​ទាំង​នោះ​ និង​បាន​និយាយ​ថា​ដើម្បី​ឲ្យ​បាន​ស្អាត​ល្អ​ អាច​ត្រូវ​កាត់​ចោល​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​នៅក្នុង​ពិភពលោក​នេះ។

លោកស្រី​ Merkel​ បាន​សច្ចា​ថា​នឹង​ចាត់​រាល់​វិធានការ​ដើម្បី​ស៊ើបអង្កេត​លើ​ការ​សម្លាប់​នេះ។

លោកស្រី​អធិការបតី​បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​អាល្លឺម៉ង់​និង​ស្ថាប័ន​រដ្ឋទាំង​អស់​ត្រូវ​ក្រោក​ឈរ​ដើម្បី​សិទ្ធិ​ និង​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស​ម្នាក់ៗ​នៅ​ក្នុង​ប្រទេស​របស់​យើង។ យើង​មិន​បែក​ចែក​ពលរដ្ឋ​ផ្អែកលើ​ប្រភព​ដើម​ ឬ​វប្បធម៌​របស់​ពួកគេ​ទេ។ យើង​នឹង​ប្រឈម​មុខ​យ៉ាង​ដាច់ខាត​ចំពោះ​បុគ្គល​ណា​ដែល​ព្យាយាម​បំបែក​ប្រទេស​អាល្លឺម៉ង់»៕