អាជ្ញាធរ​ប៉ូលិស​ថា ជន​សង្ស័យ​ក្នុង​ការបាញ់​ប្រហារ​នៅ​រដ្ឋ California បាន​ធ្វើ​អត្តឃាត

សមាជិក​នៃ​ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​ពិនិត្យ​មើល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​ទីក្រុង Torrance រដ្ឋ California កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ ការ​តាមប្រមាញ់​អស់រយៈពេល​ជាច្រើន​ម៉ោង​បាន​នាំឱ្យ​ប៉ូលិស​ឡោមព័ទ្ធ និង​ពិនិត្យ​មើល​ក្នុង​រថយន្ត​នេះ។

ការ​តាម​ប្រមាញ់​ខ្មាន់​កាំភ្លើង​ដែល​បាន​សម្លាប់​មនុស្ស​ ១០ ​នាក់​នៅ​ក្លឹបរាំ​របាំ​ក្នុង​ស្រុក​ Los Angeles​ រដ្ឋ​ California​ បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ នៅពេល​ដែល​អាជ្ញាធរ​បាន​រកឃើញ​ថា​ បុរស​នោះ​បាន​ស្លាប់​ដោយសារ​បាន​បាញ់​សម្លាប់​ខ្លួនឯង​នៅក្នុង​រថយន្ត​ដែល​គាត់​បាន​បើក​រត់គេច​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​រារាំង​ការប៉ុនប៉ង​របស់​គាត់​ក្នុង​ការបាញ់​ប្រហារ​លើក​ទីពីរ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Robert Luna ​តម្រួត​ស្រុក​ Los Angeles ​បាន​កំណត់​អត្តសញ្ញាណ​បុរស​នោះ​ថា ​ឈ្មោះ Huu Can Tran ​អាយុ ៧២ ឆ្នាំ ​ហើយ​បាន​និយាយ​ថា ​មិនមាន​ជនសង្ស័យ​ណា​ម្នាក់​ផ្សេង​ទៀត​ទេ។ លោក​បាន​បន្ថែម​ថា ហេតុផល​នៅ​តែ​មិន​ច្បាស់​សម្រាប់​ការ​វាយ​ប្រហារ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស ១០ នាក់​ផ្សេង​ទៀត​រង​របួស​ទេ។

អាវុធ​ដែល​គេ​សង្ស័យ​ថា​បាន​ប្រើ​នោះ​ត្រូវ​បាន​គេ​កំណត់ថា​ជា​កាំភ្លើង​ខ្លី​ពាក់​កណ្តាល​ស្វ័យប្រវត្តិ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​ផង​ដែរ។

លោកស្រី Judy Chu ​សមាជិក​រដ្ឋសភា​បាន​ថ្លែង​ថា៖ «ខ្ញុំ​នៅតែ​មាន​ចម្ងល់​ក្នុង​ចិត្តថា​ តើ​មូលហេតុអ្វី​បាន​ជា​ឃាតករ​បាញ់​សម្លាប់​នេះ? តើ​គាត់​មាន​ជំងឺ​ផ្លូវចិត្ត​មែន​ទេ? គាត់​ជា​ជន​បង្ក​ហិង្សា​ក្នុង​គ្រួសារ​ឬ? តើ​គាត់​ទទួល​បាន​កាំភ្លើង​ទាំងនេះ​ដោយ​របៀប​ណា ​ហើយ​តាម​មធ្យោបាយ​ផ្លូវ​ច្បាប់​ឬ​អត់?»

កាល​ពី​ពេលព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ចុះ​ព័ទ្ធ​រថយន្ត​នោះ បន្ទាប់​ពី​បាន​ឡោម​ព័ទ្ធ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​មុន​ពេល​ចូល​ទៅ​ក្នុង​នោះ។ សាកសព​មនុស្ស​ម្នាក់​ទំនង​ជា​ទ្រោប​លើ​ដៃ​ចង្កូត ​ត្រូវ​បាន​គេ​ទាញ​យក​ចេញ​ពី​រថយន្ត។

លោក Robert Luna ​មេតម្រួត​ស្រុក​ Los Angeles​ បាន​បញ្ចេញ​រូបថត​របស់​បុរស​អាស៊ី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជនសង្ស័យ។

ការ​តាម​ប្រមាញ់​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ខ្មាន់​កាំភ្លើង​បាន​សម្លាប់​មនុស្ស​ចំនួន ១០​ នាក់​នៅ​ឯ​ស្ទូឌី​យោ​រាំ​របាំ​មួយ​កាលពី​យប់​ថ្ងៃសៅរ៍​ចំពេល​មាន​ការប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅក្នុង​សហគមន៍​អាស៊ី​អាមេរិក​នៃ​ក្រុង Monterey Park។ អាជ្ញាធរ​បាន​និយាយ​ថា បុរស​នោះ​ទំនង​ជា​បាន​ព្យាយាម និង​បរាជ័យ​ក្នុង​ការ​ប៉ុនប៉ង​វាយប្រហារ​លើ​សាល​រាំ​ទីពីរ។

ឡាន​នេះ​ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​ទីក្រុង Torrance​ ដែល​ជា​សហគមន៍​មួយ​ផ្សេង​ទៀត​ដែល​មាន​ជនជាតិ​អាមេរិក​ដើម​កំណើត​អាស៊ី​ជាច្រើន​ ចម្ងាយ​ប្រហែល​ ៣៤,៥ គីឡូម៉ែត្រ​ ពី​ទីតាំង​ទីពីរ​នោះ។

ការបាញ់​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការភ័យខ្លាច ​នៅក្នុង​សហគមន៍​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​នៅក្នុង​ស្រុក Los Angeles ​និង​បាន​គ្រប​ដណ្តប់​លើ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស។ ទីក្រុង​ផ្សេង​ទៀត​បាន​បញ្ជូន​មន្ត្រី​បន្ថែម​ទៅ​ការពារ​សន្តិសុខ​ការប្រារព្ធ​ពិធី​នេះ៕