ប៉ូលិសនៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតការបាញ់ប្រហារមួយនៅយប់ថ្ងៃអង្គារ នៅហាងទំនិញ Walmart នៅទីក្រុង Chesapeake នៃភាគខាងកើតសហរដ្ឋអាមេរិកមួយនេះ ដែលបានសម្លាប់មនុស្សយ៉ាងតិច៧នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ។
ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់ប្រភពពីប៉ូលិសនិងសាក្សីថា អ្នកគ្រប់គ្រងម្នាក់នៃហាង Walmart បានបាញ់ប្រហារទៅលើសហការីនៅក្នុងបន្ទប់សម្រាករបស់បុគ្គលិក ហើយទំនងជាបានសម្លាប់ខ្លួនឯងមុនពេលប៉ូលិសតាមរកឃើញរូបគេ។
អាជ្ញាធរមិនទាន់បានបញ្ជាក់ពីព័ត៌មានលម្អិតផ្សេងទៀត រួមទាំងថាតើអ្នកបាញ់ប្រហារមានគោលដៅអ្វីក្នុងការបាញ់ប្រហារនេះ។
ការបាញ់ប្រហារដ៏ប្រល័យនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការបាញ់ប្រហារនៅក្លឹបអ្នកស្រឡាញ់ភេទដូចគ្នានៅទីក្រុង Colorado Springs រដ្ឋ Colorado ដែលបានសម្លាប់មនុស្ស៥នាក់ និងធ្វើឱ្យរបួស១៨នាក់៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters