ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត​រដ្ឋ ​Texas ​បង្ហោះ​វីដេអូ​អន្តរាគមន៍​របស់​ប៉ូលិស​ចំពោះ​ការ​បាញ់​សម្លាប់​រង្គាល​នៅ​សាលា​ Uvalde


រូបឯកសារ៖ អ្នកកាន់​ទុក្ខ​ម្នាក់​គោរពវិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ នៅ​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​នៅ​សាលាបឋមសិក្សា​ Robb Elementary School ក្នុង​ក្រុង Uvalde រដ្ឋ Texas ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ អ្នកកាន់​ទុក្ខ​ម្នាក់​គោរពវិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ នៅ​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​នៅ​សាលាបឋមសិក្សា​ Robb Elementary School ក្នុង​ក្រុង Uvalde រដ្ឋ Texas ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២។

កាសែត​មួយ​នៅ​រដ្ឋ​ Texas ​ភាគ​អាគ្នេយ៍​សហ​រដ្ឋ​អាមេរិក​បាន​បង្ហោះ​វីដេអូ​ពី​កាំមេរ៉ា​សុវត្ថិភាព​បង្ហាញ​ការ​ឆ្លើយ​តប​របស់​ប៉ូលិស​ចំពោះ​ការ​បាញ់​ប្រហារ​នៅ​សាលា​បឋម​សិក្សា​មួយ​កាលពី​ខែ​ឧសភា​ ដែល​សម្លាប់​កុមារ​១៩​នាក់​ និង​គ្រូ​បង្រៀន​ពីរ​នាក់។​

វីដេអូ​កាត់​ត​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​នៅ​លើ​គេហ​ទំព័រ​របស់​កាសែត​Austin American-Statesman​ បង្ហាញ​ខ្មាន់​កាំភ្លើង​អាយុ​១៨​ឆ្នាំ​ឈ្មោះ​Salvador Ramos​បាន​បើកឡាន​បុក​នៅ​ខាង​ក្រៅ​សាលា​ Robb Elementary School ​កាលពី​ថ្ងៃ​ទី​២៤​ខែ​ឧសភា​ ហើយ​បាន​បាញ់​ប្រហារ​នៅ​ឯ​សាលារៀន​ខណៈ​គ្រូ​បង្រៀន​ស្រែក​ឱ្យ​កូន​សិស្ស​ចូល​បន្ទប់​អំឡុង​មាន​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ប្រតិបត្តិករ​សង្គ្រោះ​បន្ទាន់។​

បន្ទាប់​មក​ Ramos ​បាន​ចូល​ក្នុង​សាលារៀន ​ហើយ​ដើរ​តាម​ផ្លូវ​ក្នុង​អគារ​រហូត​ដល់​ចូល​ថ្នាក់​រៀន​ និង​ឮ​សំឡេង​កាំភ្លើង​បាញ់​យ៉ាង​ញាប់។​ ប៉ូលិស​ចូល​ទៅ​ក្នុង​សាលា​ប៉ុន្មាន​នាទី​ក្រោយ​មក​ ដោយ​មន្ត្រី​មួយ​ចំនួន​ប្រញាប់​ប្រញាល់​ឆ្ពោះ​ទៅ​កាន់​ថ្នាក់​រៀន​មុន​ពេល​ដក​ថយ ​ខណៈ​ឮ​សំឡេង​កាំភ្លើង។​

មន្ត្រី​ជាច្រើន​ទៀត​បាន​ចូល​ទៅ​ក្នុង​សាលា ​ដោយ​ខ្លះ​កាន់​អាវ​ក្រោះ។​ ប៉ុន្តែ​វីដេអូ​នោះ​បង្ហាញ​ថា​មន្ត្រី​នៅ​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ចុង​ផ្លូវ​ក្នុង​អគារ​រយៈ​ពេល ​៧៧​នាទី​ ដោយ​មិន​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ឡើយ ​ សូម្បី​តែ​បន្ទាប់​ពី​មាន​សំឡេង​កាំភ្លើង​ច្រើន​ទៀត​ក៏​ដោយ។ ​ទីបំផុត​មន្ត្រី​ល្បាត​ព្រំដែន​អាមេរិក​ពីរ​នាក់​បាន​សម្រុក​ចូល​ថ្នាក់​រៀន​ ហើយ​បាន​បាញ់​សម្លាប់​ Ramos​ ដើម្បី​បញ្ចប់​ការ​សម្លាប់​រង្គាល​នេះ។​

បរាជ័យ​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅ​ Uvalde​មិន​ប្រឈម​នឹង ​Ramos ​ភ្លាមៗ​ និង​ការ​ស៊ើប​អង្កេត​ការ​បាញ់​ប្រហារ​នេះ​ បាន​ធ្វើ​ឱ្យ​ឪពុក​ម្តាយ ​និង​សហគមន៍ ​Uvalde ​ខឹង​សម្បារ​ជាខ្លាំង។ ​មន្ទីរ​សុវត្ថិភាព​សាធារណៈ​រដ្ឋ​ Texas​ បាន​ចេញ​របាយ​ការណ៍​មួយ​កាលពី​ដើម​ខែ​នេះ​ថា ​មន្ត្រី​ប៉ូលិស ​Uvalde ​ម្នាក់​បាត់បង់​ឱកាស​បាញ់ ​Ramos ​មុន​ពេល​ Ramos ​ចូល​សាលា ​ដោយសារ​តែ​ប៉ូលិស​នេះ​រង់ចាំ​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ។​

កាសែត​រដ្ឋ​Texas​នេះ​និយាយ​ថា ​ខ្លួន​បាន​បង្ហោះ​វីដេអូ​នេះ​ដើម្បី​«បន្ត​បំភ្លឺ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សាលា​ Robb Elementary ​ដែល​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​របស់​ជន​រងគ្រោះ​បាន​ស្នើ​សុំ​ជាយូរ​មក​ហើយ»។​ ប៉ុន្តែ​ចៅហ្វាយ​ក្រុង​ Uvalde ​លោក ​Don McLaughlin​ បាន​រិះគន់​កាសែត​នេះ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ក្រុង​កាលពី​ថ្ងៃ​អង្គារ​ដោយ​ហៅ​ការ​ចេញ​ផ្សាយ​វីដេអូ​ថា​«រឿង​កំសាក​បំផុត​ដែល​ខ្ញុំ​ឆ្លាប់​ឃើញ»។ ​លោក​អភិបាល​ក្រុង​បាន​មាន​ប្រសាសន៍​ថា​ វីដេអូ​មិន​គួរ​ត្រូវ​បាន​បញ្ចេញ​ទេ ​រហូត​ក្រោយពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឃើញ​ជាមុខ​សិន៕

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press, Reuters និង​Agence France-Presse)

XS
SM
MD
LG