ជនសង្ស័យអាយុ២១ឆ្នាំពាក់ព័ន្ធការបាញ់ប្រហារដ៏សាហាវលើក្បួនដង្ហែបុណ្យឯករាជ្យនៅជាយក្រុង Chicago ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតចំនួន៧ករណីដែលបានសម្លាប់មនុស្ស៧នាក់និងជាង ៣០នាក់រងរបួស។
លោក Eric Rinehart រដ្ឋអាជ្ញាថ្នាក់រដ្ឋនៅសង្កាត់ Lake County បាននិយាយថា បើត្រូវបានសម្រេចថា មានទោស នោះ Robert Crimo III នឹងប្រឈមមុខទោស ជាប់ពន្ធនាគារមួយជីវិតដោយគ្មានការដោះលែង។ អ្នកស៊ើបអង្កេត ដែលសួរចម្លើយជនសង្ស័យ និងពិនិត្យមើលការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ជនសង្ស័យ មិនទាន់បានកំណត់ពីហេតុផលនៃការវាយប្រហារនេះទេ។ នេះបើតាមលោក Christopher Covelli អ្នកនាំពាក្យក្រុមការងារស៊ើបអង្កេតឧក្រិដ្ឋកម្មសំខាន់នៅសង្កាត់ Lake County ប្រាប់សន្និសីទព័ត៌មាន។
លោក Covelli បាននិយាយថា ជនសង្ស័យឈ្មោះ Crimo បានទិញអាវុធចំនួន៥ដើមដោយស្របច្បាប់ រួមទាំងកាំភ្លើងវែងដែលមានថាមពលខ្លាំងចំនួន២ដើមដែលមួយដើមត្រូវបានរកឃើញនៅកន្លែងបាញ់ប្រហារ និងមួយដើមទៀតរកឃើញនៅក្នុងរថយន្តរបស់គាត់។ ក្នុងសន្និសីទព័ត៌មាននៅល្ងាចថ្ងៃអង្គារ ប៉ូលិសបានបង្ហាញថា ពួកគេត្រូវបានគេហៅទៅផ្ទះរបស់ Crimo ពីរដងក្នុងខែកញ្ញាឆ្នាំ ២០១៩បន្ទាប់ពីគាត់បានគំរាមកំហែងដោយហិង្សា និងគំរាមធ្វើអត្តឃាត។ ប៉ូលិសរឹបអូសបានកូនកាំបិតជាច្រើន កាំបិតវែងមួយនិងដាវមួយ ប៉ុន្តែបាននិយាយថារកមិនឃើញកាំភ្លើងទេ។
ប៉ូលិសរដ្ឋ Illinois បាននិយាយថា Crimo បានដាក់ពាក្យសុំអាជ្ញាបណ្ណកាំភ្លើងនៅខែធ្នូឆ្នាំ២០១៩ នៅពេលគាត់មានអាយុ១៩ឆ្នាំ។ ឪពុករបស់គាត់ជាអ្នកឧបត្ថម្ភក្នុងពាក្យសុំនោះ។ ប៉ូលិសរដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលនោះ «មិនមានមូលដ្ឋានគ្រប់គ្រាន់បង្ហាញច្បាស់ពីគ្រោះថ្នាក់»ដើម្បីបដិសេធពាក្យសុំនោះទេ។
ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងបានប្រើអាវុធ AR-15 ហើយបានបាញ់ជាង៧០គ្រាប់ក្នុងអំឡុងពេលបាញ់ប្រហារនៅក្នុងសហគមន៍អ្នកមានធូរធានៃទីក្រុង Highland Park ក្នុងអំឡុងពេលប្រារព្ធទិវាឯករាជ្យថ្ងៃទី ៤ ខែកក្កដា។ លោក Covelli បាននិយាយកាលពីថ្ងៃអង្គារថា បន្ទាប់មកជនសង្ស័យបានភៀសខ្លួនចេញពីកន្លែងកើតហេតុដោយស្លៀកពាក់ជាស្ត្រីដើម្បីបន្លំជាមួយមនុស្សដែលព្យាយាមគេចចេញពីការបាញ់សម្លាប់។
លោក David Shapiro អាយុ៤៧ឆ្នាំបានប្រាប់សារព័ត៌មាន The Associated Press ថា ការបាញ់ប្រហារនោះបានធ្វើឱ្យក្បួនដង្ហែមាន«ភាពវឹកវរ»យ៉ាងឆាប់រហ័ស។
ប៉ូលិសបានចាប់ខ្លួន Crimo ប៉ុន្មានម៉ោងក្រោយមក នៅពេលដែលប៉ូលិសបានប្រទះឃើញគាត់កំពុងបើកឡាននៅខាងក្រៅទីក្រុង Highland Park ដែលមានមនុស្ស៣ម៉ឺននាក់រស់នៅតាមច្រាំងបឹង Lake Michigan។
ការបាញ់ប្រហារដំបូងត្រូវបានគេច្រឡំថា ជាកាំជ្រួចពិធីបុណ្យជាតិ។ នៅពេលដែលហ្វូងមនុស្សដឹងថា វាជាការបាញ់ប្រហារ អ្នកដើរដង្ហែក្បួនភ័យស្លន់ស្លោ ហើយបានចាប់ផ្តើមរត់ចូលទៅក្នុងហាងដើម្បីគេចពីការវាយប្រហារ។
ប៉ូលិសបាននិយាយថា ពួកគេមិនបានរកឃើញសញ្ញាថា ខ្មាន់កាំភ្លើងបានកំណត់គោលដៅលើនរណាម្នាក់ដោយប្រកាន់តាមពូជសាសន៍ សាសនាឬអ្វីផ្សេងទៀតទេ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Agence France-Presse និង Reuters)