បុរសវ័យកណ្តាលម្នាក់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ និងអ្នកគាំទ្រលោកបណ្ឌិតកែម ឡីបីនាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅថ្ងៃពុធនេះ ខណៈពួកគេព្យាយាមលក់អាវយឺតដែលមានរូបលោកកែម ឡី និងព្យាយាមធ្វើពិធីរំឭកខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគដ៏ល្បីឈ្មោះនេះ។
កម្រងរូបភាព៖ អាជ្ញាធររារាំងការរំឭកខួបលោកកែមឡីនៅស្តុបបូកគោ
![គង់ រ៉ៃយ៉ា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ត្រូវបាននរគលបាលរាជធានីភ្នំពេញ បញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលោកផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក លក់អាវយឺតមានរូបថតលោក កែម ឡី។ (រូបថតផ្តល់ឲ្យដោយលីកាដូ)](https://gdb.voanews.com/532AEDED-6502-4FB2-8AA3-D4904A1056F8_w1080_h608_b_s.jpg)
គង់ រ៉ៃយ៉ា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ត្រូវបាននរគលបាលរាជធានីភ្នំពេញ បញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលោកផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក លក់អាវយឺតមានរូបថតលោក កែម ឡី។ (រូបថតផ្តល់ឲ្យដោយលីកាដូ)
លោកគង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំត្រូវបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញនៅថ្ងៃនេះគឺមួយថ្ងៃក្រោយពីលោកបានផ្សព្វផ្សាយលក់អាវយឺតដែលមានរូបលោកបណ្ឌិតកែម ឡី តាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជាការរំឭកខួបនៃការធ្វើឃាតរូបលោក។ ភរិយារបស់លោកគង់ រ៉ៃយ៉ានិងសាច់ញាតិរបស់លោកចំនួនពីរនាក់ទៀតក៏ត្រូវបានចាប់ខ្លួនដែរ កាលពីថ្ងៃអង្គារម្សិលមិញនេះ។ ប៉ុន្តែពួកគេត្រូវបានដោះលែងមកវិញក្រោយពីតម្រូវឲ្យធ្វើកិច្ចសន្យារួចមក។
ក្រុមសន្តិសុខរារាំងបងប្អូនប្រុសភ្លោះលោក ជុំ ហួត និងលោក ជុំ ហួរ មិនឲ្យយកកម្រងផ្កាដាក់ កន្លែងដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់ក្នុងម៉ាតរបស់ស្ថានីយ៍ប្រេងសាំងកាល់តិច ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ដោយឡែកលោកជុំ ហួត និងប្អូនប្រុសរបស់លោកឈ្មោះជុំ ហួររួមទាំងអ្នកគាំទ្រលោកកែម ឡីម្នាក់ទៀត ដែលក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា ឈ្មោះសួង នាគព័ន្ធត្រូវចាប់ខ្លួន ខណៈដែលពួកគាត់បានផ្តល់ការអធិប្បាយទាក់ទិនការបាញ់សម្លាប់លោកកែម ឡី និងព្យាយាមយកកម្រងផ្កាទៅដាក់ក្នុងហាងម៉ាតរបស់ស្ថានីយ៍ប្រេងសាំង Caltex ស្តុបបូកគោដើម្បីរំឭកវិញ្ញាណក្ខន្ធសពលោកកែម ឡី និងរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់រូបលោក គឺនៅទីនេះហើយដែលលោកកែម ឡីត្រូវខ្មាន់កាំភ្លើងដើរចូលទៅបាញ់ដល់កៅអីអង្គុយក្នុងពេលដែលលោកកំពុងពិសារកាហ្វេនៅពេលព្រឹកកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។
រូបឯកសារ៖ អ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋចោមរោមកន្លែងដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាង Star Mart នៃស្ថានីយប្រេងឥន្ធនៈ Caltex ស្តុបបូកគោកាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (VOA)
ការបាញ់សម្លាប់រូបលោកធ្វើឡើងក្រោយពីលោកបានធ្វើសេចក្តីអធិប្បាយអំពីការចេញផ្សាយមួយរបស់អង្គការការពារបរិស្ថាន Global Witness ដែលរិះគន់ពីអំពើពុករលួយទាក់ទងនឹងសមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កម្រងផ្កាម្លិះ និងកាហ្វេទឹកដោះទឹកកក ដែលមានបិទឈ្មោះលោក កែម ឡី ត្រូវបានអ្នកមានសមានចិត្តដាក់នៅលើតុ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោកត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
មានអ្នកគាំទ្រលោកកែម ឡីនិងភ្នាក់ងារអង្គការសង្គមស៊ីវិលរាប់សិបនាក់បានប្រមូលផ្តុំគ្នាក្នុងបរិវេណ និងក្បែរស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដោយមានកម្រងភួងផ្កា និងផ្កាម្លិះជាប់នៅនឹងដៃ បានប៉ុនប៉ងយកផ្កាទាំងនេះដាក់ក្នុងម៉ាតដែលស្ថិតក្នុងស្ថានីយ៍ប្រេងនេះ។ ប៉ុន្តែពួកគេត្រូវក្រុមប៉ូលិស និងសន្តិសុខប្រមាណជាជាង១០០នាក់នៅទីនោះរារាំង។
មុនពេលចាប់ខ្លួន លោកជុំ ហួតបាននិយាយទៅកាន់ក្រុមអ្នកកាសែតដោយប្រតិកម្មចំពោះការរារាំងរបស់ក្រុមអាជ្ញាធរ។
«បើថា ខ្ញុំនិយាយទៅអត់ទេ! គ្រាន់តែខ្ញុំទៅប្រារព្ធ ដួងព្រលឹងគាត់សោះ បែរជាមានការរារាំង។ អានេះហើយជាការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរមួយ»។
លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា តទល់មុខគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងម៉ាតរបស់ស្ថានីយ៍ប្រេងសាំងកាល់តិច (Caltex) ជាទីដែលលោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ចំណែកលោកទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា ដែលអង្គុយទទួលទានកាហ្វេជាមួយស្ត្រីពីររូបក្នុងហាងម៉ាត ស្ថានីយ៍ប្រេងសាំង Caltex ត្រូវបានមន្ត្រីនៃកងអន្តរាគមន៍នគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដោះអាវយឺត ដែលមានរូបលោកកែម ឡីចេញ។
«ផ្សារភ្ជាប់ទៅនឹងរូបភាពរបស់លោកបណ្ឌិតកែម ឡីនៅខាងក្រោយ គេមិនចង់បង្ហាញសាធារណជនឲ្យឃើញអំពីរូបភាពទាំងអស់នេះសូម្បីតែផ្កា ឬកម្រងផ្កាតូចដែលគេដាក់ហ្នឹងក៏ត្រូវដកចេញដែរ ព្រោះគេមិនចង់ឲ្យសាធារណជន ឲ្យយុវជនហ្នឹងរំឭកអំពីវីរភាពលោកបណ្ឌិតកែម ឡីទេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ និយាយជាមួយអ្នកកាសែត នៅក្នុងម៉ាត ស្ថានីយ៍ប្រេងសាំងកាល់តិច (Caltex) អំពីការរារាំងរបស់អាជ្ញាធរមានសមត្ថកិច្ចមិនឲ្យធ្វើពិធីរំឭកខួបបីឆ្នាំនៃការសម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រាប់ VOA ក្នុងហាងម៉ាតរបស់ Caltexនោះថា ការរារាំងរបស់ក្រុមសមត្ថកិច្ចបានធ្វើឲ្យខូចប្រយោជន៍របស់កម្ពុជា។
«វាអត់ចំណេញ! វាបានតែរឿងខាត ហើយនឹងទទួលនូវការ រិះគន់ និងការថ្កោលទោសទៅវិញ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ និងលោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ នៅថ្ងៃពុធនេះ។ លោកអ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបដិសេធមិនផ្តល់ការអធិប្បាយ ដោយទូរស័ព្ទរបស់លោកបានភ្ជាប់តែបានទម្លាក់ចុះវិញ។ VOA ក៏មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានដែរ។
ក្រុមសន្តិសុខរារាំងបងប្អូនប្រុសភ្លោះលោក ជុំ ហួត និងលោក ជុំ ហួរ មិនឲ្យយកកម្រងផ្កាដាក់ កន្លែងដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់ក្នុងម៉ាតរបស់ស្ថានីយ៍ប្រេងសាំងកាល់តិច ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
គេនៅមិនទាន់ដឹងថា អ្នកគាំទ្រលោកកែម ឡី ដែលត្រូវចាប់ខ្លួនទាំងបីនាក់ត្រូវដោះលែងមកវិញ ឬយ៉ាងណានៅឡើយទេ។ ដោយឡែកលោកគង់ រ៉ៃយ៉ា ទំនងជាត្រូវរង់ចាំការចោទប្រកាន់ពីតុលាការក្រុងភ្នំពេញ៕