នៅក្រោមរោងដំបូលស័ង្កសី សមាជិកគ្រួសារ សាច់ញាតិនិងអ្នកគាំទ្រលោកបណ្ឌិត កែម ឡី កំពុងរៀបចំការងារជាបណ្តើរៗ ដើម្បីធ្វើពិធីប្រារព្ធខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់រូបលោក។
ពិធីបុណ្យនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធសប្តាហ៍នេះ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ក្នុងខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកបណ្ឌិតកែម ឡី។
អតីតអ្នកវិភាគនយោបាយនិងកិច្ចអភិវឌ្ឍន៍សង្គមរូបនេះត្រូវបានឃាតករដើរចូលបាញ់សម្លាប់ដោយប្រកៀកបំផុតក្នុងម៉ាតមួយរបស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច (Caltex)ស្តុបបូកគោ កណ្តាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
នៅឯខេត្តតាកែវ អ្នកស្រី ភោគ សេ វ័យ៧៩ឆ្នាំ ម្តាយរបស់លោកកែម ឡី មិនទាន់ទៅណាឆ្ងាយនៅឡើយ ពីចេតិយរបស់លោកដែលមិនទាន់សាងសង់រួច។
អាយុច្រើន ប៉ុន្តែហាក់ដូចជានៅរឹងមាំ អ្នកស្រី ចង់ឃើញមានការចូលរួមពីសាធារណជនក្នុងពិធីបុណ្យរំឭកខួបមរណភាពកូនប្រុសរបស់អ្នកស្រីដូចកាលពីលោកត្រូវបាញ់សម្លាប់ភ្លាមៗ។
«ឥឡូវយើងថ្ងៃនេះ ថ្ងៃ៧ហើយ ថ្ងៃ១០ហ្នឹង សូមឲ្យបងប្អូនចង់ចូលរួមមកទៅអត់អីទេ អត់មានជំទាស់អីទេ ឲ្យតែមក»។
កំពុងអង្គុយរៀបចំសម្លៀកបំពាក់ នៅពីក្រោយផ្ទះ និងស្តាំដៃនៃចេតិយតម្កល់សពរបស់លោកកែម ឡី អ្នកស្រី ភោគ សេ មានប្រសាសន៍ថា អ្នកស្រីចង់ឃើញការសាងសង់ចេតិយបានបញ្ចប់ទៅជាស្ថាពរ។ ក្នុងពេលនេះអ្នកស្រីត្រូវការថវិកាប្រមាណជា៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីបញ្ចប់ការសាងសង់។
អ្នកដែលបានដឹង និងស្គាល់លោក កែម ឡី បានបន្តចូលទៅធ្វើការគោរពសពលោកដែលបានតម្កល់ក្នុងចេតិយស្ថិតនៅជ្រុងខាងឆ្វេងនៃគេហដ្ឋានរបស់លោក។
រូបថតរបស់លោកកែម ឡី មួយផ្ទាំងធំ ត្រូវគេរៀបចំដាក់បញ្ឈររួចជាស្រេច។តុមួយដែលមានកម្រាលយ៉ាងសមរម្យមានដាក់ថូផ្កាមួយនេះពីលើ ក្បែររូបថតមួយផ្ទាំងដែលមានទឹកមុខញញឹមនោះ។
ក្នុងសម្លៀកបំពាក់ជាអ្នកប្រតិបត្តិតាមសាសនព្រះពុទ្ធ ស្ត្រីវ័យចំណាស់ម្នាក់ដែលជាអ្នកដំណើរឆ្លងកាត់ទីនេះ បានចូលអុជធូបគោរពសពលោកកែម ឡី។
«ចា៎ស្រឡាញ់ណាស់ រឿងអ្នកស្នេហាជាតិ ខ្ញុំស្តាយទឹកស្តាយដី ដែលគេចេះតែវាតទីយកអ៊ីចឹង»។
VOA មិនទាន់អាចសុំការអធិប្បាយពីអ្នកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិតបាននៅឡើយទេ ទាំងតាមទូរស័ព្ធនិងបណ្តាញសង្គម។
យ៉ាងណាក៏ដោយ អ្នកស្រី អ្នកស្រី ប៊ូ រចនា ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅឯប្រទេសអូស្ត្រាលី បានអធិប្បាយលើគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី៦ ខែកក្កដាថា ឃាតកម្មលើប្តីអ្នកស្រី«បានធ្វើឲ្យកក្រើកដល់បេះដូងប្រជាពលរដ្ឋចាស់ ក្មេង ប្រុស ស្រី យុវជន យុវតី ឲ្យហ៊ានក្រោកឈរឡើង ឲ្យហ៊ានធ្វើកិច្ចការសង្គមដោយមិនរាថយ ហើយក៏បានបង្ហាញកាន់តែច្បាស់ថា របបក្រុងភ្នំពេញរឹតតែឃោរឃៅឡើងៗ»។
ការបាញ់សម្លាប់អ្នកវិភាគរូបនេះ កើតមានឡើង បន្ទាប់ពីលោកបានផ្តល់ការអធិប្បាយនានាទៅលើរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីការក្តោបក្តាប់ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍មកនោះ។
ក្រោយការបាញ់សម្លាប់លោក កែម ឡីភ្លាមៗ សមត្ថកិច្ចក្នុងរាជធានីភ្នំពេញចាប់បានបុរសម្នាក់ដែលអះអាងថា ខ្លួនមានឈ្មោះជួប សម្លាប់ ហើយថា ការបាញ់សម្លាប់លោកកែម ឡីគឺ ដោយសារអ្នកវិភាគដ៏ល្បីល្បាញរូបនេះជំពាក់លុយខ្លួនចំនួន៣០០០ដុល្លារមិនព្រមសង។ ការណ៍នេះធ្វើឲ្យអ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោកកែម ឡីមិនអស់ចិត្ត និងបានលើកឡើងថា ជួប សម្លាប់បានប្រឌិតការជំពាក់បំណុលនេះឡើង។
ជនសង្ស័យត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ក្នុងពន្ធនាគារអស់មួយជីវិត។
លោក មួង សូនី សមាជិកក្រុមការងារ១០០រាត្រីនិងជាប្រធានសមាគមសម្ព័ន្ឋនិស្សិតបញ្ញវន្តខ្មែរដែលធ្លាប់ដើរតាមលោកកែម ឡី បានរំឭកពីគុណូបការៈរបស់លោក កែម ឡី។
«លោកពូកែម ឡី គាត់គឺ គាត់បានបូជាជីវិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីសិទ្ធិសេរីភាព ដើម្បីប្រទេសជាតិយើង។ អ៊ីចឹង គឺគាត់មានគុណតម្លៃធំណាស់ សម្រាប់ប្រជាជនខ្មែរយើង មិនមែនជារឿងតូចតាចទេ ធំមែនទែន ហើយអាចថា ជាវីរបុរសជាតិទៀត»។
ដំណាលគ្នានេះលោកមួង សូនី គ្រោងនឹងធ្វើការដាក់កម្រងផ្កាជាលក្ខណៈស្ងៀមស្ងាត់ និងការហូបចុកធម្មតានៅស្ថានីយ៍ប្រេងសាំង Caltex នៅព្រឹកថ្ងៃពុធសប្តាហ៍នេះដែរ។
ក៏ប៉ុន្តែ សាលារាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យលោកមួង សូនី រៀបចំពិធីរំលឹកវិញ្ញាណក្ខន្តលោកកែម ឡី នេះទេដោយសារទីតាំងស្ថានីយ៍ប្រេងឥន្ធនៈនោះ«ជាកម្មសិទ្ធិរបស់ឯកជន»។ ជាមួយគ្នានេះសាលារាជធានីភ្នំពេញក៏បានព្រមានចាត់វិធានការតាមច្បាប់ ក្នុងករណីមានការជួបជុំរៀបចំពិធីនៅទីតាំងខាងលើ៕