ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ធំៗ​២៤​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ​ឃាតកម្ម​លោក​កែម​ ឡី


រូបឯកសារ៖ ក្មេងស្រីម្នាក់ឈរនៅក្បែររូបថតរំឭកដល់វិញ្ញាណក្ខន្ធ លោក កែម ឡី អ្នកវិភាគនយោបាយម្នាក់ នៅផ្នូររបស់លោកស្ថិតនៅខេត្តតាកែវ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្មេងស្រីម្នាក់ឈរនៅក្បែររូបថតរំឭកដល់វិញ្ញាណក្ខន្ធ លោក កែម ឡី អ្នកវិភាគនយោបាយម្នាក់ នៅផ្នូររបស់លោកស្ថិតនៅខេត្តតាកែវ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

មួយ​ថ្ងៃ​មុន​ដល់​ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី​ ​ អង្គការ​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិមនុស្ស​ធំៗ​ចំនួន​២៤​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ បើក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ទៅលើ​ឃាតកម្ម​​អ្នកវិភាគ​រូបនេះ។

អង្គការការពារ​សិទ្ធិមនុស្សជាតិ​និង​អន្តរជាតិ​សំខាន់ៗ​សរុប​ចំនួន​២៤​ រួមមាន​អង្គការ​លីកាដូ​ (Licadho) សមាគម​អាដហុក​ (Adhoc) គណៈកម្មការ ចៅក្រម​អន្តរជាតិ​ (ICJ)​ អង្គការ​Amnesty International របស់​ប្រទេស​អង់គ្លេស​និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch (HRW)​ របស់​សហរដ្ឋ​អាមេរិក​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត «ដោយ​ហ្មត់​ចត់​ និង​មាន​ប្រសិទ្ធភាព»​ទៅ​លើ​ការ​សម្លាប់​លោក បណ្ឌិត​ កែម​ ឡី។

អ្នក​វិភាគ​នយោបាយ​និង​កិច្ច​អភិវឌ្ឍន៍​សង្គម​រូប​នេះ​ត្រូវ​ឃាតករ​បាញ់​សម្លាប់​យ៉ាង​ប្រកៀក​បំផុត​នៅ​ក្នុង​ម៉ាត​មួយ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​បូកគោ នៅ​ទីក្រុង​ភ្នំពេញ។

សេចក្តីថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ដល់​ខួប​គម្រប់​បីឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​កែម ឡី។

លោក​ Frederick Rawski ប្រធាន​គណៈកម្មការ​ចៅក្រម​អន្តរជាតិ​ (ICJ) ប្រចាំ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ត្រូវបាន​គេស្រង់​សម្តីក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖

«វា​មាន​រយៈពេល​បី​ឆ្នាំ​មក​ហើយ​ ចាប់​តាំង​ពី​ភាព​ខ្វះ​ចន្លោះ​ជា​ច្រើន​ត្រូវ​បាត់​កត់​ចំណាំ​ទុក​ក្នុង​កិច្ច​ស៊ើប​អង្កេត​ និង​សវនាការ​ក្នុង​ករណី​លោក​កែម​ ឡី​ ដែល​ការ​ខ្វះ​ចន្លោះ​នេះ​ចាំបាច់​ត្រូវ​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​តាម​រយៈ​ការ​ស៊ើប​អង្កេត​ដែល​ឯករាជ្យ​ មិន​លម្អៀង​ និង​អាច​យក​ជា​ការ​បាន»។

ចំណែក​លោក​Phil Robertson ​អនុ​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​(Human Rights Watch) ​ប្រចាំ​តំបន់​អាស៊ី​ ត្រូវ​បាន​គេ​ស្រង់​សម្តី​តាម​អត្ថន័យ​ដើម​ថា៖ «សវនាការ​ដ៏​គួរ​ឲ្យ​អស់​សំណើច​របស់​ អឿត អាង​ ធ្វើ​ឡើង​ដោយ​មិន​ស្របតាម​បទដ្ឋាន​កាត់​ក្តី​លក្ខណៈ​អន្តរជាតិ​ ហើយ​បាន​លើកឡើង​នូវ​ចំណោទ​ច្រើន​ជាង​ចម្លើយ​អំពី​នរណា​ពិត​ជា​នៅ​ពី​ក្រោយ​ការ​សម្លាប់​អ្នកវិភាគ​នយោបាយ​គួរ​ឲ្យ​គោរព​មួយ​រូប ដែល​ហ៊ាន​និយាយ​រិះគន់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ខ្លាំងៗ​នោះ»។

ការ​បាញ់​សម្លាប់​អតីត​អ្នកវិភាគ​នយោបាយ ​និង​កិច្ច​អភិវឌ្ឍន៍​សង្គម​រូប​នេះកើត​មាន​ឡើង​ បន្ទាប់ពី​លោក​បាន​ផ្តល់​ការ​អធិប្បាយ​នានា​ទៅ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ក្តោបក្តាប់​ទ្រព្យ​សម្បត្តិ​រាប់​រយ​លាន​ដុល្លារ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី ​ភ្លាមៗ​ សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ខ្លួន​មាន​ឈ្មោះ​ជួប សម្លាប់​ហើយ​ថា​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ គឺ​ដោយ​សារ​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​រូប​នេះ​ជំពាក់​លុយ​ខ្លួន​ចំនួន​៣០០០​ដុល្លារ​មិន​ព្រម​សង។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​និង​ក្រុម​គ្រួសារ​របស់​លោក​ កែម ឡី​ មិន​អស់​ចិត្ត​និង​បាន​លើក​ឡើង​ថា ​ជួប សម្លាប់​ បាន​ប្រឌិត​ការ​ជំពាក់​បំណុល​នេះ​ឡើង។

ជន​សង្ស័យត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ ប្រាប់ ​VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មាន​មន្ទិល​ជា​ច្រើន​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោកកែម ឡី។

«ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី​ នេះ​ គឺ​ជា​ការ​គំរាម​កំហែង​ បំភិត​បំភ័យ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ ​អ៊ីចឹង​បាន​យើង​ ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​ដែរ​នោះ​ គឺ​ទាម​ទារ​ឲ្យ​មាន​ ការ​បង្កើត​នូវ​គណៈកម្មការ​ឯករាជ្យ​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​រក​អ្នក​ដែល​ពាក់​ព័ន្ធ​ ហើយ​និង​អ្នក​នៅ​ពី​ក្រោយ​ហ្នឹង​ យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់»។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ទាំង​២៤បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា​ដល់​ឯករាជ្យ​ភាព​របស់​ចៅ​ក្រម​ស៊ើប​សួរ​និង​អ្នក​ស៊ើប​អង្កេត មាន​តម្លាភាព​និង​បើក​ចំហរ​សម្រាប់​សាធារណជន​និង​សមាជិក​គ្រួសារ​ជន​រងគ្រោះ។

នាយ​ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​សំណុំ​រឿង​លោក​កែម ឡី​ ត្រូវបាន​បំបែក​ជាពីរ​ ដោយ​មាន​កាត់​ទោស​ជន​ជាប់​ចោទ​ ជួប សម្លាប់​ និង​ការ​ស៊ើប​អង្កេត​បន្ត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

លោក​បាន​បន្ថែម​ថា​ ករណី​លោក ​ជួប សម្លាប់​ បាន​បញ្ចប់​ តែ​ការ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បន្ថែម​លើ​ការ​កាត់​ទោស​ ជួប សម្លាប់​ នោះ​ នៅ​បន្ត​នៅ​ឡើយ។

ក្នុង​ពេល​នេះ​សមាជិក​គ្រួសារ​របស់​សព​លោក​បណ្ឌិត​កែម ឡី និង​អ្នក​គាំទ្រ​របស់​លោក​កំពុង​រៀប​ចំ​ពិធី​បុណ្យ​រំឭក​ខួប​បីឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​រូប​លោក នៅ​ភូមិ​កំណើត​របស់​លោក​នៅ​ឯ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ នៅ​ខេត្ត​បន្ទាយមានជ័យ​និង​នៅ​រាជធានី​ភ្នំពេញ។

ក៏​ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ខេត្ត​បន្ទាយ​មានជ័យ​មិន​ផ្តល់​ការ​អនុញ្ញាត​ដល់​ការ​រៀប​ចំពិធី​នោះ​ទេ៕

XS
SM
MD
LG