កូរ៉េខាង​ត្បូង​រិះគន់​អត្ថា​ធិប្បាយ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថា​ជា​ការ​មិន​ត្រឹម​ត្រូវ​ស្តី​ពី​ទេសចរណ៍​នៅ​កូរ៉េខាង​ជើង

លោក Harry Harris ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ថ្ងៃ​សុក្រ ​បាន​តបត​យ៉ាង​ខ្លាំង​អំពី​អត្ថា​ធិប្បាយ​របស់​លោក Harry Harris​ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិ​បាល​ក្រុង​សេអ៊ូល​ពិគ្រោះ​យោ​បល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​ការ​ប៉ុន​ប៉ង​របស់​ប្រទេស​កូរ៉េខាង​ត្បូង​ក្នុង​ការ​បន្តការ​ធ្វើ​ទេសចរណ៍​ទៅ​កូរ៉េខាង​ជើង។

លោក​ Harris​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​កូរ៉េខាង​ត្បូង​ត្រូវ​តែ​រៀបចំ​ផែនការ​តាម​រយៈ​ក្រុម​ការងារ​រួម​គ្នាមួយ​ដើម្បី​«បញ្ចៀស​ការ​យល់​ច្រឡំ​ក្រោយ​មកដែល​អាច​ធ្វើ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម»។

មន្រ្តី​ម្នាក់​នៅ​ការិយាល័យ​ប្រធានាធិបតី​របស់​កូរ៉េខាងត្បូង ​បាន​ហៅ​កំណត់​សម្គាល់​ទាំង​នោះ​ថា​ «ជា​ការ​មិន​ត្រឹម​ត្រូវ» ​ខណៈ​ដែល​បញ្ជាក់​ថា រដ្ឋាភិ​បាល​ក្រុង​សេអ៊ូល បន្ត​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

មន្រ្តី​កូរ៉េខាង​ត្បូង​រូប​នោះ​ បាន​និយាយ​ថា៖ «បញ្ហា​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរ​កូរ៉េ​ជា​បញ្ហា​សម្រាប់​រដ្ឋាភិបាល​របស់​យើង​សម្រេច»។

ក្រសួង​បង្រួប​បង្រួមជាតិ​របស់​កូរ៉េខាង​ត្បូង​ដែល​ដោះ​ស្រាយ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង ​បាន​បដិសេធ​ពុំ​ឆ្លើយតប​ដោយផ្ទាល់​ទៅ​នឹង​អត្ថាធិប្បាយ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក​ Harris ​ ក៏ប៉ុន្តែ ​អ្នក​នាំ​ពាក្យ ​និយាយថា ​គោល​នយោ​បាយ​របស់​កូរ៉េ​ខាង​ត្បូង​ចំពោះ​កូរ៉េខាង​ជើង​ជា​អធិបតេយ្យ​ភាព​របស់​យើង។

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង ​មាន​ភាព​តាន​តឹង​រួច​ហើយ​ដោយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បង់​ប្រាក់​កាន់​តែ​ច្រើន​ឡើង​ដល់​វត្តមាន​យោ​ធា​សហរដ្ឋ​អាមេរិក​ដែល​ស្ថិត​នៅ​ទី​នោះ៕