ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​អាច​ជំរុញ​ឲ្យ​លោក​ត្រាំ​ប្តូរ​គោល​នយោបាយ​នៅ​ឆ្នាំ​២០២០


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ស្ថិត​នៅ​តំបន់​គ្មាន​កង​ទ័ព នៅ ព្រំដែន​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង កាល​ពី​ខែ​មិថុនា ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ស្ថិត​នៅ​តំបន់​គ្មាន​កង​ទ័ព នៅ ព្រំដែន​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង កាល​ពី​ខែ​មិថុនា ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ​តែង​តែ​និយាយ​ថា ទំនាក់ទំនង​របស់​លោក​ជាមួយ​​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន (Kim Jong Un) មាន​លក្ខណៈ​វិជ្ជមាន​ស្ថិត​ស្ថេរ។

ប៉ុន្តែនៅ​ក្នុង​ឆ្នាំ​២០២០​នេះ ​លោក​ ត្រាំ​ ប្រហែល​មិន​មាន​ជម្រើស​ទេ ដោយ​ត្រូវ​ផ្លាស់​ប្តូរ​របៀប​ដែលលោក​ធ្វើ​ទំនាក់​ទំនង​ជាមួយ​មេដឹកនាំ​កូរ៉េ​លោក​ Kim។

លោក Kim បាន​ដាក់​ឱសានវាទ​ត្រឹម​ចុង​ឆ្នាំ​២០១៩ សម្រាប់ការ​ចរចា​រឿង​នុយក្លេអ៊ែរ ហើយនៅ​សុន្ទរកថា​ឆ្នាំ​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​តម្រុយ​សំខាន់ៗ​អំពី​ទិសដៅ​គោលនយោបាយ​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ឆ្នាំ​២០២០។

នៅ​ក្នុង​អត្ថាធិប្បាយ​របស់​លោក​នៅ​ទី​បញ្ចប់​នៃ​កិច្ច​ប្រជុំ​របស់​គណបក្ស​ចំនួន​ ០៤​ថ្ងៃ មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ​បាន​បង្ហាញ​នូវ​គោល​ជំហរ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​សម្រាប់​រយៈពេល​យូរ​អង្វែង ហើយ​បាន​លើក​ឡើង​ថា ​ប្រទេស​របស់​លោក​អាច​ប្រឈម​ជាមួយ​នឹង​ការ​លំបាក​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​រទៅ​អនាគត។

លោក Kim ថែម​ទាំង​បាន​គំរាម​ចង់​បន្ត​ការ​សាក​ល្បង​កាំ​ជ្រួច​ម៉ីស៊ីល​ឆ្លង​ទ្វីប​ឬ ការ​សាកល្បង​នុយក្លេអ៊ែរ ហើយ​បាន​ព្រមាន​ពិភពលោក​ថា​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ នឹង​ឃើញ​«អាវុធ​យុទ្ធសាស្ត្រ​ថ្មី​មួយ»។

ថ្វី​បើ​លោក ត្រាំ​ និង​មន្ត្រី​សហរដ្ឋ​អាមេរិកមិន​ទាន់​បាន​បង្ហាញ​ការឆ្លើយ​តប​ជា​គោលនយោបាយ​ជាក់​លាក់​ណា​មួយ​ទេ​ទៅ​នឹង​សម្ពាធ​ថ្មី​របស់​កូរ៉េ​ខាង​ជើង​នេះ​ក្តី ដូច​ការ​រំពឹង​ទុក​ពី​តម្រុយ​ឆ្នាំ​ចាស់​ ​មេដឹកនាំ​កូរ៉េ​ខាង​ជើងព្យាយាម​ដាក់​សម្ពាធ​លើ​លោក ត្រាំ​ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ​ប្រសិន​បើ​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិកមិន​ជឿនលឿន​ទៅ​មុខ។

នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កូរ៉េ​ខាង​ជើង​បាន​ព្រមាន​នឹង​ចាប់​ផ្តើម​ឡើង​វិញ​ការ​បាញ់​សាកល្បងកាំជ្រួច​មីស៊ីល​ឆ្លងទ្វីប ឬ​ការ​បង្ក​រឿង​ផ្សេង​ទៀត​ រួម​ទាំង​ការ​ព្រមាន​អំពី​ការ​ជូន «កាដូថ្ងៃ​បុណ្យ​គ្រីស្តម៉ាស‍់‍» មិន​ជាក់លាក់​មួយ​ ដល់​សហរដ្ឋ​អាមេរិក ដែល​មក​ដល់​ពេល​នេះគេ​មិន​ទាន់​ឃើញ​នៅ​ឡើយ។

លោក ត្រាំ​ បាន​បង្ហាញ​ពី​ភាព​អត់ធ្មត់​ខុស​ប្រក្រតី​ចំពោះ​ការ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង ​យ៉ាង​ហោច​ណាស់​បើ​ប្រៀប​ធៀប​នឹង​ឥរិយាបថ​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មុនៗ។ ប៉ុន្តែ​ខណៈ​ដែល​មាន​ភស្តុតាង​កាន់​តែ​ច្រើន​ដែល​បង្ហាញ​ថា យុទ្ធសាស្ត្រ​របស់​លោក​ ត្រាំ​ស ដែល​ធ្វើ​ទំនាក់ទំនង​ជា​បុគ្គល​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង មិន​បាន​ចេញ​ជា​ផ្លែផ្កា​អ្វី​សម្រាប់​កិច្ចប្រជុំ​នុយក្លេអ៊ែរ​នោះ អ្នក​រិះគន់​ក៏​ដូច​ជា​សម្ព័ន្ធមិត្ត​ជា​ច្រើន​របស់​លោក​ ត្រាំ​ អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ។

អ្នកស្រី Rebecca Heinrichs អ្នក​ស្រាវជ្រាវ​អំពីការ​រារាំង​អាវុធ​នុយក្លែអ៊ែរ​និង​ការ​ការពារ​កាំជ្រួច​មីស៊ីល​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​បែប​អភិរក្ស​ Hudson Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែង​ថា «ទោះ​មើល​ពី​ជ្រុង​ណា​ក៏​ដោយ ទាំង​នយោបាយ​ឬ​គោល​នយោបាយ ក៏​គេ​ឃើញ​ច្បាស់​ថា​លោក ត្រាំ​ មិន​អាច​រក្សា​យុទ្ធសាស្ត្រឲ្យ​នៅ​ដដែល​ទេ»។‍

តើ​ផ្លាស់​ប្តូរ​របៀប​ណា?

សំណួរ​សំខាន់​គឺ​ថា​តើ​លោក​ ត្រាំ​ គួរ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រឲ្យ​មាន​លក្ខណៈ​សម្របសម្រួល​ខ្លាំង​ជាង​មុន​ឬ​តិច​ជាង​មុន?

អ្នក​ស្រី Heinrichs ដែល​ការពារ​ផ្នែកខ្លះ​នៃ​យុទ្ធសាស្ត្រ​ប្លែក​ខ្លាំង​របស់​លោក ត្រាំ​ ក្នុង​ការ​ទាក់ទង​ផ្ទាល់​ជាមួយ​លោក Kim និយាយ​ថា សហរដ្ឋ​អាមេរិក​គួរ​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង និងបង្កើត​ឡើង​វិញ​នូវ​សមយុទ្ធ​យោធា​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវ​បាន​កាត់​បន្ថយ​ ដើម្បី​រក្សា​ដំណើរការ​នៃ​ការ​ចរចា​នុយក្លេអ៊ែរ។

អ្នកស្រាវជ្រាវ​រូប​នេះ​ពន្យល់​ថា៖ «ក្នុង​អំឡុងពេល​ផ្តល់​លំហ​ការ​ទូត​ដល់​លោក​ Kim រឿង​ការ​ពង្រឹង​ទណ្ឌកម្ម​សេដ្ឋកិច្ចនិង​ការ​ត្រៀមខ្លួន​ជាមួយ​សម្ព័ន្ធមិត្ត​លែងមាន​សារៈសំខាន់​ដូច​មុន ខណៈ​កម្មវិធីនុយក្លេអ៊ែរ​និង​មុខមាត់​លោក​ Kim កាន់​តែ​មាន​សារៈសំខាន់‍»។

អ្នកស្រី Heinrichs បន្ថែម​យ៉ាង​ដូច្នេះ​ថា «យុទ្ធសាស្ត្រ​ទាំង​មូល​មាន​លក្ខណៈ​ប្រថុយប្រថាន​ខ្លាំង​ណាស់‍»។

អ្នក​វិភាគ​គោលនយោបាយ​ការ​បរទេស​មួយ​ក្រុម​ទៀត​ប្រាថ្នា​ចង់​បាន​យុទ្ធសាស្ត្រ​ដែល​មិន​សូវ​តឹង​តែង​ពេក។ ពួក​គេ​ថា ​មិន​មាន​ភស្តុតាង​ណា​បង្ហាញ​ថា ទណ្ឌកម្ម​នឹងបញ្ចុះ​បញ្ចូល​លោក​ Kim ឲ្យ​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​លោក ហើយ​គោលនយោបាយ​តឹងតែងនឹង​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង។

លោក Joshua Pollack អ្នក​ស្រាវជ្រាវ​អំពី​កូរ៉េ​ខាង​ជើង​នៅ​វិទ្យាស្ថាន Middlebury សម្រាប់​ការ​សិក្សា​អន្តរជាតិ ​និយាយ​ថា ជំនួស​ទៅវិញ លោក ត្រាំ​ គួរ​តែ​ព្យាយាម​ចរចា​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​បណ្តោះ​អាសន្ន​មួយ​ ដែល​ក្នុង​នោះ សហរដ្ឋ​អាមេរិក​ផ្តល់​ឲ្យ​នូវ​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម ឬ​ការ​ផ្អាក​ជា​ផ្លូវការ​ការ​ធ្វើ​សមយុទ្ធ​យោធា ឬ​ផ្តល់​ឲ្យ​លក្ខខណ្ឌ​ទាំង​ពីរ ដើម្បី​ជា​ថ្នូរ​នឹង​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ជា​អចិន្ត្រៃយ៍នូវ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​អន្តរទ្វីប ICBM។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​សួរ​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាង​ត្បូងជា​បន្តបន្ទាប់​មក​ហើយ ហេតុ​ដូច្នេះ​ហេតុ​អ្វី​ក៏​យើង​មិន​យក​បញ្ហាសមយុទ្ធ​មក​ធ្វើ​ជា​ចំណុច​ចរចា​តែ​ម្តង​ទៅ? ធ្វើ​យ៉ាង​ដូច្នេះ​នឹង​អនុញ្ញាត​ឲ្យ​គូភាគី​អាច​មាន​ពេលវេលា​ចរចា»។

គេ​មិន​ប្រាកដ​ប្រជា​ថា​កូរ៉េ​ខាង​ជើង​នឹង​ទទួល​យក​កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​មួយ​នោះ​ទេ។ ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ​កាល​ពី​ដើម​ខែ​ធ្នូ​បាន​ប្រកាស​ថា បញ្ហា​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ មិន​មាន​នៅ​ក្នុង​កិច្ច​ចរចា​ទេ ហើយ​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ក៏​លែង​ចាំបាច់​ទៀត​ដែរ។

លោក ត្រាំ​ មិន​ចាត់​ទុក​ថា​ការ​គំរាមកំហែងមាន​សភាព​ធ្ងន់ធ្ងរ​ទេ

មិន​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា លោក​ប្រធានាធិបតី ត្រាំ​ បាន​ប្តេជ្ញា​ចិត្ត​ផ្លាស់​ប្តូរ​គោលនយោបាយ​ទៅ​តាម​យុទ្ធសាស្ត្រ​មួយ​ណា​ទេ។

លោក​ ត្រាំ​ កម្រ​ពិភាក្សា​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយ​ប្រសិន​បើ​លោក​លើក​យក​បញ្ហា​កូរ៉េ​ខាង​ជើង​មក​និយាយ គឺ​ដើម្បីសង្កត់​ធ្ងន់​ពី​ទំនាក់ទំនង​ល្អ​របស់​លោក​ជាមួយ​លោក Kim។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​គំរាម​របស់​កូរ៉េ​ខាង​ជើង​ដែល​ថា​នឹង​ផ្ញើ​«កាដូ​គ្រីស្តម៉ាស‍់‍» ឲ្យ​អាមេរិក លោក​ ត្រាំ​ បាន​ឆ្លើយ​តប​ថា «ប្រហែល​ការ​ផ្ញើ​កាដូ​នេះ​គឺ​លោក Kim អាច​ផ្ញើ​មក​ខ្ញុំ​នូវ​ថូ​ផ្កា​ស្អាត​មួយ​ជាជាង​ផ្ញើការ​សាក​ល្បង​បាញ់​កាំជ្រួច​មីស៊ីល​នោះ»។

លោក ត្រាំ បាន​បដិសេធ​មិន​ធ្វើ​ការ​រិះគន់​កូរ៉េ​ខាង​ជើង​ខណៈ​ប្រទេស​នេះ​បាន​ធ្វើ​ការ​សាកល្បង​ការ​បាញ់​មីស៊ីល​ចម្ងាយ​ខ្លី​ចំនួន​១៣​លើក កាល​ពី​ឆ្នាំ​២០១៩ បើ​ទោះ​បី​ការ​សាកល្បង​បាញ់​នេះ​បាន​រំលោភ​លើ​សេចក្តី​សម្រេចរបស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​គំរាម​ដល់​ទាហាន​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​ក៏​ដោយ។

សម្រាប់​លោក ត្រាំ​ ការ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើងអាច​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​មុខ​មួយ មួយ​ផ្នែក​ដោយ​សារ​លោក​បាន​អះអាង​ថា ​លោក​បាន​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​នេះ​រួច​ហើយ។

នៅ​ក្រោយ​ជំនួប​ដំបូង​រវាង​លោក ត្រាំ​ និង​លោក Kim នៅ​សិង្ហបុរី លោក ត្រាំ ថ្លែង​ថា លោក​ដឹង​«ជាក់ច្បាស់​» ថា លោក Kim នឹង​ត្រឡប់​ទៅ​ប្រទេស​លោក​វិញ​ហើយ​ចាប់​ផ្តើម​ដំណើរការ​មួយ​ដែល​នឹង​«ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​នឹង​មាន​ការ​សប្បាយ​ចិត្ត​និង​មាន​អារម្មណ៍​ថាមាន​សុវត្ថិភាព»។

លោក ត្រាំ បាន​សរសេរ​ក្នុងបណ្តាញ​ Twitter ក្រោយ​ត្រឡប់​ពី​កិច្ច​ប្រជុំកំពូល​នោះ​ថា «លែងមាន​ការ​គំរាមកំហែងនុយក្លេអ៊ែរ​ពី​កូរ៉េ​ខាង​ជើង​ទៀត​ហើយ»។

មន្ត្រី​សហរដ្ឋ​អាមេរិក រួម​ទាំង​លោក​ ត្រាំ ផង តែង​បាន​ទទូច​ថា​លោក Kim បាន​យល់​ព្រម​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​សិង្ហបុរី​ថា​នឹង​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ទោះ​បីការ​ពិត​ជាក់ស្តែង​ សេចក្តី​ប្រកាស​រួម​ពេល​នោះ​បាន​ចែង​ពី​«ការ​លុបបំបាត់​ទាំង​ស្រុង​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ» ដែល​នេះ​ជា​ការ​ពិពណ៌នា​មិន​ជាក់លាក់​ដែល​បង្ហាញ​ពីសម្បទានមួយ​ចំនួន​ដែល​ភាគី​ទាំង​សង​ខាង​ត្រូវ​ធ្វើ។​

បើ​តាម​ប៉ាន់​ស្មាន​មួយ ចាប់​តាំង​ពី​ក្រោយ​កិច្ច​ប្រជុំ​កំពូល​នៅ​សិង្ហបុរី​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ផលិត​សម្ភារៈ​ដែល​អាច​យក​ទៅ​ធ្វើអាវុធ​នុយក្លេអ៊ែរ​ចំនួន​១០​គ្រាប់​ថែម​ទៀត ដែល​មាន​ន័យ​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ កូរ៉េ​ខាង​ជើង​មាន​សម្ភារៈ​គ្រប់​គ្រាន់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៤០​គ្រាប់។

តើ​លោក ត្រាំ នឹង​ទទួល​ស្គាល់​ការ​បរាជ័យ​ទេ?

ប៉ុន្តែ​អ្នកស្រី Heinrichs ទទូច​ថា វា​មិន​ទាន់​យឺត​ពេល​ទេ​សម្រាប់​ឲ្យ​លោក ត្រាំ ផ្លាស់ប្តូរ​គោល​នយោបាយ​ចំពោះ​កូរ៉េ​ខាង​ជើង ហើយ​ថា ការ​ធ្វើ​ដូច្នេះ​មិន​ចាំ​បាច់​ត្រូវ​ចាត់​ទុក​ជា​ការ​អាម៉ាស់​ខាង​នយោបាយ​ធំ​ដំ​នោះ​ទេ។

អ្នក​ស្រី​ពន្យល់​ថា៖ «ខ្ញុំ​មិន​គិត​ថា​ លោក​ចាំបាច់​នឹង​ត្រូវ​និយាយ​ថា​យុទ្ធសាស្ត្រ​[របស់​លោក​]​បាន​បរាជ័យ​នោះ​ទេ។ ជា​ជាង​និយាយ​ដូច្នេះ លោក​នឹង​ទំនង​បន្ទោស​លោក Kim និង​រដ្ឋបាល​សហរដ្ឋ​អាមេរិក​មុនៗ ដែល​បាន​បន្សល់​ដល់​លោក ត្រាំ នូវ​បញ្ហា​[កូរ៉េ​ខាង​ជើង]​កាន់​តែ​ច្រើន​នេះ»។

ខណៈ​ដែល​សម្តី​របស់​លោក ត្រាំ អំពី​លោក Kim ត្រូវ​បាន​គេ​ចំអក​ក្នុង​ចំណោម​មជ្ឈដ្ឋាន​អ្នកនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ថា​មាន​លក្ខណៈ​ខុស​ការ​ពិត​ឬ​ផ្ទុយ​គ្នា​ អ្នកស្រី Heinrich យល់​ឃើញ​ផ្សេង​ពី​នេះ​ទៅ​វិញ។ អ្នក​ស្រី​យល់​ថា​សម្តី​ទាំង​នេះ​ជា​កិច្ចប្រឹងប្រែង​សរសើរ​លោក Kim ដើម្បី​បន្ទន់​គោលជំហរ​របស់​លោក​នៅ​មុន​កិច្ចព្រមព្រៀង​ធំ​ដុំ​ណា​មួយ។

អ្នក​ស្រី​ថា​ម៉្យាង​ទៀត​យុទ្ធសាស្ត្រ​របស់​លោក ត្រាំ នេះ​ក៏​អាច​ផ្លាស់​ប្តូរ​វិញ​យ៉ាង​ងាយ​ស្រួល ដោយ​អ្នកស្រី​ពន្យល់​ថា៖ «ចំពោះ​ប្រធានាធិបតី​អាមេរិក​ផ្សេង​ណា​ទាំង​អស់​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ផ្លាស់ប្តូរពី​យុទ្ធសាស្ត្រ​តឹងតែង មក​ការ​សរសេរ​សំបុត្រ​សរសើរ រួច​ទៅ​ជា​ដាក់​សម្ពាធ​អតិបរមា។ ខ្ញុំ​មិនគិត​ថា​ការ​ផ្លាស់ប្តូរ​ភ្លាមៗ​បែប​នេះ​ជា​បញ្ហា​ចោទ​សម្រាប់​លោក​ ត្រាំ ទេ។ លោក ត្រាំ ហាក់​បី​ដូច​ជា​មិន​ងាយ​ទទួល​សម្ពាធ​ពីទម្លាប់​អន្តរជាតិ​កន្លង​មក។ ការណ៍​នេះ​ពេល​ខ្លះ​ក៏​បង្កើត​ឱកាស​ចរចា​ការទូត​ដ៏​កម្រ​ដើម្បី​សម្រេច​បាន​អ្វី​មួយ​ ហើយ​ពេល​ខ្លះ​ទៀត​ក៏​បង្កើត​ឲ្យ​មានរឿង​ឈឺក្បាល​យ៉ាង​ខ្លាំង»។

​ជ័យ​ជម្នះ​ភ្លាមៗ​

អ្នក​ខ្លះ​ទៀត​និយាយ​ថា ​លោក ត្រាំ ដែលជា​អតីតតារា​ក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​គិត​គ្រោង​ទុកបែបកម្សាន្ត​ហៅ reality TV និង​ជា​អ្នក​ចរចា​ពូកែ​ម្នាក់ ហាក់​ដូច​ជា​កំពុងស្វះស្វែងបន្សល់​ទុក​នូវជោគជ័យ​មាន​លក្ខណៈ​កេរដំណែល​មួយ​ចំពោះ​បញ្ហា​កូរ៉េ​ខាង​ជើង ហើយ​លោក​នឹង​មិន​ងាយ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​គោល​នយោបាយ​ទេ។

លោក Pollack និយាយ​ថា៖ «ពិត​ណាស់ លោក​ ត្រាំ មិន​អាច​ទទួល​ស្គាល់បរាជ័យ​ទេ‍ ប៉ុន្តែ​លោក​អាច​បង្វែរ​រឿង​នេះ​ឲ្យ​ទៅ​ជារឿង​អ្វី​ផ្សេង​វិញ‍»។

បើ​តាម​អ្នកស្រី Gwenda Blair អ្នក​សរសេរ​ជីវប្រវត្តិ​អំពី​ក្រុម​គ្រួសារ​លោក ត្រាំ ដែល​បាន​តាមដាន​អំពី​កិច្ចព្រមព្រៀង​ចរចា​របស់​លោក​ក្នុង​វិស័យ​អចលនទ្រព្យ​និង​វិស័យ​ផ្សេង​ទៀត​ជា​ច្រើន​ទសវត្សរ៍​មក​ និយាយ​ថា លោក ត្រាំ ជា​ញឹកញាប់​តែងប្រកាស​មុន​ពេល អំពី​ការ​ចរចា​ជោគជ័យ​ ឬ​កិច្ចប្រឹងប្រែង​ចរចា​ណា​មួយ​ សូម្បី​ក្នុង​ករណី​ដែល​ជោគជ័យ​មិន​អាច​ទៅ​រួច​ទាល់តែ​សោះ។

អ្នកស្រី Blair ពន្យល់​ថា៖ «លោក ត្រាំ ប្រាថ្នា​ចង់​សម្រេច​ឲ្យ​បាន​នូវ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ‍»។

​អ្នក​និពន្ធ​ជីវប្រវត្តិ Blair យល់​ថា បំណង​ប្រាថ្នា​របស់​លោក ត្រាំ ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង ដែលអ្នក​ការ​ទូត​អាមេរិក​មិន​អាច​សម្រេច​បាន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ គឺ​ប្រៀប​បាន​នឹង​បំណង​របស់​លោក​ក្នុង​ការ​ទិញ​កោះ Greenland ដែល​លោក​បាន​ប្រកាស​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ។

អ្នកស្រីមាន​ប្រសាសន៍៖ «ការ​ទិញ​បែប​នេះ​បើ​ធ្វើ​បាន​នឹង​ក្លាយ​ជា​រឿង​ធំ​បំផុត​ចាប់​តាំង​ពី​អាមេរិក​បាន​ទិញ​ដែនដី​អាឡាស្កា​មក​ម្ល៉េះ។ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ចាប់​អារម្មណ៍​លក់​កោះ Greenland ទេ។‍»

សួរ​ថា​ តើ​លោក​ប្រធានាធិបតី ត្រាំ នឹង​ធ្វើ​អ្វី​ប្រសិន​បើ​លោក Kim នឹង​មិន​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នោះ? លោក ត្រាំ ខ្លួន​លោក​ធ្លាប់​បាន​ឲ្យ​តម្រុយ​មុន​រួច​ទៅ​ហើយ​អំពី​សេណារីយ៉ូ​បែប​នេះ កាល​ពី​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំកំពូល​នៅ​សិង្ហបុរី។

លោក ត្រាំ ពេល​នោះ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «និយាយ​ត្រង់​ទៅ ខ្ញុំ​គិត​ថា​លោក Kim នឹង​ព្រម​ធ្វើ​តាម​ការ​ព្រមព្រៀង​ទាំង​នេះ។ ខ្ញុំ​អាច​គិត​ខុស។ ខ្ញុំ​ចង់​មាន​ន័យ​ថា នៅ​៦​ខែ​ទៀត​ខ្ញុំ​អាច​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ហើយ​និយាយ​ថា ខ្ញុំ​បានគិត​ខុស។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​នឹង​ទទួល​ស្គាល់​ថា​ខ្ញុំបាន​គិត​ខុស​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​រក​លេស​អ្វី​មួយ​មក​ឆ្លើយ»៕

ប្រែសម្រួល​ដោយ សឹង សុផាត​

XS
SM
MD
LG