ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​កម្មករ​កូរ៉េខាង​ជើង​នៅ​បរទេស​


រូបឯកសារ៖ អគាររតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ អគាររតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិកបាន​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​២​របស់​កូរ៉េខាង​ជើង​ចំពោះ​ការ​នាំ​ចេញ​កម្លាំង​ពលរដ្ឋ​ដែល​ជា​ការ​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជា​ជាតិ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិកបាន​ចេញផ្សាយកាល​ពី​ថ្ងៃ​អង្គារ​កំណត់​អត្ត​សញ្ញាណ​អង្គភាព​ទាំង​នោះ​គឺ ​ក្រុម​ហ៊ុន Korea Namgang Trading Corp ​និង Beijing Sukbakso។

សេចក្តី​ថ្លែងការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹង​ថា «រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ​បន្ត​ប្រើ​ការ​នាំ​ចេញ​កម្លាំង​ពល​កម្ម​កូរ៉េខាង​ជើងខុស​ច្បាប់ដើម្បី​រក​ប្រាក់​ចំណូល​នៅ​បរ​ទេស​ដែល​ជាការ​ផ្ទុយ​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ។ចំណាត់ការ​នៅ​ថ្ងៃ​នេះ ​ដៅលើ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ជើង​និង​ក្រុម​ហ៊ុន​កូរ៉េខាង​ជើង​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ចិន ​ដែល​សម្រប​សម្រួល​ការបញ្ជូន​កម្មករ​របស់​កូរ៉េខាង​ជើង​ទៅ​បរទេស»។

ក្រោម​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៧ ​ប្រទេស​ទាំងអស់ ​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី២២ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​ដើម្បី​បញ្ជូន​កម្មករ​ទាំង​អស់មក​ពី​ប្រទេស​កូរ៉េខាង​ជើង​ចេញ​ពី​ប្រទេស​របស់​ខ្លួន។

ក្រុម​អង្គការ​សិទ្ធិ​មនុស្សជារឿយ​ៗ​បាន​ចោទ​ប្រកាន់​កូរ៉េខាង​ជើង​ពីការ​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ទៅ​បរទេស​ដើម្បី​ធ្វើ​ការ​ដោយ​បង្ខំ​ដើម្បី​ទ្រទ្រង់​សេដ្ឋ​កិច្ច​របស់​ខ្លួន ​ដោយ​ប្រាក់​ខែ​ភាគ​ច្រើន​របស់​ពួក​កម្មករធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​រដ្ឋាភិ​បាល។ កូរ៉េខាង​ជើង ​ត្រូវបាន​គេដឹងឮ​ថា ​បាន​រំលោភ​ច្បាប់ពលកម្ម​អន្តរជាតិ ​នៅពេល​ដែល​បញ្ជូន​កម្មករ​ទៅ​បរទេស ​ដោយ​បាន​ដាក់​ពួកគេ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន។

លោក Steve Mnuchin រដ្ឋមន្រ្តី​រតនាគារ​អាមេរិកនិយាយ​ថា «ការនាំ​ចេញ​កម្មករ​របស់​កូរ៉េខាង​ជើង រក​ប្រាក់​ចំណូល​ខុសច្បាប់​សម្រាប់​រដ្ឋាភិបាល​កូរ៉េខាង​ជើង​ដែល​ជា​ការ​រំលោភ​ការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ»៕

XS
SM
MD
LG