គណៈកម្មាធិការតុលាការព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃសុក្រដើម្បីបញ្ជូនការតែងតាំងលោក Kavanaugh សម្រាប់ដំណែងតុលាការកំពូលទៅកាន់សម័យប្រជុំសភាពេញអង្គ។
ការបោះឆ្នោតនេះ គឺបន្ទាប់ពីបានទទួលសំឡេងឆ្នោតគ្រប់គ្រាន់មកពីលោក Jeff Flake សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋដែលបានគាំទ្រការតែងតាំងលោក Kavanaugh បានស្នើឲ្យពន្យារពេលមួយសប្តាហ៍ទៀត ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ក្នុងការរំលោភផ្លូវភេទដែលចោទប្រកាន់ប្រឆាំងនឹងលោក Kavanaugh នោះ។
សំឡេងឆ្នោតរបស់គណៈកម្មាធិការនោះមានខាងគណបក្សសាធារណរដ្ឋ១១សំឡេងហើយគណបក្សប្រជាធិបតេយ្យ១០សំឡេង ដែលធ្វើទៅតាមបន្ទាត់នយោបាយរបស់គណបក្ស។
ការបោះឆ្នោតសម័យប្រជុំពេញអង្គអាចត្រូវពន្យារពេល ប្រសិនបើការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ត្រូវធ្វើឡើងនោះ។ ព្រឹត្តិការណ៍កាលពីថ្ងៃសុក្រ បានកើតមានឡើងបន្ទាប់ពីលោក Flake សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបានពិគ្រោះជាមួយពួកគណបក្សប្រជាធិបតេយ្យដែលបានទាមទារម្តងហើយម្តងទៀតឲ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ស៊ើបអង្កេតការចោទប្រកាន់នេះ។
លោក Flake បាននិយាយថា «ខ្ញុំមិនរំពឹងថា ពួកគណបក្សប្រជាធិបតេយ្យបោះឆ្នោត គាំទ្រទេ។ ក៏ប៉ុន្តែ មិនត្អូញត្អែថា ការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI មិនកើតមានឡើងនោះទេ។ ប្រទេសនេះបានត្រូវបែកខ្ញែកនៅទីនេះហើយយើងត្រូវធ្វើឲ្យប្រាកដថា យើងធ្វើការប្រកបដោយការយកចិត្តទុកដាក់។ ខ្ញុំគិតថា គណៈកម្មាធិការនេះបានធ្វើការងារយ៉ាងល្អ ក៏ប៉ុន្តែ ខ្ញុំគិតថា យើងអាចឈប់សម្រាកមួយភ្លែតហើយធ្វើឲ្យប្រាកដថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI អាចធ្វើការស៊ើបអង្កេត»៕