ប្រធាននៃគណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាស.រ.អានិយាយថា ស្ត្រីដែលចោទប្រកាន់លោក Brett Kavanaugh អ្នកដែលបានត្រូវស្នើឈ្មោះឱ្យកាន់តំណែងជាចៅក្រមតុលាការកំពូលស.រ.អាថា បានរំលោភខាងភេទលើអ្នកស្រី មានពេលវេលារហូតដល់ថ្ងៃសុក្រព្រឹក ដើម្បីបញ្ជាក់ថា អ្នកស្រីគ្រោងនឹងឆ្លើយជាកសិណសាក្សីនៅចំពោះមុខគណៈកម្មាធិការនេះនៅក្នុងសវនាការមួយនៅថ្ងៃចន្ទ ឬទេ។
លោកស្រី Christine Blasey Ford សាស្ត្រាចារ្យខាងចិត្តវិទ្យានៅក្នុងរដ្ឋ California បានចោទប្រកាន់លោក Kavanaugh ថា បានរំលោភខាងភេទលើលោកស្រីកាលពី៣៦ឆ្នាំមុននេះ នៅពេលអ្នកទាំងពីរនាក់នេះរៀននៅឯវិទ្យាល័យ ដែលជាការចោទប្រកាន់មួយនាំឱ្យលោកស្រី Ford ភ័យខ្លាចអំពីជិវិតលោកស្រី។ លោក Kavanaugh បានបដិសេធការចោទប្រកាន់នេះហើយ។
លោក Chuck Grassley ប្រធានគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាស.រ.អាបាននិយាយនៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃពុធថា «ដូចលោកអ្នកដឹងហើយថា ខ្ញុំនឹងបើកធ្វើសវនាការថ្មីអំពីការតែងតាំងលោកKavanaugh ដោយសារមានការចោទប្រកាន់របស់លោកស្រីបណ្ឌិត Ford។ សវនាការនេះនឹងចាប់ផ្តើមធ្វើទៀតនៅថ្ងៃចន្ទទី២៥ ខែកញ្ញា នៅម៉ោង១០ព្រឹក។ ខ្ញុំបានអញ្ជើញលោកស្រីបណ្ឌិត Ford ឱ្យមកឆ្លើយជាកសិណសាក្សីអំពីការចោទប្រកាន់របស់លោកស្រីប្រឆាំងនឹងលោកចៅក្រម Kavanaugh។ ហើយដោយដឹងថា វាជាការពិបាកបែបណាក្នុងការពិភាក្សាអំពីការចោទប្រកាន់បែបនេះជាសាធារណៈ ខ្ញុំក៏បានស្នើដល់លោកស្រីនូវជម្រើសនៃការធ្វើសវនកម្មជាសាធារណៈ ឬជាសវនកម្មដោយបិទទ្វារ»៕